• 2021-11-12 01:21:28
  • ការអប់រំ

មកដឹងអំពីមិត្តទាំង៧ប្រភេទ ដែលអ្នកគួរសេពគប់ ក្នុងវ័យកំពុងសិក្សា

  • 2021-11-12 01:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងជារឿងសំខាន់ ជាពិសេសគឺការបង្កើតមិត្ត។ អ្នកមិនអាចរស់នៅក្នុងសង្គមមួយតែម្នាក់ឯងដោយមិននិយាយរកអ្នកណាម្នាក់នោះទេ ជាពិសេសនៅក្នុងជីវិតសិក្សា។ ខាងក្រោមនេះជាប្រភេទមិត្តដែលនឹងចូលមកក្នុងជីវិតរបស់អ្នក ឬអ្នកស្វែងរកពួកគេ តាមវិធីផ្សេងៗ។

១. ប្រភេទមិត្តរូបពីរចិត្តមួយ

មិត្តប្រភេទនេះត្រូវបានគេចំណាត់ថ្នាក់ក្នុងប្រភេទមិត្តលំដាប់ទី១ ព្រោះជាមិត្តដែលយល់ពីអ្នកបានច្រើន មិនបាច់និយាយប្រាប់គ្រប់រឿង តែក៏ដឹងគ្រប់យ៉ាង មើលត្រឹមខ្សែភ្នែក ក៏អាចឱ្យអ្នកមានអារម្មណ៍កក់ក្តៅឡើងមក។ មិត្តប្រភេទនេះ គាំទ្រអ្នក ការពារអ្នក ព្រោះគេដឹងថាអ្នកត្រូវការអ្វី ហើយខ្វះខាតអ្វី។

២. ប្រភេទមិត្តដែលនាំអ្នកធ្វើរឿងដែលអ្នកមិនធ្លាប់ធ្វើពីមុនៗមក

ប្រសិនបើមានមនុស្សម្នាក់បបួលអ្នកទៅធ្វើរឿងដែលអ្នកមិនធ្លាប់សូម្បីតែគិតថាចង់ធ្វើ ចូលសាកល្បងទៅ ប៉ុន្តែត្រូវពិចារណាផងថាជារឿងល្អដែរឬអត់? ឧទាហរណ៍ជាក់ស្តែង អ្នកជាមនុស្សដែលចូលចិត្តអ្វីងាយៗ ទាំងឥលូវមនុស្សជាច្រើនចូលចិត្តធ្វើអ្វីមួយដែលមានការប្រកួតប្រជែងនឹងជីវិតរបស់ពួកគេ។ បើមានអ្នកនាំផ្លូវហើយ អ្នកគ្រាន់តែអនុវត្តសោះ ហេតុអ្វីមិនសាកទៅ?

៣. ប្រភេទមិត្តដែលទូន្មានប្រៀនប្រដៅអ្នកដូចម្តាយឪពុក

ធ្លាប់មានអារម្មណ៍ថានៅជាមួយមិត្តតែដូចនៅជាមួយឪពុកម្តាយដែរឫទេ? បើអ្នកមានមិត្តដែលតែងតែទូន្មានប្រដៅ ផ្តល់គំនិតល្អៗ ចែករំលែកបទពិសោធដែលខ្លួនធ្លាប់បានឆ្លងកាត់ និងណែនាំអ្នកឱ្យបានស្គាល់មនុស្សល្អៗជាច្រើនទៀត ហើយការពារអ្នកដូចជាសមាជិកគ្រួសារ អ្នកគួរតែរក្សាមិត្តភាពបែបនេះឱ្យបានគង់វង្ស។

៤. ប្រភេទមិត្តដែលមានវប្បធម៌ និងការរស់នៅផ្សេងពីអ្នក

បើអ្នកគិតថា រាប់អានមិត្តភក្តិទាល់តែអ្នកដែលមានជាតិសាសន៍តែមួយ អ្នកកំពុងតែគិតខុសហើយ។ អ្នកគួរបើកចិត្តទទួលយកមិត្តភក្តិដែលមានវប្បធម៌ផ្សេងពីអ្នក ហើយចែករំលែកឱ្យគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នានូវអ្វីដែលអាចយកមកអភិវឌ្ឍន៍ខ្លួនឯង និងប្រទេសជាតិ។

៥. ប្រភេទមិត្តដែលមានទស្សនៈផ្ទុយពីអ្នក

មនុស្សម្នាក់ៗ មានហេតុផលក្នុងការរស់នៅផ្សេងៗពីគ្នា ប្រសិនមនុស្សម្នាក់ ដែលអ្នកហៅថាមិត្ត ប៉ុន្តែមានគំនិតផ្ទុយពីអ្នក នេះបានន័យថា គេនឹងមិនធ្វើតាមអ្វីដែលអ្នកនិយាយនោះទេ ព្រោះគេមានគោលការក្នុងការរស់នៅ ហើយថែមទាំងមានហេតុផលច្បាស់លាស់នៅក្នុងការសម្រេចចិត្តថែមទៀតផង។ មិត្តប្រភេទនេះ អ្នកគួរតែមានយ៉ាងតិចក៏ម្នាក់ដែរ ព្រោះមិត្តម្នាក់នោះនឹងធ្វើជានាឡិការោទ៍ ដែលចាំដាស់តឿនអ្នក។

៦. ប្រភេទមិត្តដែលរស់នៅជិតផ្ទះគ្នា

ការរាប់ញាតិជារឿងសំខាន់ ជាពិសេសគឺញាតិក្បែរផ្ទះនេះតែម្តង ព្រោះពួកគេជាមនុស្សដែលនៅក្បែរអ្នកច្រើនជាងមិត្តនៅសាលា ឬមិត្តនៅកន្លែងធ្វើការ ឬមិត្តនៅក្នុងហ្វេសប៊ុក។ ហេតុអ្វីមិនមើលមនុស្សដែលនៅក្បែរខ្លួន ក្បែរភ្នែក និង ក្បែរត្រចៀក? អ្នកអាចមានពេលវេលាជាមួយគ្នាច្រើន ដោយគ្រាន់តែបើកទ្វារ បើកបង្អួច ក៏អាចឃើញគ្នា អាចចែករំលែកជាមួយគ្នាទៅវិញទៅមក។

៧. ប្រភេទមិត្តនៅកន្លែងធ្វើការ

បើអ្នកជាមនុស្សដែលធ្វើការបណ្តើរ ហើយរៀនបណ្តើរ អ្នកប្រាកដជាបានជួបប្រភេទមិត្តទាំងនេះ ព្រោះពួកគេជាមិត្តរួមការងារដែលអង្គុយក្បែរអ្នក ទល់មុខអ្នក ឬក្នុងផ្នែកជាមួយអ្នក។ ការចាប់ផ្តើមដែលល្អគួរណាចេញពីទំនាក់ទំនងដោយពាក្យសម្តី ឬកាយវិការ ព្រោះបើអ្នកទៅធ្វើការឈ្ងោកមុខ ឬនៅតែមុខកំព្យូទ័រ អ្នកក៏មានតែតុ កៅអី ឬ កំព្យូទ័រជាមិត្តប៉ុណ្ណោះ។ អ្នកប្រហែលមិនចាំបាច់ត្រូវមានមិត្តដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បែបនេះ តែអ្នកក៏អាចធ្វើខ្លួនជាមិត្តប្រភេទទាំងនេះបានដោយខ្លួនឯង ទោះមិនដល់ ៧ចំណុច សូមត្រឹម ៥ ឬ៣ចំណុច ក៏បាន៕

ប្រភព ៖ lifehack

មតិយោបល់