• 2020-10-12 03:08:14
  • ការអប់រំ

ទូតម៉ាឡេស៊ី សរសើរ​ទំនាក់ទំនងជាមួយ​កម្ពុជា ក្នុង​ថ្ងៃជួបជុំ​ក្រុម​អតីតនិស្សិត MTCP

  • 2020-10-12 03:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានរៀបចំកម្មវិធីពិសាភោជនាអាហារ សម្រាប់ក្រុមអតីតនិស្សិតកម្មវិធីអាហារូបករណ៍ MTCP (Malaysian Technical Cooperation Programme) កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ នៅសណ្ឋាគារ​ Rosewood Phnom Penh ក្រោមអធិបតីភាពលោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក Eldeen Husaini Mohd Hashim ថតរូបអនុស្សាវរីយ៍​ជាមួយ​សមាជិក MTCP Alumni

នៅចំពោះមុខ​អតីតនិស្សិត និងភ្ញៀវកិត្តិយស​ប្រមាណជាង ៣០នាក់ លោក Eldeen Husaini Mohd Hashim បាន​មាន​ប្រសាសន៍ថា ទំនាក់ទំនងដ៏​រឹងមាំរវាងម៉ាឡេស៊ី និងកម្ពុជា ត្រូវបានគាំទ្រដោយ​ទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជននៃប្រទេសទាំង២។ MTCP បានជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

លោក​ឯកអគ្គរដ្ឋទូត​ ក៏បានបន្ថែមដែរថា កិច្ច​សហប្រតិបត្តិការ​​នេះ នឹង​ជម្រុញ​លើកទឹកចិត្ត ឱ្យមានការចូលរួមនាពេលអនាគតបន្ថែមទៀត ពីមន្រ្តីកម្ពុជានៅក្នុង MTCP ដែល​មិនត្រឹមតែ​ផ្តល់អត្ថប្រយោជន៍​ដល់ទំនាក់ទំនងទ្វេភាគី​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្នុងការអភិវឌ្ឍអាជីពរបស់អ្នកចូលរួមផងដែរ។

លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

នេះគឺជាកម្មវិធីលើកទី៣ហើយ ដែល​ស្ថានទូតម៉ាឡេស៉ី បានរៀបចំ​កម្មវិធីសម្រាប់អតីតនិស្សិត MTCP ក្នុងឆ្នាំនេះ ដែល​ពីរលើកដំបូង បានប្រារព្ធឡើងកាលពីខែមិថុនា ដោយមាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី លី ធុច និងទេសរដ្ឋមន្រ្តី អូស្មាន ហាសាន់។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ឱ្យមានការចូលរួម និងកសាងនូវចំណងមិត្តរឹងមាំយូរអង្វែងជាមួយអតីតនិស្សិត MTCP។ មិនតែប៉ុណ្ណោះ វាក៏ដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រឹងបណ្តាញទាក់ទងរវាងស្ថានទូតម៉ាឡេស៉ី ប្រជាពលរដ្ឋម៉ាឡេស៉ីដែលរស់នៅប្រទេសកម្ពុជា និងអតីតនិស្សិត MTCP របស់កម្ពុជាផងដែរ។

លោក Eldeen Husaini Mohd Hashim ថតរូបអនុស្សាវរីយ៍​ជាមួយ​មន្រ្ដីរាជរដ្ឋាភិបាលកម្ពុជា

សូមបញ្ជាក់ផងដែរថា កម្ពុជា បានក្លាយជាប្រទេសដែលបានទទួលបានកម្មវិធីអាហារូបករណ៍ MTCP កាលពីឆ្នាំ១៩៩១ ហើយមកទល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជាសរុបច្រើនជាង១,៦០០នាក់ បានចូលរួមក្នុងវគ្គសិក្សានៃកម្មវិធីនេះ។ ជារៀងរាល់ឆ្នាំ បណ្តាគ្រឹះស្ថានបណ្តុះបណ្តាលនាំមុខគេរបស់ម៉ាឡេស៉ី ផ្តល់នូវវគ្គសិក្សាឯកទេសរយៈពេលខ្លីច្រើនជាង៥០ ក្នុងជំនាញជាច្រើនដូចជា៖ កសិកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម អប់រំ បរិស្ថាន បណ្តុះបណ្តាលបច្ចេកទេសឧស្សាហកម្ម ការទូត គ្រប់គ្រងនិងរដ្ឋបាលសាធារណៈ សង្គម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មានគមនាគមន៍ (ICT) ជាដើម៕

មតិយោបល់