• 2017-02-26 08:09:01
  • ការអប់រំ

អង្គការ​មួយ​បង្កើត​កម្មវិធី​តម្រង់​ទិស​សម្រាប់​សិស្ស​វិទ្យាល័យ នៅ​កំពង់ចាម

  • 2017-02-26 08:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើសរើស​មុខ​វិជ្ជា​សម្រាប់​សិក្សា​បន្ត​នៅ​ថ្នាក់​ឧត្តម​សិក្សា ពិត​ជា​មាន​សារៈសំខាន់​ណាស់ ជា​ពិសេស​ការ​ជ្រើសរើស​ឲ្យ​ត្រូវ​អាជីព​សម្រាប់​អនាគត និង​ស្រប​តាម​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​កម្ពុជា។ នៅថ្ងៃទី២៥ ខែកុម្ភៈនេះ អង្គការ Room To Read បាន​បង្កើត​កម្មវិធី​តម្រង់​ទិស ក្នុងការ​ជ្រើសរើស​មុខ​វិជ្ជា និង​អាជីព​សម្រាប់​សិស្ស​ថ្នាក់ ទី១០ដល់ ទី១២ នៅ​ក្នុង​វិទ្យាល័យ​ស្រេង​គីម ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។

គោល​បំណង​សំខាន់​នៃ​កម្មវិធី​នេះ​មាន៤ គឺ៖

  • ផ្តល់ឱកាស​ដល់​កុមារី​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​សាកល​វិទ្យាល័យ និង​ស្ថាប័ន​នានា

  • ផ្តល់​ឱកាស​ដល់​កុមារី​ស្វែង​យល់​ពី​មុខ​វិជ្ជា​ដែល​ខ្លួន​ពេញចិត្ត និង​ស័ក្ដិសម​ទៅ​នឹង​សមត្ថភាព​និង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន ។

  • ស្វែង​យល់ពី​កម្ម​វិធី​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​នីមួយៗ ដែល​កុមារ​ជ្រើសរើស​បន្ត ការ​សិក្សា​បន្ទាប់​ពី​បញ្ចប់​ទុតិយ​ភូមិ

  • លើក​ទឹកចិត្ត​ដល់​កុមារី ពង្រឹង​សម្ថភាព និង​បង្កើនទំនុកចិត្ត ក្នុងការ​សិក្សា​ដើម្បី​ទទួល​បាន ជោគជ័យ​ទាំងក្នុង និង​ក្រៅ​សាលា ។

អ្នក​ចូលរូម​ក្នុង​កម្មវិធី​នេះ​សរុប​ប្រមាណ ៣០៣នាក់ ដែល​មាន​ដូចជា​ប្រធាន​ការិយាល័យ​មធ្យម​សិក្សា​នៃ​មន្ទីរអប់រំខេត្ត ប្រធាន​ការិយាល័យ​អប់រំ​ស្រុកព្រៃឈរ បុគ្គលិក​អង្គការ Room To Read និង​វាគ្មិន​តំណាង​សាកលវិទ្យាល័យ តំណាង​អ្នកសារព័ត៌មាន ផលិតករ ប្រធាន​ក្រុមហ៊ុន​នានា។

សិស្ស​ឈ្មោះ មាស ស្រី​តូច ​រៀន​ថ្នាក់​ទី​១០ បាន​អះអាង​ថា បន្ទាប់​ពី​បាន​ស្ដាប់ និង ឃើញ​ការ​ពន្យល់​របស់​វាគ្មិន នាង​បាន​យល់​ដឹង​ច្រើន​ពី​ការ​ជ្រើស​រើស​ជំនាញ។ ស្រី​តូច​បាន​និយាយ​ថា៖ "ខ្ញុំ​រៀន​ពូកែ​គ្រាន់​បើ លើ​មុខវិជ្ជា​ភាសាខ្មែរ ជា​ពិសេស​មេរៀន​បែប​តែង​និពន្ធ និង​កំណាព្យ ដូចនេះ​ពេល​ចប់​បាក់ឌុប ខ្ញុំ​នឹង​បន្ត​រៀន​យក​ឯកទេស អក្សរសាស្ត្រ​ខ្មែរ​ ។ បាន​ជា​ខ្ញុំ​ចង់​បន្ត​រៀន​យក​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រខ្មែរ ព្រោះ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏ល្បី  ហើយ​ជា​ពិសេស​ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ច្រើន ចូលចិត្ត​អត្ថបទ​កំណាព្យ និង​អត្ថបទ​ជា​លក្ខណៈ​តែង​និពន្ធ"។

មាស ស្រី​តូច

អត្ថបទ៖ ភ្នាក់ងារ​ប្រចាំ​ខេត្ត​កំពង់ចាម ឌឿន អ៊ី

មតិយោបល់