• 2018-05-09 01:51:28
  • ចរាចរណ៍

ក្ដៅៗ! ដឹងការពិតរឿងចោរជិត៣០ទូកកាត់ស្ពានបាឡេដែក ទើបសម្ពោធហើយ

  • 2018-05-09 01:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយ​តប​ជាមួយ​ Sabay នៅ​ព្រឹក​នេះ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី បាន​អះអាង​ថា មិន​មាន​ករណី​ចោរ​ជិះ​ទូក​ទៅ​កាត់​ស្ពាន​នោះទេ។ ការ​ផ្សាយ​ព័ត៌មាន​កាល​ពី​យប់​មិញ​នេះ គឺ​ជា​ការ​ផ្សាយ​ទាំង​មិន​បាន​សាកសួរ​សមត្ថកិច្ច​ច្បាស់​លាស់។ កាល​ពី​យប់​មិញ​នេះ​ពិត​ជា​មាន​ទូក​ជិះ​ទៅ​ក្រោម​ស្ពាន​បាឡេ​ដែក​មែន ប៉ុន្តែ​មិន​មែន​ដើម្បី​ទៅ​កាត់​ស្ពាន​ទេ គឺ​ពួក​គេ​គ្រាន់​តែ​ទៅ​រើស​កម្ទេច​កំទី​ដែក ដែល​ជ្រុះ​នៅ​ក្រោម​ស្ពាន​នោះ​តែ​ប៉ុណ្ណោះ។ ដែក​ទាំង​នោះ បាន​ធ្លាក់​ចូល​ទឹក​នៅ​ពេល​កំពុង​សាងសង់​ និង​មាន​តម្លៃ​អាច​លក់​បាន ទើប​ពួក​គេ​នាំ​គ្នា​ទៅរើស ហើយ​អ្នក​ទាំង​នោះ​មិន​មែន​ជា​ចោរ​ទេ។

«ខ្ញុំ​ពិត​ជា​មាន​ការ​ហួស​ចិត្ត​ខ្លាំង គ្មាន​ប្រវត្តិសាស្ត្រ​ឯ​ណា​ចោរ​ហ៊ាន​ទៅ​កាត់​ស្ពាន​នោះ​ទេ។ ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខ​មាត់​ប្រទេស​ជាតិ ក៏​ដូច​ជា​ក្រុម​ហ៊ុន​សាងសង់​ផ្ទាល់។» នេះ​ជា​ការ​លើក​ឡើង​ធ្ងន់​ៗ​របស់​លោក​ ម៉េត មាស​ភក្ដី។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បន្ត​ទៀត​ថា លោក​កំពុង​ទំនាក់ទំនង​ដល់​សារព័ត៌មាន​នោះ ដើម្បី​ធ្វើ​ការ​កែប្រែ​ព័ត៌មាន​នោះ​ចេញ​វិញ ក៏​ដូចជា​អប់រំ​ណែនាំ​ខ្លះ កុំ​ចេះ​តែ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បែប​នេះ​ត​ទៅ​ទៀត។

​សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៨ មាន​សារព័ត៌មាន​មួយ​បាន​ទៅ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់ ថា​មាន​ចោរជិត​៣០​ទូក​នាំ​គ្នា ទៅ​កាត់​ស្ពាន​បាឡេ​ដែក​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់។ ការ​ផ្សាយ​ព័ត៌មាន​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ទៅ​ដល់​ប្រជាពលរដ្ឋ​ និង​មាន​អ្នក​ចែក​រំលែក​បន្ត​រាប់​ពាន់​នាក់។ ​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់