- 2017-07-25 02:55:48
- ការអប់រំ
អតីតជយលាភីគ្រូបង្រៀនឆ្នើម ប្រាប់គន្លឹះយកពិន្ទុខ្ពស់ថ្ងៃប្រឡងបាក់ឌុប
- 2017-07-25 02:55:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតជយលាភីគ្រូបង្រៀនឆ្នើម ប្រាប់គន្លឹះយកពិន្ទុខ្ពស់ថ្ងៃប្រឡងបាក់ឌុប
ចន្លោះមិនឃើញ
ដើម្បីឱ្យសិស្សានុសិស្សថ្នាក់ទី ១២ ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប អាចទទួលបានពិន្ទុច្រើនក្នុងពេលប្រឡង លោកគ្រូ ហៃ ប៉ាហ៊ិន អតីតជ័យលាភីគ្រូបង្រៀនឆ្នើម ឆ្នាំសិក្សា ២០១៣-២០១៤ បានប្រាប់គន្លឹះខ្លីៗមួយចំនួនដូចខាងក្រោម៖
គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា បានលើកឡើងថា សិស្សានុសិស្សទាំងអស់ត្រូវមើលលំហាត់ ឬសំណួរឱ្យអស់សិន មុននឹងចាប់ផ្ដើមធ្វើកិច្ចការ។ ចំណុចសំខាន់ គឺត្រូវចាប់ផ្ដើមធ្វើពីសំណួរ ឬលំហាត់ងាយស្រួលមុន ដើម្បីសន្សំពិន្ទុ ប៉ុន្តែប្រសិនបើងាយស្រួលគ្រប់សំណួរ ត្រូវចាប់ផ្ដើមធ្វើពីសំណួរ ឬលំហាត់ណា មានពិន្ទុច្រើនមុន ជៀសវាងប្រការណាមួយកើតឡើងដោយចៃដន្យ បង្ករឱ្យសាម៉ីខ្លួនប្រឡងលែងកើត ដូចជា បញ្ហាសុខភាពជាដើម។
អតីតជ័យលាភីគ្រូបង្រៀនឆ្នើមខាងលើ បញ្ជាក់បន្ថែមថា សិស្សដែលបានធ្វើរួចរាល់មុនម៉ោង មិនត្រូវយកទៅដាក់មុនម៉ោងទេ ត្រូវអង្គុយពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់ឡើងវិញ ជាពិសេសការគិតលេខ ព្រោះលំហាត់ខ្លះស្រួល ប៉ុន្តែបើការគិតលេខខុសតែបន្តិច នឹងនាំឱ្យការខំប្រឹងប្រែងក្លាយជាអសារបង់មិនខាន។
មួយវិញទៀតសិស្សថ្នាក់ទី ១២ ត្រូវស្វែងរកអត្រាកំណែចាស់ ដើម្បីឱ្យដឹងថា ការសរសេររបៀបណា ទទួលបានពិន្ទុ និងការសរសេររបៀបណាមិនទទួលបានពិន្ទុ ជៀសវាងការខ្ជះខ្ជាយពេលវេលា និងធ្វើត្រូវតែមិនទទូលបានពិន្ទុ។
លោកគ្រូ ហៃ ប៉ាហ៊ិន ធ្លាប់ទទួលបានពានរង្វាន់ជ័យលាភីគ្រូបង្រៀនឆ្នើមលេខ ៣ ឆ្នាំសិក្សា ២០១៣-២០១៤ ពីក្រសួងអប់រំ យុវជន និងកីឡា ហើយបច្ចុប្បន្នលោកគ្រូ បង្រៀននៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្លារម ក្នុងខេត្តតាកែវ៕