• 2017-09-26 02:51:37
  • ការអប់រំ

ចេះ​ប៉ុន្មាន​ក្បាច់​នេះ ពេលមក​រៀន​នៅ​ភ្នំពេញ ដឹង​តែ​អនាគត​រស់​ស្រួល

  • 2017-09-26 02:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មួយ​ឆ្នាំៗ​មាន​និស្សិត​រាប់​ពាន់​នាក់​ចាក​ចេញ​ពី​ស្រុក​កំណើត មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​អនាគត​រៀង​ខ្លួន។ ដូច្នេះ​តើ​គួរ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់ ជូន​ខ្លួន​ឯង​ក៏​ដូច​ជា​គ្រួសារ? ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​បំផុត គួរ​ដក​ស្រង់​យក​ទៅ​ប្រើប្រាស់ អំឡុង​ពេល​មក​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ៖

១. កុំ​ខ្លាច​ញញើត​ញញើម​តែ​ត្រូវ​ប្រយ័ត្ន​ជា​និច្ច'

បើ​តាម​ការ​លើក​ឡើង​របស់​លោក សេរី ឧត្ដម ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​លើក​ឡើង​ថា ភាព​ក្លាហាន​សម្រាប់​និស្សិត​មក​ពី​បណ្ដា​ខេត្ត​ពិត​ជា​សំខាន់​បំផុត ដើម្បី​មុជ​បាន​ជ្រៅ​ទៅ​បាន​ឆ្ងាយ។ ត្រង់​ចំណុច​នេះ​សំដៅ​ថា មិន​ថា​រឿង​អ្វី​ត្រូវ​ហ៊ាន​សួរ ហ៊ាន​ដើរ​ ហ៊ាន​និយាយ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស៊ើប​សួរ​ពី​កន្លែង​ស្នាក់​នៅ កន្លែង​រៀន កន្លែង​លក់​អាហារ កន្លែង​លក់​សំលៀក​បំពាក់​ជា​ដើម គឺ​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​ហំ​ហាន កុំ​បង្ហាញ​ឫកពា​ញញើត​ញញើម​ពេក។ ប្រសិន​បើ​មាន​ភាព​ក្លាហាន​តាំង​ពី​រឿង​តូច​ៗ​នេះ​ឡើង ទៅ​ថ្ងៃ​មុខ​មិន​ថា​ទៅ​ដល់​ទីណា យើង​មិន​ដែល​នៅ​ក្រោម​គេ​ទេ។​​

២. រៀន​ប្រឡូក​ក្នុង​សង្គម​ឱ្យ​ច្រើន

លោក សេរី ឧត្ដម ដដែល​បន្ថែម​ទៀត​ថា ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក គឺ​ការ​ប្រឡូក​ក្នុង​សង្គម​ឱ្យ​បាន​ច្រើន ដើម្បី​ប្រមូល​ផ្ដុំ​បទពិសោធន៍ ពង្រីក​ចំណេះ​ដឹង បង្កើន​ភាព​ក្លាហាន និង​ទទួល​បាន​ព័ត៌មាន​ល្អ​ៗ​ច្រើន។ ឧត្ដម​បន្ត​ទៀត​ថា ការ​ប្រឡូក​ក្នុង​សង្គម​នេះ តាម​រយៈ​ការ​ចូលរួម​កម្មវិធី​ប្រឡង​ប្រជែង​នានា កម្មវិធី​សិក្ខាសាលា វគ្គ​បណ្ដុះ​បណ្ដាល​នានា ដែល​សុទ្ធសឹង​តែ​ជា​ជង្រុក​ចំណេះ​ដឹង និង​បទ​ពិសោធន៍​អាច​យក​ទៅ​ប្រើប្រាស់​ថ្ងៃ​ក្រោយ។ ​

៣. បង្កើត​ទំនាក់ទំនង​ជាមួយ​បុគ្គល​មាន​ប្រយោជន៍​ឱ្យ​ច្រើន

ការ​បង្កើត​ទំនាក់ទំនង​ក៏​ជារឿង​សំខាន់​មិន​អាច​កាត់​ផ្ដាច់​បាន មិន​មែន​មក​ពី​រៀន​ចូល​ផ្ទះ ចេញ​ពី​ផ្ទះ​ទៅ​សាលា ម្នាក់​ឯង​ឆ្កុយ​ៗ​នោះ​ទេ គួរ​បង្កើត​ចំណង​មិត្ត​ភាព​ជាមួយ​មនុស្ស​ល្អៗ​ក្នុង​សង្គម​ឱ្យ​បាន​ច្រើន ដូច​ជា​លោកគ្រូ​អ្នក​គ្រូ សិស្ស​ពូកែ និង​អ្នក​ដែល​មាន​បទពិសោធន៍​ច្រើន​ក្នុង​ជីវិត។ តាម​រយៈ​ការ​សេពគប់​ជាមួយ​មនុស្ស​ទាំង​នេះ ធ្វើ​ឱ្យ​យើង​ទទួល​បាន​ព័ត៌មាន​ល្អ​ៗ​ច្រើន ការ​ផ្ទេរ និង​ចែក​រំលែក​ចំណេះដឹង​ដ៏​សម្បូរ​បែប ដែល​ជំរុញ​ឱ្យ​ការ​គិត​របស់​យើង​កាន់​តែ​ទូលំ​ទូលាយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ជី ដានិត ជា​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ​កន្លែង។

៤. ចាប់​ឱកាស​ល្អៗ

លោក ជី ដានិត មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ បន្ត​ទៀត​ថា បើ​មាន​ឱកាស​ល្អៗ​ណា​មួយ​មក​ដល់​ហើយ មិន​គួរ​ឱ្យ​រំលង​ផុត​ទៅ​ទេ មិន​ថា​ឱកាស​ការងារ​ស្ម័គ្រ​ចិត្ត ការ​ប្រឡង​ប្រជែង​សមត្ថភាព​នានា ឬ​ប្រឡង​យក​អាហារូបករណ៍​ជា​ដើម គួរ​ចូលរួម​សាកល្បង​ពី​សមត្ថភាព​ខ្លួន​ឯង។ ដានិត លើកឡើង​ថា ការ​ចាប់​ឱកាស​នេះ​ជា​ចំណុច​សំខាន់​បំផុត​ ក្នុង​ការ​ជំរុញ​ឱ្យ​យើង​មាន​ភាព​រីក​ចម្រើន និង​មាន​អនាគត​ល្អ។

៥. ព្យាយាម​ចំណាយ​ពេល​ធ្វើ​រឿង​មាន​ប្រយោជន៍​ឱ្យ​ច្រើន

ភាព​ភ្លើតភ្លើន​ ភាព​ភ្លេច​ខ្លួន​ អាច​នាំ​ទៅ​រក​ភាព​បរាជ័យ​ក្នុង​ជីវិត​សម្រាប់​អ្នក​មក​រៀន​នៅ​ភ្នំពេញ។ ដូច្នេះ​ហើយ​ត្រូវ​ជៀសវាង​ធ្វើ​រឿង​ដែល​ឥត​ប្រយោជន៍​ដូច​ជា ការ​សេពគប់​ជាមួយ​មនុស្ស​ភ្លើតភ្លើន ដើរលេង​ចំណាយ​លុយ​ដែល​ឪពុក​ម្ដាយ​ខំ​ឱ្យ ធ្វើ​ខ្លួន​ហ៊ឺហា​មិន​មើល​មាឌ​​ ត្រូវ​ជៀសវាង​ដាច់​ខាត។ ដូច្នេះ​គួរ​ចំណាយ​ពេល​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ច្រើន​ដូច​ជា ការ​សិក្សា​ភាសា​បរទេស រៀន​កុំព្យូទ័រ សិក្សា​ស្រាវជ្រាវ​ជាដើម។

៦. សិក្សា​​ឱ្យ​ត្រូវ​ទេពកោសល្យ និង​កំណត់​គោលដៅ​ឱ្យ​ច្បាស់​លាស់

ការ​ជ្រើសរើស​ជំនាញ​ឱ្យ​ត្រូវ​នឹង​ទេពកោសល្យ និង​កំណត់​គោលដៅ​បន្ទាប់​ពី​រៀន​ចប់​ គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​សម្រេច​ភាព​ជោគជ័យ​ក្នុង​ជីវិត មិន​មែន​ចេះ​តែ​រៀន​តាម​គ្នា តាម​ទីផ្សារ ដោយ​គ្មាន​គោលដៅ​ជាក់លាក់​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ ហេង សុខហាក់ បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ។

៧. ប្រឡូក​រឿង​ការងារ​កុំ​ខ្លាច​រឿង​ហត់

ប្រសិន​បើ​វាស់​ស្ទង់​សមត្ថភាព​ខ្លួន​ឯង​បាន​ច្បាស់លាស់ និង​បែង​ចែក​ពេលវេលា​បាន​ត្រឹមត្រូវ​ គួរ​តែ​ប្រឡូក​រឿង​ការងារ​ខ្លះៗ ដើម្បី​យក​បទពិសោធន៍ និង​អាច​សម្លឹង​ឃើញ​ពី​ឱកាស​ការងារ​ល្អៗ​ទៅ​ថ្ងៃ​មុខ​ទៀត។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​សាស្ត្រាចារ្យ ហេង សុខហាក់៕​​

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់