• 2015-07-22 18:14:16
  • ការអប់រំ

កូនជ្រូក​សន្សំ​ថ្មី ដាក់​លុយ​បាន​យូរ​ឆ្នាំ ​ខ្មែរ​ក៏​បាន​ដុល្លារក៏​បាន

  • 2015-07-22 18:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​ជ្រោយចង្វា​តាម​ផ្លូវ​ជាតិ​លេខ​ ៦A ប្រហែល​២០០ម៉ែត្រនៅខាងស្ដាំដៃ អ្នក​នឹង​ឃើញ​​តូប​​ជាច្រើន ដាក់​​លក់​​កូន​ជ្រូក​សន្សំ​លុយ​ធ្វើ​ពី​ម្នាងសិលា ប្រកប​ដោយ​ភាព​ទាក់ទាញ ហើយ​អ្វី​ដែល​ពិសេស​​នោះ​គឺ កូន​ជ្រូក​សន្សំ​​ទាំង​អស់​នេះ អាច​ដាក់​​លុយ​​គ្រប់​ប្រភេទបាន​យូរ​ឆ្នាំ ដោយ​មិន​បារម្ភ​ខ្លាច​បាត់​បង់​គុណភាព។

 

 ប្អូនប្រុស អាន សុខអ៊ាង កំពុង​រៀបចំ​ដាក់​លក់

 

កំពុង​ច្រក​ស្បោង​ដាក់​លក់​យ៉ាង​ញាប់​ដៃ អាន សុខអ៊ាង ប្រាប់​ឱ្យ​ដឹង​ថា គ្រួសារ​សាច់ញាតិ​ប្អូន​ប្រកប​របរ​​លក់​​កូន​​ជ្រូក​សន្សំ​លុយ​​ ជិត២០​ឆ្នាំ​ហើយ ដោយ​ទទួល​បាន​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​អតិថិជន ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ និង ​អ្នក​ចូលចិត្ត​ការ​សន្សំ​​បែប​លក្ខណៈបុរាណ​មួយ​នេះ។ មិន​តែ​ប៉ុណ្ណោះ ភ្ញៀវចិន អ្នកចូលចិត្ត​វត្ថុបុរាណ ឬ​ម្ចាស់​សណ្ឋាគារ​​មួយ​ចំនួន ក៏​ធ្លាប់​បញ្ជា​ទិញ​របស់​អស់​នេះ​ដែរ។

 

ដោយឡែក​បង​ប្រុសសុខអ៊ាង​ឈ្មោះ សុខ សៀងអេង បាន​រៀបរាប់​ថា កាល​ពី​១៥​ឆ្នាំ​មុន​ សាច់ញាតិ​របស់លោក ធ្វើ​កូនជ្រូក​​ពី​ដីឥដ្ឋ ប៉ុន្តែ​ដោយ​ដី​ឡើងថ្លៃ​ពិបាក​រក​ទិញ ក្នុង​រយៈពេល​៥​ឆ្នាំ​មក​នេះ ក្រុម​គ្រួសារ​លោក​បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​កូនជ្រូក ​ធ្វើ​ពីម្សៅ​ម្នាងសិលា​វិញ។

 

អ្នក​រស់​នៅ​ភូមិ​គៀន​ឃ្លាំង​រូប​នេះ​ថា «ពី​មុន​យើង​ទិញ​ដី​ពី​ស្រុក​ចម្ការ​លើ​មួយ​ឡានៗ តែ​ដោយ​​​ដី​ពិបាក​រក​និង​ថ្លៃ​ពេក យើង​ក៏​បែរ​មក​​ធ្វើ​ពី​ម្នាងសិលា​វិញ។ ​វា​ស្រួល​ទិញ ហើយ​ធូរ​ថ្លៃ»។ ​

 

ពី​មុន​​គេ​និយម​ផលិត និង​សន្សំ​លុយ ក្នុង​កូនជ្រូក​​ដី ដែល​អាច​ដាក់​បាន​តែ​លុយ​ខ្មែរ​ប៉ុណ្ណោះ ចំណែក​លុយ​​ដុល្លារ​វិញ គេ​មិន​ហ៊ាន​ដាក់​ទេ ព្រោះខ្លាច​ខូចគុណភាព ឬ​ស្លេក​​ពណ៌​ជាដើម។

 

ពាក់ព័ន្ធ​នឹង​​​ការ​ផលិត​​ បុរសវ័យ​២៨​ឆ្នាំ​ខាងលើ​និយាយ​ថា ម្សៅ​ម្នាងសិលា ងាយ​ធ្វើ​ជាង​ដីឥដ្ឋ ដោយមិន​ចាំបាច់​ហាល​ថ្ងៃ ឬ​​​ដុត​ចម្អិន ហើយ​​ក្នុងមួយថ្ងៃ លោក​អាច​ធ្វើ​បាន​​ពី​១០ ទៅ ១៥ គ្រឿង ដោយ​មិន​ទាន់​បាញ់​ថ្នាំ និង ​លាប​ពណ៌​លេង​ស្ទីល។ យ៉ាងណាចំនួន​លក់​ទៀតសោត លោក​អាច​លក់​បាន​ ១ ទៅ ២ គ្រឿង​ចំពោះ​កូនជ្រូក​ធំ រីឯ​កូនជ្រូក​តូចៗ ​អាច​លក់​បាន ៥ ទៅ ៦ គ្រឿង​ក្នុង​មួយ​ថ្ងៃ។

 

បន្ថែម​ពី​លើ​បងប្រុស​បង្កើត​ សិស្ស​ថ្នាក់​ទី​ថ្នាក់​ ១០ C នៃ​វិទ្យាល័យ​ជាស៊ីម​ជ្រោយចង្វា សុខអ៊ាង​​ បាន​រៀបរាប់​ប្រាប់ Sabay ថា «ចំណុច​ពិសេស​របស់​វា (កូនជ្រូក​ម្នាងសិលា) គឺ​គេ​អាច​ដាក់​លុយ​បាន​គ្រប់​ប្រភេទ មិន​ថា​លុយ​ខ្មែរ ​លុយ​ដុល្លារ ឬ​លុយ​ថៃ​ទេ ដាក់​បាន​ទាំងអស់ ដាក់​បាន​យូរ​ឆ្នាំ ហើយ​​មិន​ងាយ​​ខូច​គុណភាព»។

 

យុវជន​វ័យ​១៨​ឆ្នាំ​​​បន្ត​ថា​ តូប​របស់​ប្អូនមានលក់​រូប​សត្វ​គ្រប់​ប្រភេទ​ដូចជា សត្វ​ជ្រូក មាន់ ពពែ សុនខ ខ្លាឃ្មុំផេនដា Angry Bird គោ ជាដើម ដែល​មាន​តម្លៃ​ចាប់​ពី ៥ពាន់រៀល ១ម៉ឺនរៀល ១ម៉ឺន​២ពាន់រៀល ៥ដុល្លារ ១០ដុល្លារ ១៥ដុល្លារ និង​២០​ដុល្លារ ទៅតាម​ទំហំ​តូច​ធំ៕

 

 

 
 
 

 

អាន៖ ក្មេង​ល្ហក់​តែ​មាន​សមត្ថភាព​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ទំនើប​បំផុត​នៅ​អាស៊ី​

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម