• 2020-09-15 04:27:30
  • ជំនឿ

សព្វថ្ងៃនេះ ទម្លាប់នៃការចេញចូលច្រកទ្វាមើលប្រាសាទខ្លះ ហាក់ប្រាសចាកពីបុរាណកាល

  • 2020-09-15 04:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកាន់ទម្លាប់នៃការចូលប្រាសាទដូចពីបុរាណកាល គឺរក្សាបានទាំងតម្លៃអភិរក្សប្រាង្គប្រាសាទ និងទេសភាពវប្បធម៌ក្នុងសង្គមខ្មែរដ៏ផូរផង់ ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល៤ ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើតឬខាងលិចដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរ មុខទៅទិសណា។

ដូចករណីនៅបាយ័ន្តនិងកំពែងក្រុងអង្គរធំ គឺមានខ្លោងទ្វារច្រើន ដែលខ្លះចូលចំប្រាសាទ ធំពីខាងកើត តែមនុស្សពុំសូវចេញចូល គេហៅថាខ្លោងទ្វារខ្មោចឬខ្លោងទ្វារខ្វាក់ ហើយច្រកដែលមនុស្សចេញចូលជាប្រចាំ គេហៅខ្លោងទ្វារជ័យ។ រីឯប្រាង្គប្រាសាទខ្លះមានទ្វារទាំង៤មែន តែបិទជិតឈឹងឬចំហ ហៅថាទ្វារបញ្ឆោត ក៏មិនអនុញ្ញាតឱ្យចេញចូលដែរ ដោយសារមានកសិន្ធុជុំវិញ។ ការកសាងខ្លោងទ្វារនិងកំពែងច្រើនដូច្នេះ គឺជាការរៀបចំតាមក្បួនកិច្ចពិធីផង សាសនាផង និងឋានានុក្រមសង្គមផងដែលចាស់បុរាណប្រកាន់ខ្ជាប់បំផុត ប៉ុន្តែសព្វថ្ងៃ ទម្លាប់នៃការចេញចូលច្រកទ្វារខ្លះ ហាក់ប្រាសចាកពីបុរាណកាល ហើយក៏មានភាពសេរី ដោយមិនបានបែងចែកថាខ្លោងទ្វារនេះសម្រាប់ព្រះមហាក្សត្រ ខ្លោងទ្វារនោះសម្រាប់រាស្ត្រសាមញ្ញចេញចូលឡើយ។ ជាក់ស្តែងនៅប្រាសាទអង្គរវត្ត មនុស្សមួយចំនួននិយមចេញ ចូលតាមច្រកខាងកើត ជំនួសឱ្យច្រកចេញចូលខាងលិចវិញ ដើម្បីទៅធ្វើបុណ្យនិងទៅទស្សនាប្រាសាទ ដែលពេល ខ្លះបង្កភាពកកស្ទះនិងការប៉ះពាល់ដល់ប្រាង្គប្រាសាទផង។

តាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ច្រកចេញចូលសំខាន់នៃប្រាសាទអង្គរវត្ត គឺមានតែមួយគត់ គឺនៅខាងលិច ឯច្រកខាងកើតគ្រាន់តែធ្វើបណ្តោះ អាសន្នសម្រាប់កិច្ចការអភិរក្សដើម្បីយកគ្រឿងចក្រទៅជួសជុលប្រាសាទខាងក្នុង ជាពិសេសថែវខាងត្បូងដែលបែកបាក់កាលសម័យបារាំង និងសម័យក្រោយៗមកទៀត ព្រមទាំងការចេញចូលរបស់ព្រះសង្ឃដែលគង់នៅវត្តអង្គរខាងជើងនិងខាងត្បូងប៉ុណ្ណោះ។ បើនៅខាងកើតអង្គរវត្តមានច្រកចូលសំខាន់មែននោះ គឺច្បាស់ជាមានស្ពានហាល ផ្លូវចូលក្រាលថ្ម មានរបងល្អដូចខាងលិចពុំខាន មិនមែនមានត្រឹមទំនប់ទឹកនោះទេ។ ជាក់ស្តែងកាលពីដើមឡើយ ទាំងអ្នកអភិរក្ស ទាំងប្រជាជន ទាំងភ្ញៀវមកទស្សនា គឺចេញចូលតែខ្លោងទ្វារខាងលិចប៉ុណ្ណោះ។

សង្កត់ធ្ងន់លើការផ្លាស់ប្តូរទម្លាប់ចេញចូលប្រាសាទ អង្គរវត្តនាបច្ចុប្បន្ន ដើម្បីទៅធ្វើបុណ្យឬទៅទស្សនាដោយចូលពីច្រកខាងកើតវិញ លោក សុខរិទ្ធី ថាមកពីការប្រញាប់ប្រញាល់ ពុំមានការគោរពសណ្តាប់ធ្នាប់ល្អ ភាពទំយើររបស់មនុស្ស ចង់បានស្រួល ចង់បានលឿន ទៅធ្វើបុណ្យដើម្បីបង្គ្រប់តែកិច្ច ពុំទាន់មានទម្លាប់ល្អក្នុងការចូលប្រាសាទជាទីសក្ការៈ។ បើប្រៀបធៀបនឹងបណ្តាប្រទេស ជិតខាងដែលគេគោរពសាសនាព្រះពុទ្ធដូចយើងដែរ ឃើញថាគេមានទម្លាប់ល្អ មានការគោរពទីសក្ការៈ មានសណ្តាប់ធ្នាប់ ពេលគេចេញ ចូលទស្សនាប្រាសាទទៅគោរពបូជានិងធ្វើបុណ្យ។ អាជ្ញាធរជាតិអប្សរាក៏កំពុងរៀបចំសណ្តាប់ធ្នាប់ បង្កើតជាទីលានចំណតនៅខាងលិច កន្លែងលក់ដូរ។ល។និង។ល។ ដោយសង្ឃឹមថាសណ្តាប់ធ្នាប់ល្អនឹងត្រូវបានចូលរួមអនុវត្តជាបណ្តើរៗ។

លោក សុខរិទ្ធី បានលើកឡើងថា អង្គរវត្ត គឺជាអត្តសញ្ញាណជាតិ ប្រដិស្ឋនៅលើទង់ជាតិខ្មែរ ហើយដែលគ្មាននរណាអាចបង្អាប់ជាន់ឈ្លីបាន។ នេះហើយជាមូលហេតុដែលខ្មែរយើងគួរនាំគ្នាចូលរួមគោរពនិងលើកតម្កើង។ វាជាការល្អណាស់ បើមនុស្សទូទៅដើរទៅទស្សនាប្រាសាទឬទៅធ្វើបុណ្យដោយឆ្លងច្រកខាងលិច កាត់តាមកសិន្ធុ ស្លៀកហូល ផាមួង អាវស អាវប៉ាក់ កាន់ចានស្រាក់ រែកអង្រែកម្ហូបអាហារ មានផ្លែឈើ នំអន្សមទៅធ្វើបុណ្យនោះ វាសមនឹងភាពផូរផង់នៃវប្បធម៌ខ្មែរតពីបុរាណដែលមានតម្លៃដ៏ខ្ពង់ខ្ពស់។

វាដូចគ្នានឹងប្រទេសជិតខាងមានទ្បាវ ភូមា ថៃជាដើម ដែលពុទ្ធបរិស័ទជ្រះថ្លានឹងសាសនា គោរពប្រណិប័តន៍ប្រពៃណី វត្តអារាម និងបុរាណដ្ឋានដែរ។ បើអាចមានដូច្នេះមែន រូបភាពមនុស្សចេញចូលអង្គរកាលពីសម័យមុនៗ ដែលយើងតែងចែករំលែកគ្នាតាមបណ្តាញសង្គមនោះនឹងមានពិតមែន ហើយបន្តរស់រវើកដល់ឥទ្បូវ និងមិនមែនជារូបភាពគ្រាន់ជាអនុស្សាវរីយ៍ទៀតទ្បើយ។ នោះយើងអាចការពាររក្សាបាននូវទេសភាពវប្បធម៌ ជួយដល់បរិស្ថាន បន្ថយផ្សែងពុល លើកតម្លៃ និងការអភិរក្សប្រាង្គប្រាសាទផង តាមរយៈបន្ថយទម្ងន់សង្កត់ បន្ថយលំញ័រ ភាពកកស្ទះនៃចរាចរណ៍នាំប៉ះពាល់រចនាសម្ពន្ធប្រាសាទ។យើងក៏បានជួយរក្សាតម្លៃរតនវត្ថុដែលដូនតាខ្មែរបន្សល់ទុកឱ្យនិងបន្តទៅមនុស្សជំនាន់ក្រោយៗទៀត៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

មតិយោបល់