• 2021-11-25 07:22:17
  • ការអប់រំ

មកដឹងវិធីសាស្ត្រទាំង ៥ អាចជួយអ្នកឱ្យក្រោកបានលឿនរហ័ស និងមិនងងុយពេលអង្គុយរៀនក្នុងថ្នាក់

  • 2021-11-25 07:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សម្នាក់ៗមានទម្លាប់ចូលគេង និង ក្រោកពីគេងផ្សេងៗពីគ្នា។ អ្នកខ្លះប្រើវិធីដាស់ឱ្យភ្ញាក់ដោយប្រើឧបករណ៌អេឡិចត្រូនិក ដូចជាការដាក់ម៉ោងរោទ៍។ ចំណែកអ្នកខ្លះទៀត ក្រោកឡើងដោយមិនត្រូវការឧបករណ៍ជំនួយ ហើយថែមទាំងអាចក្រោកដោយអារម្មណ៍ល្អ និងមានភាពស្វាហាប់ថែមទៀតផង។ សិស្សានុសិស្សជាច្រើន តែងជួបប្រទះបញ្ហាទាំងអស់នេះ ជាពិសេសវាតែងតែកើតឡើងនៅពេលព្រឹកព្រលឹម ពេលដែលពួកគេចូលរៀនតែម្តង។

មកមើលវិធីសាស្ត្រទាំង ៥ ដែលអាចជួយអ្នកឱ្យក្រោកបានលឿន និងមិនងងុយពេលរៀនក្នុងថ្នាក់ ៖

១. បង្កើតកាលវិភាគចូលគេង

ទម្លាប់បង្កើតទម្លាប់ចូលគេងជារឿងដែលល្អបំផុត ជាពិសេសនៅក្នុងវ័យសិក្សា។ តែទោះជាយ៉ាងណា អ្នកគួរតែបានដឹងថា តើការបង្កើតកាលវិភាគមុនចូលគេងគេរៀបយ៉ាងដូចម្តេច? អ្នកត្រូវកំណត់ម៉ោងចូលគេង និងម៉ោងក្រោកពីគេង នៅក្នុងទូរសព្ទដៃរបស់អ្នក ឬបិទជាស្ទីកគ័រធំៗ នៅទីតាំងណាមួយដែលអ្នកអាចមើលឃើញច្បាស់។ ការដាក់តារាងពេលវេលាកំណត់នៃការគេង ត្រូវពិនិត្យ មើលជារៀងរាល់សប្តាហ៍ ដើម្បីប្រាកដចិត្តថា តើអ្នកសម្រេចលទ្ធផលបានប៉ុន្មានភាគរយ។

២. គ្រប់គ្រងរបបអាហារ

កុំចេះតែហូប ឬហូបគ្រប់យ៉ាង នេះបានន័យថា អ្នកគួរតែជ្រើសរើសរបបអាហារ ដែលមានគុណប្រយោជន៍ដល់រាងកាយ ជំនួយការចងចាំ និងមិនបង្កឥទ្ធិពលអាក្រក់ដែលអាចប៉ះពាល់ដល់ការសិក្សារបស់អ្នក។ ជាដំបូង អ្នកគួរចាប់ផ្តើមគ្រប់គ្រងពេលវេលានៃការហូបអាហាររបស់អ្នកជាមុនសិន។ នោះគឺអាហារ៣ពេល ដែលមានអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ អ្នកក៏ត្រូវតែដឹងរឿងមួយនេះជាចាំបាច់ផងដែរ គឺ ហូបអាហារពេលព្រឹកឱ្យបានទៀងទាត់ និងច្រើនជាងអាហារពេលថ្ងៃ និងពេលល្ងាច។ ចៀសវាងហូបអាហារច្រើន ឬអាហារដែលប៉ះពាល់ដល់ដំណេកនៅពេលយប់។

៣. ហាត់ប្រាណ

អ្នកគួរតែដឹងថារាងកាយរបស់អ្នកត្រូវការបំប្លែងថាមពល ឬធ្វើចំហេះក្នុងរាងកាយ ដូច្នេះការហាត់ប្រាណគឺជាវិធីស្ត្រដ៏ល្អបំផុត ព្រោះមិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយភាពខ្ចិលតាមរយៈការស្ពឹកស្រពន់រាងកាយបានផងដែរ។ ការហាត់ប្រាណដែលល្អបំផុតចំពោះរាងកាយ គឺហាត់នៅពេលព្រឹកព្រលឹម យ៉ាងតិច ៣០ នាទី។

៤. ដាស់តឿនខ្លួនឯង ជាមួយពាក្យលើកទឹកចិត្ត នៅពេលព្រឹក

អ្នកគួរតែមានពេលសម្រាប់ដាស់តឿន និងលើកទឹកចិត្តខ្លួនឯង ពិសេសនៅពេលព្រឹកព្រលឹម ដូចជា ថ្ងៃនេះ គឺជាថ្ងៃល្អបំផុតរបស់ខ្ញុំ ឬ ថ្ងៃនេះ ខ្ញុំនឹងធ្វើរឿងចំនួន ៣នេះឱ្យបានសម្រេច។ យ៉ាងណាមិញ ពាក្យលើកទឹកចិត្តទាំងនេះ គួរណាតែបានរៀបចំទុកមុនពីក្បាលព្រលប់មុនចូលគេង ដើម្បីជាការដាស់តឿនមួយដ៏ឆ្លាតវៃ។

៥. រៀនដឹងរៀន លេងដឹងលេង ដេកដឹងដេក

អ្នកគួរតែដឹងពីរបៀបគ្រប់គ្រងខ្លួនឯង ជាពិសេសទៅលើសកម្មភាពប្រចាំថ្ងៃដូចជា ការរៀន ការប្រើប្រាស់ទូរស័ព្ទដៃ ការសម្រាកលំហែ ជាដើម។ ជាការពិតណាស់ ប្រសិនជាអ្នកហត់ អ្នកក៏អាចសម្រាកបាន តែត្រូវកំណត់ពេលឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងភាពច្របូល ឡូកឡំចូលគ្នា។ ចៀសវាងប្រើពាក្យ ទុកសិន ចាំសិន ចាំស្អែក ចាំធ្វើ ព្រោះពាក្យទាំងនេះនឹងបំផ្លាញជីវិតរបស់អ្នកដោយមិនដឹងខ្លួន ៕

ប្រភព ៖ healthline

មតិយោបល់