• 2024-03-19 05:24:45
  • ការអប់រំ

ល្បីឈ្មោះ Sabay ច្រើន​ឆ្នាំ ឥឡូវសិស្ស​ចុះ​កម្មសិក្សា នៃ​សាលា PNC ឈ្វេងយល់​កាន់​តែ​ច្បាស់!

  • 2024-03-19 05:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ និង​និស្សិត​ជាង ១០​រូប នៃ​សាលា ភី អិន កម្ពុជា បាន​ចុះ​កម្មសិក្សា​នៅ​ក្រុមហ៊ុន Sabay Digital កាល​ពី​ល្ងាច​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៤។ ក្នុង​ឱកាស​ចុះ​កម្មសិក្សា​នេះ បុគ្គលិក​ធនធាន​មនុស្ស និង​បុគ្គលិក​ផ្នែក​បច្ចេកវិទ្យា នៃ​ក្រុមហ៊ុន Sabay Digital បាន​ធ្វើ​បទ​បង្ហាញ​ពី​ដំណើរការ​របស់​ក្រុមហ៊ុន និង​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​កំពុង​ប្រើ និង​ផ្ដល់​សេវា​ជូន​ដល់​អតិថិជន។

លោក គ្រី ពុទ្ធី ដែល​គ្រូបង្រៀន និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​និស្សិត​ឆ្នាំ​ទី២ ផ្នែក​ព័ត៌មាន​វិទ្យា​ចំនួន ១៣​រូប ចុះ​កម្មសិក្សា មាន​ប្រសាសន៍​ថា កម្មវិធី និង​ឈ្មោះ​បច្ចេកទេស​មួយ​ចំនួន​ទាក់ទង​នឹង​ព័ត៌មាន​វិទ្យា​ដែល​រូប​លោក​ផ្ទាល់ និង​សិស្សៗ​មិន​ធ្លាប់​បាន​ឮ​នោះ ទើប​តែ​បាន​ដឹង​ច្បាស់​ក្រោយ​ពី​មាន​ការ​បង្ហាញ​ពី​ក្រុមការងារ​របស់​ក្រុមហ៊ុន Sabay Digital។ អ្វី​ដែល​បាន​បង្ហាញ​នេះ គឺ​ត្រូវ​ទៅ​នឹង​តម្រូវការ ឬ​ការ​ចង់ចេះចង់​ដឹង​របស់​និស្សិត​ដែល​បាន​រៀន​នៅ​ក្នុង​ផ្នែក​ព័ត៌មាន​វិទ្យា​នេះ​ស្រាប់។

ក្រោយ​ពី​បាន​ជួប​សំណេះសំណាល និង​បង្ហាញ​ពី​ដំណើរការ​ក្រុមហ៊ុន ព្រម​ទាំង​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​មួយ​ចំនួន​ដល់​គ្រូ និង​ក្រុម​និស្សិត បុគ្គលិក​ធនធាន​មនុស្ស នៃ​ក្រុមហ៊ុន Sabay Digital ក៏​បាន​អញ្ជើញ​ពួកគាត់​ទស្សនកិច្ច​នៅ​កន្លែង​បំពេញ​ការងារ​របស់​បុគ្គលិក​តាម​ផ្នែក​នីមួយៗ​ផង​ដែរ។

និស្សិត​រៀន​ជំនាញ Web developer ក្នុង​ចំណោម​និស្សិត​ទាំង ១៣​រូប គឺកញ្ញា ពៅ សុគន្ធា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ក្រោយ​បាន​ឃើញ​ឧបករណ៍​បច្ចេកទេស និង​របៀបរបប​ធ្វើ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ដែល​កញ្ញា​យល់​ថា​ជា​ក្រុមហ៊ុន​លេចធ្លោរ​មួយ​នៅ​កម្ពុជា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន គឺ​កញ្ញា​ពិត​ជា​រំភើប​ខ្លាំង ហើយ​ចង់​មាន​ឱកាស​ដើម្បី​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន។

ចំណែក​ប្អូន​ប្រុស ទីវ ដែល​ជា​និស្សិត​ទើប​រៀន​ចប់​ឆ្នាំ​ទី២ នៃ​សាលា ភី អិន កម្ពុជា ជំនាញ Web developer សង្កេត​ឃើញ​ថា ភាសា​បច្ចេកទេស និង​ការ​អនុវត្ដការងារ​ស្ទើរ​ដូច​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​ប្អូន​បាន​សិក្សា​នៅ​ឯ​សាសា​រៀន​ដែរ។ តាម​រយៈ​ការ​ចុះ​កម្មវិសក្សា​នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ប្អូន​ស្រឡាញ់​វិស័យ​បច្ចេកវិទ្យា​កាន់​តែ​ខ្លាំង ហើយ​ចង់​មាន​ឱកាស​សាកល្បង​ការងារ​ជាមួយ​ក្រុមហ៊ុន Sabay Digital នៅ​ថ្ងៃ​ណា​មួយ​បើ​ក្រុមហ៊ុន​ផ្ដល់​ឱកាស។

ក្រោយ​បញ្ចប់​ទស្សនកិច្ចសិក្សា ដោយ​ចំណាយ​ពេល​ជិត ២ម៉ោង ក្រុម​និស្សិត គ្រូ​បង្រៀន និង​បុគ្គលិក​ក្រុមហ៊ុន Sabay Digital បាន​ថត​រូប​អនុស្សាវរីយ៍​ជុំ​គ្នា និង​បាន​ប្រគល់​កាដូ​អនុស្សាវរីយ៍​ជា Eco-bag ឬថង់ស្ពាយ​ដែល​Logo Sabay យ៉ាង​ស្រស់ស្អាត​ម្នាក់​មួយ​ទៀត​ផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់