• 2020-12-30 07:11:25
  • ការអប់រំ

​ទម្លាប់​ ១០​ប្រការ​របស់​ឪពុក​ម្ដាយ ដែល​អាច​​បំផ្លាញ​អនាគត​កូន​ទាំង​ស្រុង

  • 2020-12-30 07:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​គ្រប់​គ្នា​សុទ្ធ​តែ​ស្រឡាញ់​កូន​របស់​ខ្លួន គ្រាន់​តែ​​វិធីក្នុង​ការ​ចិញ្ចឹម​​អប់រំ​កូន​ក៏​​មាន​បែបផែន​ខុស​ៗ​គ្នា។ អ្វី​ដែល​ឪពុក​ម្ដាយ​ធ្វើ​គឺ​រំពឹង​ឲ្យ​កូន​​បាន​ល្អ ដើម្បី​អនាគត​កូន​ទៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​​ឪពុក​ម្ដាយ​មួយ​ចំនួន​អាច​នឹង​ស្រឡាញ់​កូន​ខុស​របៀប រហូត​​ប្រែ​ជា​ធ្វើ​បាប​កូន​ទៅ​វិញ។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​ទង្វើ​ ១០​ប្រការ​ដែល​ឪពុក​ម្ដាយ​អាច​បំផ្លាញ​កូន​​របស់​ខ្លួន​ដោយ​អចេតនា​៖

ប្រការ​ទី​១៖ ធ្វើ​បាប​កូន​ដោយ​ស្រឡាញ់​កូន​ខ្លាំង​ពេក។ លទ្ធផល​នោះ​គឺ​នឹង​បង្ក​​ឲ្យ​មាន​ក្ដី​ស្រឡាញ់​ដែល​ងប់ងល់ មើល​ឃើញ​កូន​ខ្លួន​ឯង​ត្រូវ​ជានិច្ច ល្អ​ជាង​អ្នក​ដទៃ​ជានិច្ច ដែល​ធ្វើ​ឲ្យ​កូន​ក្លាយជា​មនុស្ស​មាន​អំនួត​ខ្ពស់ ជឿជាក់​ខ្លួន​ឯង​ក្នុង​ផ្លូវ​ដែល​ខុស ចូល​ចិត្ត​មើល​ងាយ​អ្នក​ដទៃ ចូលចិត្ត​បង្ក​រឿង ប៉ុន្តែ​មិន​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ជា​អ្នក​បង្ក។

ប្រការ​ទី​២៖ ធ្វើ​បាប​កូន​ដោយ​​ធ្វើ​តាម​ចិត្ត​កូន​ច្រើន​ខ្លាំង​ពេក។ លទ្ធផល​នោះ​គឺ ឪពុក​ម្ដាយ​ក្លាយ​ជា​​ខ្ញុំ​បម្រើ​របស់​កូន ចំណែក​កូន​នឹង​ក្លាយ​ជា​កូន​ទំនើង ដែល​ឪពុក​ម្ដាយ​​ត្រូវ​តែ​ព្រម​​ផ្ដល់​គ្រប់​យ៉ាង​តាម​ចិត្ត​របស់​គេ។ ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ បើ​សិន​ឪពុក​ម្ដាយ​មិន​ព្រម​ធ្វើ​តាម​ចិត្ត​គេ កូន​ខ្លះ​អាច​ដល់​ថ្នាក់​ធ្វើ​បាប​ឪពុក​ម្ដាយ​ទៅ​ទៀត។

ប្រការ​ទី​៣៖ ធ្វើ​បាប​កូន​​ដោយ​មិន​ហ៊ាន​ហាម​កូន​ និង​​ប្រដៅ​កូន​ពេល​កូន​ធ្វើ​ខុស ធ្វើ​អាក្រក់ ធ្វើ​អំពើបាប។ លទ្ធផល​នោះ​គឺ កូន​​លែង​មាន​ការ​ភ្ញាក់ខ្លួន មិន​អាច​បែង​ចែក​អ្វី​ល្អ​ អ្វី​អាក្រក់ រហូត​ក្លាយ​ជា​ជន​អន្ធពាល ធ្វើ​បាប​គេ​ឯង​គ្រប់​គ្នា។

ប្រការ​ទី​៤៖ ធ្វើ​បាប​កូន​ដោយឲ្យ​លុយ​កូន​​ចាយ​មួយ​ស្រឡាញ់។ លទ្ធផល​នោះ​គឺ កូន​​នឹង​លែង​ដឹង​ពី​តម្លៃ​លុយ មិន​មើល​ឃើញ​​គុណតម្លៃ​អ្នក​រក​លុយ និង​ឲ្យ​លុយ​គេ​ចាយ ទោះ​បី​រក​លុយ​បាន​ប៉ុណ្ណា​ក៏​ចាយ​មិន​គ្រប់ ហើយ​​ជីវិត​​វិញ​កាន់​តែ​យ៉ាប់​ទៅ​ៗ។

ប្រការ​ទី៥៖ ធ្វើ​បាប​កូន​ដោយ​មិន​ឲ្យ​កូន​​ចេះ​ពឹងពាក់​ខ្លួន​ឯង ដោយ​ខ្លាច​ថាកូន​​លំបាក​​បើ​សិន​ ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង។ លទ្ធផល​នោះ​គឺ​ កូន​នឹង​ធំ​ឡើង​ក្លាយ​ជា​​មនុស្ស​ដែល​រស់​នៅ​ដោយ​ខ្លួន​ឯង​មិន​បាន មិន​ចេះ​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង អាយុ​កាន់​តែ​ច្រើន កាន់​តែ​ជា​បន្ទុក​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន។

ប្រការ​ទី​៦៖ ធ្វើ​បាប​កូន​ដោយ​​មិន​ជ្រោមជ្រែង​ឲ្យ​កូន​បាន​​​រៀន​សូត្រ​សមរម្យ ដោយ​រវល់​តែ​យក​លុយ​បណ្ដាក់​ទុន​​លើ​ជំនួញ​វាល់​លាន​របស់​ខ្លួន ប៉ុន្តែ​មិន​ហ៊ាន​ដាក់ទុន​​ដើម្បី​កសាង​កូនឲ្យ​​ក្លាយ​ជា​បញ្ញាជន។ លទ្ធផល​នោះ​គឺ កូន​ធំ​តែ​ខ្លួន ប៉ុន្តែ​មាន​គំនិត​បញ្ញា​តូច​ចង្អៀត ខ្វះ​ខាត​ទាំង​ការ​គិត ការ​ប្រើ​ហេតុផល ​មិន​អាច​ធ្វើការ និង​ពិបាក​ចូល​សង្គម។

ប្រការ​ទី​៧៖ ធ្វើ​បាប​កូន​ដោយ​​រវល់​តែ​ជួយ​សង្គ្រោះ​អ្នក​ក្រៅ​​ ប៉ុន្តែ​ភ្លេច​​ថា​អ្នក​ដែល​ខ្លួន​ត្រូវ​ជួយ​សង្គ្រោះ​មុន​ មើល​ថែ​មុន និង​ផ្ដល់​ក្ដី​ស្រឡាញ់​​មុន​គេ​ គឺ​កូន។ លទ្ធផល​នោះ​គឺ បើ​ទោះ​បី​អ្នក​ក្លាយ​ជា​បុគ្គល​សប្បុរសធម៌​ដ៏​ជោគជ័យ​នៅ​ខាង​ក្រៅ​ផ្ទះ​ក៏​ដោយ ប៉ុន្តែ​អ្នក​នឹង​ក្លាយ​ជា​ឪពុក​ម្ដាយ​ដែល​បរាជ័យ​នៅ​ក្នុង​ផ្ទះ ហើយ​កូន​ៗ​នឹង​ក្លាយ​ជា​ក្មេង​ដែល​ខ្វះ​ខាត​ក្ដី​ស្រឡាញ់ ភាព​កក់ក្ដៅ ដែល​ធ្វើ​ឲ្យ​គេ​​ពិបាក​នឹង​ផ្ដល់​ក្ដី​ស្រឡាញ់ និង​ភាព​កក់ក្ដៅ​ឲ្យ​អ្នក​ណា​បាន​ទៅ​អនាគត។

ប្រការ​ទី​៨៖ ធ្វើ​បាប​កូន​ដោយ​​មិន​ព្រម​ជ្រោមជ្រែង​ សរសើរ​កូន​ ពេល​កូន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀន​សូត្រ ក្នុង​ការងារ ឬ​ក្នុង​ជំនួញ​ផ្សេង​ៗ។ លទ្ធផល​នោះ​គឺ​នឹង​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ចិត្ត​ចង្អៀត មិន​ចេះ​សរសើរ​លើក​ស្ទួយ​អ្នក​ណា នៅ​ពេល​ឃើញ​អ្នក​ដទៃ​ទទួល​បាន​ជោគជ័យ គឺ​ដឹង​តែ​ច្រណែន​គេ។

ប្រការ​ទី​៩៖ ធ្វើ​បាប​កូន​ដោយ​មិន​បង្រៀន​កូន​ឲ្យ​ស្គាល់​បាប​បុណ្យ​គុណ​ទោស។ លទ្ធផល​នោះ​គឺ នៅ​ពេល​កូន​ធំ​ឡើង គេ​អាច​នឹង​ប្រព្រឹត្ត​ខុស​ដោយ​មិន​គិត​ថា​ខ្លួន​ខុស មើល​មិន​ឃើញ​ភាព​ចាំបាច់​ដែល​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ កូន​ល្អ​​ កត្តញ្ញូ​ជាមួយ​ឪពុក​ម្ដាយ ឬ​អ្នក​មាន​គុណ​ណា​ឡើយ។

ប្រការ​ទី​១០៖ ធ្វើ​បាប​កូន​ដោយ​មិន​បង្រៀន​កូន​ឲ្យ​ចេះ​ចែក​រំលែក​ដល់​អ្នក​ដទៃ។ លទ្ធផល​នោះ​គឺ ពេល​ធំ​ឡើង គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​អាត្មា​និយម កេង​ប្រវ័ញ្ច មើល​ឃើញ​តែ​ផល​ប្រយោជន៍​ខ្លួន​រហូត​​មើល​លែង​ឃើញ​អ្នក​ដទៃ។

បើ​អ្នក​ជា​ឪពុក​ម្ដាយ​បាន​អាន​ព្រម​ទាំង​កំពុង​ប្រព្រឹត្ត​ទង្វើ​មួយ ឬ​ច្រើន​ក្នុង​ចំណោម ១០​ខាង​លើ​នេះ សូម​ប្រញាប់​បញ្ឈប់ មុន​នឹង​គ្រប់​យ៉ាង​ហួស​ពេល​ ព្រោះ​ការ​អប់រំ​កូន​​ក្នុង​ផ្លូវ​ដែល​ត្រឹមត្រូវ​គឺ​ប្រៀប​ដូច​ជា​ពន្លឺ​ភ្លើងទៀន ដែល​បំភ្លឺ​ផ្លូវ​ឲ្យ​កូន​បាន​ទៅ​ដល់​កន្លែង​ដែល​ល្អ ប៉ុន្តែ​បើ​អ្នក​ជា​ឪពុក​ម្ដាយ​ដែល​មាន​គ្រប់​ចំណុច​ទាំង​នេះ គឺ​មិន​ខុស​អ្វី​ពី​សាង​បាបកម្ម​ឲ្យ​កូន និង​បំផ្លាញ​អនាគត​របស់​គេ​ដូច្នោះ​ដែរ ៕

មតិយោបល់