• 2015-05-19 21:47:13
  • ការអប់រំ

ដឹង​អត់ក្រដាស​A4​ប្រើ​រួច​​មាន​តម្លៃ​​យ៉ាង​ណា​ចំពោះ​​ជន​ពិការ​ភ្នែក?

  • 2015-05-19 21:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រដាស ​A4 ឬ​ក្រដាស​រាម​មិន​ថា​ថ្មី​ ឬ​ក៏​ប្រើ​រួច​​​វា​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ការ​សិក្សា​របស់​ជន​ពិការ​ភ្នែក​​តាម​រយៈ​ការ​យក​ក្រដាស​​មក​ធ្វើ​ជា​សញ្ញា​ Braille។

 

លោក​​វន វី ​ដែល​ជា​អនុប្រធាន​សម្រប​សម្រួល​កម្មវិធី​សិក្សា​​កុមារ​ពិការ​ភ្នែក​នៃ​អង្គការ​គ្រួសារ​ថ្មី​បាន​ប្រាប់​ឱ្យ​Sabay ដឹង​ថា​​ក្រដាស​រាម​ពាក់​ព័ន្ធ​នឹង​ការ​សិក្សា​របស់​កុមារ​ពិការ​ភ្នែក​​​​ព្រោះ​វា​​ជា​ឧបករណ៍​ដែល​​អាច​ឱ្យ​ពួក​គេ​​ទទួល​ដឹង​ខ្លឹម​សារ​មេរៀន​​ដូច​ដែល​មនុស្ស​ធម្មតា​​អាន​សៀវភៅ​ដែរ​។

  លោក​វន​ វី​ក៏​បាន​បន្ត​​ថា​ «ដំបូង​ឡើយ​​គេ​យក​ក្រដាស​រាម​មួយ​សន្លឹក​បត់​ជា​ពីរ​ឬ​ក៏​ក្រដាស​ពីរ​សន្លឹក​តែ​ម្ដង​​​​ទៅ​ចុច​ជាមួយ​​ឧបករណ៍​ម្យ៉ាង​ហៅ​ថា slate​​(ប្រៀប​ដូច​ជា​សៀវភៅ) និង​ stylus (ប្រៀប​ដូច​ជា​ប៊ិច) ដែល​ធ្វើ​ឱ្យ​​ក្រដាស​ទៅ​ជា​ដុំ​ពក​ដែល​អ្នក​ពិការ​ភ្នែក​អាច​ប្រើ​ដៃ​ស្ទាប​និង​ដឹង​ពី​ខ្លឹម​សារ​បាន​»។​ ដុំ​ពក​ទាំង​នោះ​ជា​សញ្ញា​ Braille ដែល​ជា​​កូដ​​សកល​សម្រាប់​ជន​ពិការ​ភ្នែក​ ហើយ​ការ​ប្រើ​ប្រាស់​​សញ្ញា​មាន​ទាំ​ង​ភាសា​ខ្មែរ​ ភាសា​អង់គ្លេស​មុខវិជ្ជា​វិទ្យាសាស្ត្រ​ដូច​ជា​គណិតវិទ្យា រូបវិទ្យា ជា​ដើម។

 

 

តាម​រយៈ​ការ​ប្រើ​ក្រដាស​រាម​នេះ​ ធ្វើ​ឱ្យ​ការ​សិក្សា​របស់​ជន​ពិការ​ភ្នែក​នៃ​អង្គការ​គ្រួសារ​ថ្មី​មាន​ការ​រីក​ចម្រើន​ ដោយ​កុមារ​ពិការ​ភ្នែក​ដែល​កំព្រា​និង​មក​ពី​គ្រួសារ​ក្រីក្រ​​ទាំង​អស់​មា​ន​ឱកាស​ទទួល​បាន​ចំណេះ​ដឹង​​ដូច​គ្នា​នឹង​អ្នក​មាន​កាយ​សម្បទា​គ្រប់​គ្រាន់​ដែរ។ អង្គការ​គ្រួសារ​ថ្មី​បាន​បណ្ដុះ​បណ្ដាល​​ចំណេះ​ដឹង​ដល់​កុមារ​ពិការ​ភ្នែក​ចាប់​តាំង​ពី​ថ្នាក់​មតេយ្យ​រហូត​ដល់​ថ្នាក់​ទី​១២ ប៉ុន្តែ​បើ​ពួក​គេ​ចង់​បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក់​មហាវិទ្យាល័យ​ក៏​ពួក​គេ​​នៅ​​​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​​ពី​សំណាក់​អង្គការ​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​វន វី។

 

ដូច្នេះ​បើ​ប្រិយមិត្ត​ចង់​ធ្វើ​ការ​បរិច្ចាគ​ក្រដាស​រាម​ដែល​ប្រើ​រួច​ទៅ​ដល់​អង្គការ​គ្រួសារ​ថ្មី​ក្នុង​គោល​បំណង​​គាំទ្រ​និង​លើក​កម្ពស់​ការ​សិក្សា​របស់​​ជន​ពិការ​ភ្នែក​ អាច​ទៅ​បរិច្ចាគ​​ផ្ទាល់​នៅ​អង្គការ​គ្រួសារ​ថ្មី​ដែល​មាន​ទី​តាំង​​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​តាម​រយៈ​លោក ​វន វី ដែល​មាន​ E-mail: deputy_blind@krousar-thmey.org និង​លេខ​ទូរស័ព្ទ​ ០៧៧៦៥៦៦២២៕

 

អានអត្ថបទ៖ បុគ្គល​​ឆ្នើម​​ ៥ នាក់​​លេច​ធ្លោ​ក្នុង​កិច្ច​ការងារ​មនុស្សធម៌ ​

អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង

មតិយោបល់