- 2017-08-22 02:31:44
- ការអប់រំ
តស៊ូប៉ះកង់ម៉ូតូ រហូតកូនបានរៀនចប់ អនុបណ្ឌិតនៅចិន
- 2017-08-22 02:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តស៊ូប៉ះកង់ម៉ូតូ រហូតកូនបានរៀនចប់ អនុបណ្ឌិតនៅចិន
ចន្លោះមិនឃើញ
ក្នុងអាជីពជាជាងជួសជុលម៉ូតូ និងប៉ះអ៊ុតកង់ម៉ូតូ លោក ស្រួច ខេង បានប្រាប់ថា លោកបានប្រកបរបរនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ របរនេះហើយដែលបានជួយឱ្យលោកពូមានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់កូនៗ រហូតដល់ថ្នាក់មហាវិទ្យាល័យ និងឈានដល់ថ្នាក់អនុបណ្ឌិតនៅឯប្រទេសចិន។
បុរសសម្បុរស្រអែមខាងលើលើកឡើងដូច្នេះ៖" ខ្ញុំប្រកបរបរនេះ (ជាងម៉ូតូ) តាំងពីឆ្នាំ៩០ជាងម៉េះ...តាំងពីឆ្នាំ៩៣ ក្រោយរៀបការជាមួយប្រពន្ធខ្ញុំ។" ដោយឡែកបើនិយាយពីចំណូលវិញលោកពូមិនអាចបញ្ជាក់ច្បាស់នោះទេ ដោយសារតែឥវ៉ាន់ចេញចូលរហូត ហើយមិនដែលបានកត់ទុកនោះទេ។
លោកពូជាងម៉ូតូប្រាប់ថា៖ "ឥវ៉ាន់ចេញចូលៗរាល់ថ្ងៃ មកចឹងទៅខ្វះអីទិញត ជូនកាល៥០ម៉ឺន ជួនកាល២០ម៉ឺន ជួន២លានអីចឹងទៅ...ទិញទុក...ទុកអស់ចឹងទៅទិញវិញទៀត។ និយាយទៅពិបាកគិត ព្រោះបានពីធ្វើម៉ូតូចឹង យកទៅឱ្យជ្រូកស៊ីខ្លះផងអីផង ចឹងមិនដឹងចំណូលប៉ុន្មានទេ។"
បុរសកូនបួនបញ្ជាក់ថា គាត់បានខិតខំជំរុញឱ្យកូនឱ្យសិក្សារៀនសូត្រ ដោយមិនគិតពីការលំបាករបស់ខ្លួននោះទេ ក្នុងគោលបំណងតែមួយគត់គឺដើម្បីឱ្យកូនៗមានការងារធ្វើល្អ រស់នៅថ្លៃថ្នូរក្នុងសង្គម ហើយមិនចង់ឱ្យកូនប្រើកម្លាំងបាយដើម្បីប្ដូរយកប្រាក់ដូចគាត់។ "បើរៀនឆ្លាតចេះរុញវា(កូន)ទៅ...ឱ្យវារៀនទៅកុំឱ្យដូចខ្ញុំចឹងទាល់ធ្វើការងារទៅវាយ៉ាប់ណាស់ ដល់ពេលវារៀនចេះ រៀនអីទៅមានប្រាក់ខែវាធូរ...បើរៀនចេះទាំងអស់ខ្ញុំរុញទៅទាំងអស់ហ្នឹង អត់ឱ្យធ្វើអីទេ ធ្វើស្រែធ្វើម៉ូតូអីអត់ឱ្យធ្វើទេ ឱ្យវាទៅឱ្យមានប្រាក់ខែប្រាក់អីទៅ។"
លោកពូបានឱ្យដឹងថា កូនប្រុសច្បងបានរៀនចប់មហាវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ហើយបានបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសចិនរហូតបានជោគជ័យ។ ហេង ម៉េងហៀង ដែលជាកូនប្រុសច្បងអាចបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសចិនក៏ដោយសារតែប្រឡងជាប់ទទួលបានអាហារូបករណ៍ទាំងស្រុង ហើយចេះចាយវាយសន្សំសំចៃ ដែលអាចផ្គត់ផ្គង់ដល់គាត់ខ្លះទៀតផង។
លោក ស្រួច ខេង បន្តថាលោកចេះធ្វើម៉ូតូនេះតាមប្អូនរបស់គាត់ ដែលបានទៅរៀននៅសាលាបច្ចេកទេស ហើយត្រឡប់មកវិញជួយបង្រៀនគាត់រហូតដល់ចេះស្ទាត់ មុនពេលដែលចាកចេញទៅបើកទីតាំងផ្សេង។ ចំណែកឯភរិយារបស់លោកវិញ មិនមានមុខរបរអ្វីក្រៅនោះទេ គឺជាស្ត្រីមេផ្ទះ៕