• 2017-07-27 04:31:01
  • ការអប់រំ

មិន​ធ្លាប់​ជិះ​យន្តហោះ ចង់​សាក​ក្នុង​ស្រុក ដឹង​ប៉ុន្មាន​ចំណុច​នេះ​ហើយ​លែង​ស្ទាក់​ស្ទើរ

  • 2017-07-27 04:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​គ្នា តែង​ស្រមៃ ចង់​សាក ចង់​ស្គាល់​គ្រប់​រសជាតិ​នៅ​ក្នុង​ជីវិត ហើយ​ក្នុង​នោះ​ការ​ជិះ​យន្តហោះ​ក៏​ជា​ក្ដី​ប្រាថ្នា​មួយ​ដែរ។ អ្នក​ខ្លះ​គិត​ថា លុះ​ត្រា​តែ​មាន​លិខិត​ឆ្លង​ដែន ឬ​ចេញ​ទៅ​ក្រៅ​ប្រទេស ទើប​អាច​ជិះ​យន្តហោះ​បាន ប៉ុន្តែ​បើ​ត្រឹម​ហោះ​ហើរ​ក្នុង​ស្រុក មិន​ពិបាក​ឡើយ។

១. ឯកសារ​ភ្ជាប់ សម្រាប់​កក់​សំបុត្រ​យន្តហោះ

អ្នក​ស្រី ហូ សុធា នាយិកា​ក្រុមហ៊ុន​​ទេសចរណ៍​​ ធូវើលដ៍ ត្រាវែល បាន​បញ្ជាក់​ថា ដោយសារ​ជា​ការ​ហោះហើរ​ក្នុង​ស្រុក ដូច​នេះ​អ្នក​ដំណើរ មិន​ទាម​ទារ​ឲ្យ​មាន​លិខិត​ឆ្លង​ដែន​ឡើយ ដោយ​គ្រាន់​តែ​ភ្ជាប់​ជាមួយ​ឯកសារ​មួយ​ចំនួន​ដូច​ជា អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណ​បើកបរ ឬ​កាត​សិស្ស ក៏​អាច​កក់​សំបុត្រ​យន្តហោះ​បាន​ដែរ។ ចំណែក​ឯ​សំបុត្រ​កំណើត អាច​ប្រើ​បាន​សម្រាប់​តែ​ក្មេង​តូច​ប៉ុណ្ណោះ។

២. តម្លៃ​សំបុត្រ

តម្លៃ​សំបុត្រ​ផ្លូវការ សម្រាប់​ជើង​ហោះហើរ ភ្នំពេញ-សៀមរាប, ភ្នំពេញ-ខេត្ត​ព្រះសីហនុ និង​ខេត្ត​ព្រះសីហនុ-សៀមរាប គឺ ៣៨​ដុល្លារ​សម្រាប់​តែ​ទៅ (One Way) និង ៧៦​ដុល្លារ​សម្រាប់​ទៅ-មក (Round Trip)។ ប៉ុន្តែ​ជា​ទូ​ទៅ តម្លៃ​អាច​ថោក​ជាង​នេះ ទៅ​តាម​រយៈ​ពេល​កក់ និង​កម្មវិធី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នីមួយៗ ហើយ​កម្រ​មាន​អ្នក​ទិញ​សំបុត្រ​ពេញ​ថ្លៃ​ណាស់។

ប្រសិន​បើ​មាន​គម្រោង​ច្បាស់​លាស់ ប្រិយមិត្ត​អាច​កក់​បាន​សំបុត្រ​យន្តហោះ​ក្នុង​កម្មវិធី​ពិសេស​ត្រឹម ២៣ ឬ ២៤​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​សំបុត្រ​ទៅ​មក ភ្នំពេញ-សៀមរាប។ សំបុត្រ​អាច​កក់​បាន​តាម​រយៈ​វិបសាយ ឬ​ការិយាល័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​ជើង​ហោះហើរ​ក្នុង​ស្រុក​ទាំង៤ និង​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​នានា។ ​

៣. ឥវ៉ាន់​ដែល​យក​តាម​ខ្លួន

វ៉ាលិស​អាច​ដាក់​បាន​រហូត​ដល់​ទម្ងន់ ២០​គីឡូក្រាម។ របស់​ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ដាក់​ក្នុង​វ៉ាលិស សុទ្ធតែ​ជា​របស់​ដែល​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ឡើយ ដូច​ជា​គ្រឿង​ផ្ទុះ ថ្នាំ​ពុល ហ្គាស៍ គ្រឿង​ញៀន របស់​ដែល​អាច​ផ្ទុះ​ឆេះ សរីរាង្គ​មនុស្ស និង​របស់​ហាម​ឃាត់​ជា​ច្រើន​ទៀត។ ចំណែក​របស់​ដែល​មិន​គួរ​ដាក់​តាម​វ៉ាលិស គឺ​លុយ កុំព្យូទ័រ ទូរសព្ទ របស់​មាន​តម្លៃ​ផ្សេង​ៗ ដែល​អាច​បាក់​បែក និង​បាត់​បង់។

ចំណែក​កាបូប​យួរ​ដៃ អាច​ដាក់​របស់​ប្រើ​ប្រាស់​មួយ​ចំនួន និង​គ្រឿង​មាន​តម្លៃ​​នានា ដែល​អាច​ការពារ​ការ​បាត់​បង់។ ចំពោះ​របស់​ហាម​ឃាត់ គឺ​សារជាតិ​រាវ​លើស​ពី ១០០មីល្លីលីត្រ របស់​មុត​ស្រួច កាំភ្លើង ដែក​កេះ ឈើគូស សាច់​ស្រស់ និង​គ្រឿង​ឆាប​ឆេះ​នានា ហើយ​បច្ចុប្បន្ន Power Bank មួយ​ចំនួន ក៏​អាច​ពិបាក​យក​តាម​ខ្លួន​ដែរ។ កាបូប​យួរ​ដៃ ​កំណត់​ត្រឹម​ទម្ងន់ ៧គីឡូក្រាម។ ​

៤. ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​ប្រតិបត្តិការ

បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍៤ កំពុង​ដឹក​អ្នក​ដំណើរ​ក្នុង​ស្រុក ដែល​ក្នុង​នោះ​មាន៖

  • ក្រុមហ៊ុន Bassaka Air

  • ក្រុមហ៊ុន Cambodia Angkor Air

  • ក្រុមហ៊ុន Cambodia Bayon Airlines

  • ក្រុមហ៊ុន JC Airlines

ក្រុមហ៊ុន​ទាំង​នេះ មាន​ជើង​ហោះហើរ​ទៅ-មក ភ្នំពេញ-សៀមរាប និង សៀមរាប-ខេត្ត​ព្រះ​សីហនុ​ទៀង​ទាត់​ជា​​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​សម្រាប់​ជើង​ហោះហើរ ភ្នំពេញ-ខេត្ត​ព្រះសីហនុ មិន​ទៀង​ទាត់​ឡើយ ព្រោះ​អាស្រ័យ​ទៅ​លើ​អ្នក​ដំណើរ ប្រសិន​បើ​តិច​ពេក នឹង​លើក​ពេល​ទៅ​ជើង​ក្រោយ​ទៀត។

៥. រយៈ​ពេល​ហោះហើរ

សុទ្ធតែ​ចំណាយ​ពេល​តិច​ជាង ៤០​នាទី​ទាំង​អស់ ប្រសិន​បើ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រភេទ Airbus A320។

  • ភ្នំពេញ-សៀមរាប៖ ប្រហែល ២៨-៣៥​នាទី
  • ភ្នំពេញ-ខេត្ត​ព្រះសីហនុ៖ ប្រហែល ៣០-៤០​នាទី
  • ខេត្ត​ព្រះសីហនុ-សៀមរាប៖ ប្រហែល ៣៣-៤០​នាទី

អត្ថបទ៖ គង់ វិសាល

មតិយោបល់