• 2018-05-16 02:22:40
  • សេដ្ឋកិច្ច

អភិបាល​ខេត្ត​ព្រះ​សីហនុ​ បំភ្លឺ​រឿង​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ហូបអាហារ​ឡើងថ្លៃ

  • 2018-05-16 02:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម យន់ មីន អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ឆ្លើយ​តប​ទៅ​នឹង​មូល​ហេតុ ដែល​បណ្តាល​ឱ្យ​ផ្ទះ​សំណាក់​ សណ្ឋាគារ និង​ម្ហូប​អាហារ​នៅ​ក្នុង​ខេត្ត​ឡើង​ថ្លៃ​ ​បន្ទាប់​ពី​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ បាន​ចោទ​សួរ​ទៅ​ឯកឧត្ដម​ផ្ទាល់​ជុំវិញ​បញ្ហា​នេះ។

ឯកឧត្ដម យន់ មីន អភិបាល​ខេត្ត​ព្រះសីហនុ​

 

​ឯកឧត្ដម​បាន​ឱ្យ​ដឹង​ថា កត្តា​ធំ​ជាង​គេ គឺ​ការ​ផ្គត់ផ្គង់​ទាប​ជាង​តម្រូវការ។ ​តម្រូវ​ការ​កើន​ឡើង លឿន​ពេក ធ្វើ​អោយ​អ្នក​ផ្គត់ផ្គង់​មិនទាន់ ដូច្នេះ​អ្វីៗ​ត្រូវ​ឡើង​ថ្លៃ​ទៅ​តាម​គន្លង​នៃ​ទ្រឹស្ដី​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ ប៉ុន្តែ​ប្រសិន​បើ​ទាំង​អស់​គ្នា​មើល តាម​ផ្លូវ​ល្អ​វិញ​នឹង​ឃើញ​ថា អ្វីៗ​ទាំងអស់​នេះ គឺ​ជា​កត្តា​រុញ​កំណើន​សេដ្ឋកិច្ច​យើង​ទាំងអស់ ដោយ​បងប្អូន​យើង​នឹង​ខិតខំ​សាងសង់​ផ្ទះ​ជួល សណ្ឋាគារ ផ្ទះសំណាក់ បន្ថែម ហើយអ្នក​នេសាទ អ្នក​ដាំ​បន្លែ ក៏ត្រូវ​ប្រឹង​ជាង​មុន។ ​ជាក់​ស្ដែង​ណាស់ ​ឃើញ​ទាំង​ទាំងអស់​គ្នា សំណង់​សណ្ឋាគារ ខុនដូ និង​ផ្ទះ​ជាច្រើន កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាងសង់ ហើយ​អ្នក​ខ្លះ កំពុង​រក​ទិញ​ដី​សាងសង់ (ធ្វើ​ឲ្យ​ដី​ឡើង​ថ្លៃ)។  

«ប្រសិន​បើ​សំណង់​ទាំង​នោះ​ត្រូវបាន​បញ្ចប់​ដាក់ឱ្យ​ដំណើការ​វិញ​នោះ បញ្ហា​ខ្វះ​បន្ទប់ជួល នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ជា​បន្តបន្ទាប់​មិនខាន ។ ចំពោះ​មុខ​នេះ បងប្អូន​យើង​មួយ​ចំនួន មិន​សប្បាយចិត្ត តែ​ដំណើរ​វិវត្ត​នៃ​សេដ្ឋកិច្ច​លូត​លាស់ ធ្វើ​ម៉េច​នឹង​គេច ផុត​ពី​ដំណាក់កាល​នេះ​រួច? សូម​យើង​គិត​តាម​ផ្លូវល្អថា ចំពោះ​មុខ​នេះ យ៉ាង​ហោច​ណាស់​ក៏​ម្ចាស់​ផ្ទះជួល អ្នកនេសាទ អ្នកដាំ​បន្លែ កសិករ​យើង​ជាខ្មែរ​ទាំងអស់គ្នា បាន​ផល​ពីការ​រីក​ចំរើន​នេះ​ដែរ»។

  កន្លង​មក​​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្តព្រះ​សីហនុ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook តែង​រអ៊ូរទាំ​​ពី​ការ​ឡើង​ថ្លៃ​បន្ទប់​​ផ្ទះសំណាក់ សណ្ឋាគារ និង​ម្ហូប​អាហារ​ជាដើម​ ដែល​សកម្មភាព​នេះ​ បាន​កើត​​ឡើង​មាន​ព្រម​គ្នា​នឹង​កំណើន​ទេសចរ​ជនជាតិ​ចិន​​មក​ទស្សនា​នៅ​ខេត្ត​ព្រះ​សីហនុ​យ៉ាង​គំហុក។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​​សមាគម​​ទី​ភ្នាក់​ងារ​​ទេសចរណ៍​​កម្ពុជា​ប្រាប់​ sabay ​ឲ្យ​ដឹង​ថា ​​កន្លង​មក​ភ្ញៀវ​ទេសចរ តែង​​រអ៊ូរទាំ​ជុំវិញ​បញ្ហា​នេះ​ ក្នុង​នោះ​មិន​មែន​តែ​អ្នក​​ទេសចរ​ខ្មែរ​ទេ សូម្បី​ភ្ញៀវ​អឺរ៉ុប​ក៏​លើក​ឡើង​ពី​បញ្ហា​តម្លៃ​នេះ​ដែរ។ អ្នក​ស្រី​ថា បើ​សិន​ជា​ផ្នែក​ពាក់ព័ន្ធ​មិន​អាច​ដោះស្រាយ​​​បាន​ទាន់​ពេល​អនាគត​ខេត្ត​ព្រះសីហនុ​នឹង​ក្លាយ​ជា​គោល​ដៅ​ទេសចរ​សម្រាប់​តែ​អ្នក​មាន​ចំណូល​ខ្ពស់​ប៉ុណ្ណោះ។

«ខេត្ត​ព្រះ​សីហនុ គឺជា​ខេត្ត​ដែល​មាន​សក្ដានុពល​ទេសចរ​យើង​ចង់​ឃើញ​​គ្រប់​គ្នា​អាច​ទៅ​កម្សាន្ត​ទីនោះ​បាន​ទាំង​ភ្ញៀវជាតិ​ និង​អន្តរជាតិ​ជាពិសេស​ភ្ញៀវ​មកពី​អឺរ៉ុប​ ដោយ​មិន​ពឹង​តែ​ភ្ញៀវ​ជនជាតិ​ចិន​នោះ​ទេ។ សៀមរាប​គឺជា​ខេត្ត​គោលដៅ ទេសចរ​ធំ​មួយ​របស់​កម្ពុជា ប៉ុន្តែ​បញ្ហា​តម្លៃ​ផ្ទះសំណាក់ សណ្ឋាគារ​ និង​ម្ហូប​អាហារ​ជាដើម​មិន​ហក់​​ឡើង​ខ្លាំង​ដូច​ព្រះសីហនុ​ពេក​ទេ​”។

លោក តាំង វិចិត្រ​គ្រឹះ​ស្នា​ ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ​បាន​​ថ្លែង​ប្រាប់​ Sabay​ ថា​ ​បន្ទប់​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​​បច្ចុប្បន្ន​​មាន​​ចន្លោះ​ពី​ ៨០០ បន្ទប់​ទៅ​ ៩០០​បន្ទប់​ប៉ុណ្ណោះ។ ដូច្នេះ​ទើប​តម្រូវ​ឱ្យ​មាន​ការ​សាងសង់​ថ្មី​បន្ថែម​ទៀត​ កាលពី​ឆ្នាំ​ ២០១៧ ដែល​​អ្នក​វិនិយោគ​ភាគ​ច្រើន​ជា​ជនជាតិ​ចិន។ ដូច្នេះ​នៅ​​ឆ្នាំ​២០១៩ ខាង​មុន​នឹង​មា​​ន​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ ចំនួន៤​បន្ថែម​ទៀត​ ដាក់​ឱ្យ​ដំណើរ​ការ។  

ឆ្នាំ​២០១៧​កន្លងមក​ខេត្ត​ព្រះសីហនុ​​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​ ២លាននាក់​ ក្នុង​នោះ​ជាង ៤០​ម៉ឺន​នាក់ ​គឺជា​ភ្ញៀវ​បរទេស ហើយ​ខេត្ត​នឹង​បន្ត​រក្សា​កំណើន​បែប​នេះ​បន្ត​ទៀត​ក្នុងរង្វង់​ចន្លោះ​ពី​ ១០% ទៅ​១៥%។ និយាយ​ដោយ​ឡែក​តែ​ភ្ញៀវ​ជនជាតិ​ចិន​គឺ​បាន​កើន​ឡើង​ជាង ១០០%។ ដូច្នេះ​ធម្មតា​កាល​ណា​ភ្ញៀវ​ទេសចរ​កើន​ឡើង​យើង​ត្រូវ​ការ​ផ្គត់​ផ្គង់​ ច្រើន​​​ទាំង​កន្លែង​ស្នាក់​នៅ និង​​ផ្នែក​សេវាកម្ម​កម្សាន្ត​៕                  

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទថ្មី