• 2021-11-11 04:04:27
  • ការអប់រំ

អនុវត្តទម្លាប់ល្អ៣យ៉ាងនេះ ជះលទ្ធផលវិជ្ជមានដល់ការសិក្សារបស់អ្នក យ៉ាងមានប្រសិទ្ធភាព

  • 2021-11-11 04:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់នៃការរៀនរបស់មនុស្សម្នាក់ៗផ្សេងៗពីគ្នា ហើយលទ្ធផលក៏បានមកមិនដូចគ្នាដែរ ត្រូវមើលថា តើអ្នកអនុវត្តដោយប្រើវិធីសាស្ត្របែបណា? មកមើលទម្លាប់ដែលមានប្រសិទ្ធភាព ដែលជួយអ្នកបានច្រើនក្នុងជីវិតសិក្សា ហើយទទួលបានលទ្ធផលល្អ។

១. អានសៀវភៅយ៉ាងតិច ១ម៉ោង មុនគេង

ការបណ្តុះទម្លាប់នៃការអាន គឺជាការបន្ថែមពណ៌ឱ្យជីវិតឱ្យកាន់ស្រស់ស្អាត ព្រោះអ្នកនឹងអាចមើលឃើញពិភពខាងក្រៅបានច្រើន និងធំទូលាយជាងមុន តាមរយៈការអាន របស់អ្នកនិពន្ធជាច្រើននៅលើពិភពលោក។ យ៉ាងណាមិញ សម្រាប់សិស្សដែលកំពុងស្ថិតក្នុងវ័យសិក្សា គួរឆ្លៀតអានសៀវភៅយ៉ាងតិច ១ម៉ោង មុនពេលចូលគេង ព្រោះអត្ថប្រយោជន៍នៃការអាននៅពេលយប់ច្រើន អាចធ្វើឱ្យអ្នកចងចាំបានស្ទើរតែទាំងអស់នូវអ្វីដែលអ្នកបានអាន។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចធ្វើឱ្យអ្នកគេងលក់បានស្កប់ស្កល់ថែមទៀតផង។

២. រម្លឹកមេរៀន ពេលក្រោកពីគេងភ្លាម

អ្នកមិនគួរមានត្រឹមទម្លាប់មុនចូលគេងតែមួយមុខនោះទេ តែទម្លាប់ពេលក្រោកពីគេងគឺជារឿងសំខាន់ខ្លាំង ព្រោះបើសម្រេចចិត្តខុសវានឹងជះឥទ្ធិពលលើអ្នកមួយថ្ងៃពេញតែម្តង។ អ្នកអាននៅពេលយប់ ដូច្នេះគួរតែរម្លឹកឡើងវិញនៅពេលព្រឹកព្រោះយ៉ាងហោចណាស់អ្នកក៏អាចតេស្តការចងចាំរបស់អ្នកថា ការអានរបស់អ្នកទទួលបានលទ្ធផលប៉ុន្មានភាគរយផងដែរ។ ការអាន ឬរំឮកមេរៀននៅពេលព្រឹក គួរធ្វើមុនការហាត់ប្រាណ នៅពេលដែលអ្នកក្រោកពីគ្រែគេងភ្លាម។

៣. បើកភ្នែក គឺក្រោកចេញពីគ្រែតែម្តង កុំទម្លាប់រង់ចាំ

អ្នកណាខ្លះ ភ្នែកបើក ដៃរាវរកទូរស័ព្ទ ចុចចុះ ចុចឡើង រហូតដេកលក់វិញបាត់? នេះគេហៅថាទម្លាប់ ហើយទម្លាប់នេះមិនមែនជាទម្លាប់ល្អនោះទេ។ អ្នកនឹងក្លាយជាមនុស្សឆ្អឹងទន់ និយាយរួមគឺមនុស្សខ្ចិល។ ខ្ចិលសូម្បីតែក្រោកទៅមើលពិភពលោកនៅពេលព្រឹកព្រលឹម ថាស្រស់ស្អាតកម្រិតណា ហើយពិភពលោកគេដើរដល់ណាហើយ ខណៈអ្នកកំពុងតែលង់លក់នៅក្នុងសុបិន្តពេលព្រឹកព្រលឹម។ ទម្លាប់ក្រោកចេញពីគ្រែភ្លាមៗ ជួយអ្នកបានច្រើន ពិសេសធ្វើឱ្យអ្នកមានអាចយកចិត្តទុកដាក់លើការងាររៀនសូត្រ ហើយថែមទាំងទទួលលទ្ធផលល្អថែមទៀតផង៕

មតិយោបល់