• 2021-09-14 11:45:00
  • ការអប់រំ

គួរចាត់ចែងលុយកាក់បែបណា កុំឱ្យខ្វះខាតរាល់ចុងខែពិសេសពេលជិតដល់បុណ្យទានធំៗ

  • 2021-09-14 11:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះមានមនុស្សមួយចំនួនដែលប្រឈមនឹងបញ្ហា ឬពិបាកចាត់ចែងលុយកាក់របស់ខ្លួនឱ្យបានល្អ ជាហេតុធ្វើឱ្យចាយលុយសល់ថ្ងៃ ឬដាច់យ៉ៃនៅរាល់ចុងខែ។ ដូច្នេះហើយដល់ពេលមានបុណ្យទានធំៗម្តងៗ និងឈានដល់ការខ្ចីលុយពីបងប្អូន មិត្តភក្តិ និងអ្នកដ៏ទៃជាដើម។ ពួកគេនឹងតែងតែធ្វើបែបនេះជារៀងរាល់ខែរហូតដល់ក្លាយទៅជាទម្លាប់ធ្លាក់ខ្លួនចូលទៅក្នុងបំណុលដោយមិនដឹងខ្លួន។ តោះ! យើងមកដឹងគន្លឹះខ្លះៗ ដើម្បីសម្រួលដល់ការចំណាយជាប្រចាំ និងអាចរីករាយពេលមានបុណ្យទានម្តងៗ ពិសេសគឺបុណ្យភ្ជុំបិណ្ឌខាងមុខ។ ដោយសារបរិបទនៃការរស់នៅក្នុងអំលុងពេលការរាលដាលនៃជំងឺកូវីដ ១៩ យើងទាំងអស់គ្នាក៏មិនភ្លេចការការពារខ្លួន និងវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខសប្បាយទាំងអស់គ្នា។​

១.បង្កើតការការពារជាមុន ដោយដកប្រាក់សន្សំបម្រុងទុកមុនពេលចំណាយពេលមានកម្មវិធីបុណ្យទាន

ប្រាក់សន្សំបំរុងទុក ដែលអាចចាយបានក្នុងរយៈពេល៦ខែ។ អ្នកមានម្ចាស់ការផ្នែកហិរញ្ញវត្ថុ សម្រាប់មនុស្សដែលមានលំនឹងសេដ្ឋកិច្ចស្រាប់ អ្នកគួរទុកខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកជាអាទិភាព។ នៅពេលដែលលោកអ្នកបើកប្រាក់ខែ ឬក៏បានចំណូលពីអាជីវកម្មមកភ្លាម រឿងដំបូងដែលត្រូវធ្វើនោះ គឺដកលុយសន្សំ មុនធ្វើការចំណាយ។ អ្នកអាចដកប្រាក់សន្សំយ៉ាងតិចបំផុត ៥ ទៅ១០ភាគរយនៃចំណូលប្រចាំខែ ឬលើសពីនេះ ទៅតាមលទ្ធភាពរបស់បុគ្គលម្នាក់ៗ។ ក្នុងករណីមានកិច្ចការជាបន្ទាន់ ឬអាសន្នណាមួយអ្នកមានប្រាក់អាចយកប្រើការបានដោយមិនចាប់ ចាំតែខ្ចីគេប្រើមុន។

២.បែងចែកចំណាយឱ្យបានច្បាស់លាស់ និងកុំចាយទៅតាមចំណង់

ការរៀបចំផែនការ នៃការចំណាយប្រចាំខែឱ្យបានច្បាស់លាស់គឺធានាសុវត្ថិភាពសម្រាប់ទ្រព្យធនរបស់ខ្លួនបាន។ សំណួរងាយៗចំពោះខ្លួនឯង ថាតើក្នុងមួយខែអ្នកចំណាយលុយអស់ប៉ុន្មាន? និងដកអស់ប៉ុន្មានលើអ្វីខ្លះ? លើសពីចំណូលដែលខ្លួន រកបានដែរឬទេ? ហើយមានទុកសម្រាប់សន្សំអត់? ក្នុងករណីចំណាយលើសពីចំណូល ប្រាកដណាស់អ្នកនឹងជំពាក់បំណុលគេ។

អីចឹងកុំឲ្យអស់លុយសល់ថ្ងៃ ឬឈានដល់ការខ្ចីលុយពីសាច់ញាតិ ឬអ្នកដទៃ គឺមិនត្រូវចាយលុយទៅតាមអារម្មណ៍ ឬតាមតែចំណង់ចំណូលចិត្តពេក ដូចជា៖ ទិញខោអាវ ស្បែកជើងថ្មីៗច្រើនពេកក្នុងមួយខែៗឥតឈប់, ទិញទូរស័ព្ទដៃទំនើបថ្លៃៗដូរម៉ូត ឬបង់រំលស់ និងទិញរបស់របរសម្ភារនិយមជាដើមដែលមិនចាំបាច់ ជាពិសេសចាយលុយបែបហ៊ឺហាបែបអ្នកមាន ទាំងខ្លួនឯងកំពុងខ្វះខាតនៅឡើយ។

៣.ការវិនិយោគ និងបង្កើនចំណូលឱ្យបានច្រើនច្រក

គួរធ្វើការវិនិយោគលុយរបស់អ្នក ឱ្យបានត្រឹមត្រូវ និងមានប្រភពចំណូលច្រើនច្រក បន្ទាប់ពីសម្រាកពីការងារពេញម៉ោង លោកអ្នកអាចរកការងារក្រៅម៉ោងធ្វើបានខ្លះ ទៅតាមចំណេះដឹង និងជំនាញរបស់បុគ្គលខ្លួនឯងរៀងៗខ្លួន និងត្រូវអភិវឌ្ឍនជំនាញរបស់ខ្លួនឱ្យខ្លាំងជាងមុន ដើម្បីបង្កើនប្រភពចំណូលបន្ថែមពីលើប្រាក់ខែហើយត្រូវចេះថ្លឹងថ្លែងអំពីហានិភ័យ នឹងប្រើប្រាស់លុយរបស់ខ្លួនលើការវិនិយោគ ឬទ្រព្យសកម្ម ដែលមើលទៅអាចធានាសុវត្ថិភាព។ ។

អត្ថបទ៖ សិរីរតន៍

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី