• 2015-07-07 16:04:04
  • ការអប់រំ

ម៉ូតូ​១​បំណះ​ ២០០០៛​ ទេ តែ​បើ​ប្រហែស​ប្រយ័ត្ន​អស់​ដល់​ម៉ឺន

  • 2015-07-07 16:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីពការងារ​ប៉ះ​កង់​ម៉ូតូ ជា​របរ​​​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវការ ហើយ​​​របរ​នេះ​​ទៀតសោត កើនឡើង​ព្រោងព្រាតនៅ​តាម​ដង​ផ្លូវ​​​ក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត។ ចំពោះ​តម្លៃ​សេវា​ប៉ះ​អ៊ុត​នៃ​របរ​នេះ មាន​ចាប់​ពី​ ២០០០-២៥០០​រៀល ទៅ ៣០០០រៀល​ ​និង​ពេល​យប់​អាច​ដល់ ៥០០០​រៀល​ អាស្រ័យ​តាម​តំបន់ ប៉ុន្តែ​​ទោះ​បីជាយ៉ាងណា អ្នក​ស្វែង​រក​សេវា​​គួរ​ប្រុងប្រយ័ត្ន ក្រែងត្រូវ​ជន​ខិលខូច​ស៊ី​​ដល់​ខ្ទង់​ម៉ឺន​ក៏​អាច​ថា​បាន​។

 

 

មេឃ​ចាប់​ផ្ដើម​ងងឹត​បន្តិច​ម្ដងៗ ខណៈ​ម៉ូតូ​ធ្លាយ​យុវជន ស៊ុំ ផល្លី មិនហ៊ាន​ជិះ​ទេ សុខ​ចិត្ត​បណ្ដើរ រហូត​ដល់​កន្លែង​ផុត​ទុក្ខ «ពូ! ប៉ះ​មួយ»។

 

រវល់​តែ​អង្គុយ​ចុច​ទូរសព្ទ ស្រាប់​តែ​សំឡេង​​អ្នក​ប៉ះ​​បន្លឺ​ថា «អា​អូន! ដូរ​ប៉ា​វៀន​ទៅ ប៉ះ​អត់​កើត​ទេ។ ខ្ញុំ​ក្រឡេក​ខ្វាច់ រយះកន្លះ​ចង្អុល​ដៃ...ដូច​អត់​មុត​ដែកគោល​អី​ទេ ស្នាម​ហែក​ថ្មី​ចែស។ ផល្លី រៀបរាប់​ពី​បទ​ពិសោធន៍​ដែល​ខ្លួន​​ធ្លាប់​ជួប​ប្រទះ​ដល់ Sabay ម្សិលមិញ​នេះ។

 

ដោយ​ស្គាល់​​រសជាតិ​​ត្រូវ​គេ​បន្លំ និង ​ចេញ​ថ្លៃ​ពោះវៀន​ម៉ូតូស្មាស់រ៉េវ៉ូជិត ៥ ដុល្លារ ផល្លី​សូម​ផ្ដាំ​ទៅ​ពលរដ្ឋ​ខ្មែរ​ថា ត្រូវ​តាម​ដាន​សកម្មភាព​របស់​អ្នក​ប៉ះ​កង់ម៉ូតូ ក្រែង​កើត​ករណី​ដូច​លោក។

 

ម្ដង​នេះ​មិន​ហែក​ទេ ប៉ុន្តែ​ ស៊ី​គល់​វ៉ាល់​  «ហែក​ខ្លាច​គេ​ដឹង ព្រោះ​មាន​ស្នាមថ្មីៗ»។ នេះ​ជា​ការ​ខ្សឹប​ប្រាប់​របស់ សម្បត្តិ និស្សិត​ផ្នែក​ទីផ្សារ នៃ​សាកលវិទ្យាល័យ ធនធាន​មនុស្ស។ និស្សិត​​ឆ្នាំ​មូលដ្ឋាន​បង្ហើប​ថា រូប​គេ​ដឹង​ល្បិច​នេះ ពី​ជាង​ប៉ះ​កង់​ម្នាក់​ក្បែរ​ផ្ទះ​ជួល​​​វត្ត​សន្សំ​កុសល។

 

សម្បត្តិ អ្នក​ខេត្ត​បាត់ដំបងបាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «ទំនេរៗ​ខ្ញុំ​មក​អង្គុយជជែក​លេង​​ជាមួយ​គាត់ ហើយមាន​ង៉ៃ​មួយ​ខ្ញុំ​​​ក៏​ស្ដាប់​ឮ​អ៊ីចឹងទៅ»។

 

ជាង​ប៉ះអ៊ុត​មួយ​រូប នៅ​តាម​បណ្ដោយ​ផ្លូវ ​១៩​BT សង្កាត់បឹងទំពន់ ខណ្ឌមានជ័យបាន​បង្ហើប​​ឱ្យ​ដឹងព្រឹកមិញ​​ថា ​ករណី​នេះ​ពិត​ជា​មាន​មែន ៖«​អាហ្នឹង​មាត់​ទន្លេ មាន​មែន! មានមែន! សព្វថ្ងៃ​ នៅ​តែ​មាន។ បើ​យើង​អត់​មើល​ហែក​ហើយ ហែក​ដើម្បី​ដូរពោះវៀន​​ថ្មី»។

 

ស្ដាប់​សំឡេង

[audio mp3="http://media.sabay.com/uploads/2015/07/អ្នកប៉ះកង់ម៉ូតូ.mp3"][/audio]

 

លោក​​ប្រាប់បន្ត​​ថា នៅ​បែក​ចានពេល​យប់​​ ពោះវៀន​ម៉ូតូ​មួយ ១០ ម៉ឺន​រៀល ដែល​នេះ​ជា​ការ​កេង​ចំណេញ​ មិន​បាច់​ដាក់​ទឹក របស់​ជន​ខិលខូច។ នៅ​ពេល​សួរ​ថា​ លោក​​ធ្លាប់​ប្រព្រឹត្ត​ទង្វើ​នេះ​ទេ? អ្នក​ប៉ះអ៊ុត​តាំង​ពី​ឆ្នាំ ​១៩៩៨ ​រូប​នេះ ​​និយាយ​ទាំង​សម្ដី​ម៉ាត់​ៗ​ថា «មិន​ចេះ​រកស៊ី​ខូច​ទេ​លោក​អើយ! ប៉ុន្មានប៉ុណ្ណុងហើយ...ពីរ​ប៉ាណាស់ប៉ះ​ឱ្យ តែ​បី​ប៉ាណាស់​អត់​ប៉ះ​ទេ...ដូរ​ថ្មី»។

 

ផល្លី ​និង ​​សម្បត្តិ បាន​ប្រាប់​ថា មិន​មែន​អ្នក​ប៉ះកង់​ទាំងអស់​សុទ្ធតែ​មាន​កលល្បិច​អាក្រក់​​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ស្វែង​រក​សេវា​គួរ​តែ​ប្រុងប្រយ័ត្ន ព្រោះ​កុំ​ឱ្យ​ចំណាយ​ច្រើន​ ឥតប្រយោជន៍​យ៉ាងដូច្នេះ៕

 

 

ចុចអាន៖ ចង្កឹះ​ខ្មែរ ស្នាដៃ​ខ្មែរ គ្មាន​ជាតិ​គីមី ១០០%

​ចុចអាន៖ ជំនាញ​​ទាំង៨​ ត្រូវ​ប៉ាន់​​​​បំផុតក្នុង​ទីផ្សារ​ការងារ​​កម្ពុជា

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់