- 2017-03-27 02:31:52
- ការអប់រំ
វេទិកាប្រកួតវោហាស័ព្ទសាធារណៈ និងអ្នកតស៊ូមតិ (JCI) បង្ហាញសមត្ថភាពយុវជន ដោះស្រាយបញ្ហានានា
- 2017-03-27 02:31:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេទិកាប្រកួតវោហាស័ព្ទសាធារណៈ និងអ្នកតស៊ូមតិ (JCI) បង្ហាញសមត្ថភាពយុវជន ដោះស្រាយបញ្ហានានា
ចន្លោះមិនឃើញ
សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជានឹងរៀបចំ វេទិកាប្រកួតប្រជែងពានរង្វាន់វោហាស័ព្ទ ជាសាធារណៈ និងអ្នកតស៊ូមតិឆ្នើមប្រចាំឆ្នាំ២០១៧ នាថ្ងៃទី១ មេសា ខាងមុខនេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥រសៀល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីរបស់ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតប្រជែងខាងលើនឹងធ្វើឡើង គឺដើម្បីជ្រើសរើសបេក្ខជនទៅចូលរួមការប្រកួតថ្នាក់ តំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ុងហ្គោលី នាខែ មិថុនា ឆ្នាំ២០១៧ ខាងមុខ។
តាមការឲ្យដឹងពីលោក ហេង ហួន ប្រធានសាខាចតុមុខនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បាននិយាយថា៖" ខ្ញុំមានសេចក្តីរីករាយបំផុតដោយយើង មានបេក្ខជនកាន់តែច្រើនជាងមុនមកចូលរួមប្រកួតនៅឆ្នាំនេះ ហើយម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្ពស់ទាំងចំណេះដឹងទូទៅ ក៏ដូចជាសមត្ថភាពភាសាអង់គ្លេស"។
អ្នកចូលរួមប្រកួតក្នុងកម្មវិធីខាងលើ គឺមកពីគ្រឹះស្ថានសិក្សានានាក្នុងប្រទេសកម្ពុជា ហើយមានបេក្ខជនមួយចំនួន គឺចូលរួមជាលក្ខណៈផ្ទាល់ខ្លួន ដោយមិនមានតំណាងឲ្យស្ថាប័នមួយណាឡើយ។ នាថ្ងៃ ១មេសា ខាងមុខនេះ បេក្ខជនឆ្នើម ៨ក្រុម ដែលក្នុង១ក្រុមមានសមាជិក៣នាក់ តំណាងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នឹងប្រកួតប្រជែងតស៊ូមតិលើកទី៧នោះ។ ដោយឡែកបេក្ខជន ១០រូបទៀត ជាបេក្ខជនឯករាជ្យ នឹងប្រកួតផ្នែកវោហាស័ព្ទជាសាធារណៈក្នុងឆ្នាំទី៤ របស់ JCI ។
សម្រាប់ប្រធានបទសម្រាប់ការប្រកួតឆ្នាំនេះ គឺនិយាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាពសហស្សវត្សនៃអង្គការសហប្រជាជាតិ (United Nation Sustainable Development Goals) ដែលផ្តោតសំខាន់លើបញ្ហាស៊ីជម្រៅដូចជា ការកាត់បន្ថយភាពក្រីក្រ បរិស្ថាន និងការអប់រំជាដើម។ បេក្ខជនដែលប្រកួតប្រជែងនឹងបង្ហាញសមត្ថភាពពួកគេ ក្នុងការត្រិះរិះ និងវិធីដោះស្រាយបញ្ហាខាងលើ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីការប្រកួតពានរង្វាន់ ខាងលើ អ្នកស្រី ជា សុផល្លា ជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា បានលើកឡើងថា យុវជនដែលចូលរួមវេទិកាខាងលើនេះ គឺមានភាពក្លាហាន ហ៊ានបញ្ចេញមតិយោបល់ ដេញដោលលើប្រធានបទពាក់ព័ន្ធ សម្រាប់ការដោះស្រាយលើបញ្ហាកើតមានក្នុងសហគមន៍របស់ពួកគេ ឬការអភិវឌ្ឍសង្គមជាតិ អន្តរជាតិ។ អ្នកស្រីបន្តថា យុវជនកម្ពុជា បើប្រៀបធៀបនឹងយុវជននៅបណ្ដាប្រទេសអភិវឌ្ឍ គឺពួកគេមានសមត្ថភាពមិនចាញ់គ្នានោះទេ ទាំងចំណេះដឹង និងសមត្ថភាពនិយាយភាសាអង់គ្លេស តែយ៉ាងណាមិញអ្នកស្រីបានអំពាវនាវឲ្យបេក្ខជនកម្ពុជាចូលរួមប្រកួតទាំងអស់ ឲ្យខិតខំប្រឹងប្រែង និងមិនគួរមើលងាយសមត្ថភាពគូប្រកួតនោះឡើយ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៥ កន្លងទៅយុវតី តារា រ័ត្ន ជាបេក្ខជនប្រកួតវោហាស័ព្ទ ជាសាធារណៈ តំណាងប្រទេសកម្ពុជា បានទទួលជ័យលាភីនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនៅ ក្នុងកាណាហ្សាវ៉ាកប្រទេសជប៉ុន ដោយមានបេក្ខជនពី៤តំបន់អឺរ៉ុប អាហ្វ្រិក អាមេរិក និងអាស៊ីបាស៊ីហ្វិកចូលរួម។
នេះជាឆ្នាំទី៧ហើយ ដែលសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជារៀបចំ ឲ្យមានវេទិកាប្រកួតប្រជែងផ្នែក តស៊ូមតិបែបនេះនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាឆ្នាំទី៤ ដែលវេទិកាប្រកួតប្រជែងវោហាស័ព្ទ ជាសាធារណៈត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសំណាក់និស្សិត និងមហាជនផ្សេងៗ៕