- 2016-08-25 18:10:30
- ការអប់រំ
Smart ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៣០កន្លែងដល់សិស្សក្រីក្រ
- 2016-08-25 18:10:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smart ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៣០កន្លែងដល់សិស្សក្រីក្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Smart Axiata បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡាផ្ដល់អាហារូបករណ៍យ៉ាងហោចណាស់៣០កន្លែង នៅសាកលវិទ្យាល័យរបស់រដ្ឋទូទាំងប្រទេសក្នុងរយៈពេលបីឆ្នាំ ចាប់ឆ្នាំ២០១៦នេះទៅ ដើម្បីជំរុញឲ្យសិស្សថ្នាក់វិទ្យាល័យដែលមានជីវភាពក្រីក្រអាចបន្តសិក្សាថ្នាក់ឧត្ដមបាន។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់កាលពីព្រឹកមិញនៅក្រសួងអប់រំ លោក ថូម៉ាស ហ៊ុន (Thomas Hundt) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Smart បានបញ្ជាក់ថា Smart មានកិត្តិយសយ៉ាងខ្លាំងក្នុងការបើកដំណើរការកម្មវិធីអាហារូបករណ៍នេះជាមួយក្រសួងអប់រំ យុវជន និងកីឡា។ អាហារូបករណ៍នេះនឹងរួមចំណែកជួយយុវជនកម្ពុជាដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុក្នុងការបន្តការសិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យតាមជំនាញដែលពួកគេចូលចិត្ត។
លោកក៏បានឲ្យដឹងថាអាហារូបករណ៍នេះមិនត្រូវបានកំណត់តែចំនួន៣០ទេ ហើយកិច្ចសហការក៏មិនកំណត់ត្រឹម៣ឆ្នាំនេះដែរ ព្រោះក្រុមហ៊ុន Smart នឹងបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ទាំងវិស័យអប់រំ ក៏ដូចជាទូរគមនាគមន៍។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart ដែលបានសម្រេចផ្ដល់អាហារូបករណ៍នេះដល់សិស្សដែលជួបការលំបាក ដើម្បីឲ្យពួកគេអាចចូលរៀននៅសាកលវិទ្យាល័យបាន។
លក្ខខណ្ឌមួយចំនួនដើម្បីមានសិទ្ធិទទួលបានអាហារូបករណ៍រួមមានដូចជា ត្រូវតែជាសិស្សដែលប្រឡងក្នុងសម័យប្រឡងចុងក្រោយ ហើយទទួលបាននិទ្ទេស A ឬB។ ដើម្បីឲ្យការជ្រើសរើសកាន់តែសុក្រឹត គណៈកម្មការមួយនឹងត្រូវបានបង្កើតឡើងដោយមានការចូលរួមពីស្ថាប័នទាំងពីរ៕
អត្ថបទៈ យ៉ារិទ្ធ