• 2018-05-23 03:14:39
  • សេដ្ឋកិច្ច

សំណើពិសេសមួយ ជួយពលរដ្ឋបន្ថយការជក់បារី គឺដំឡើងថ្លៃគុណ ៦ដង

  • 2018-05-23 03:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​យុវជន​កម្ពុជា​បាន​ស្នើរាជរដ្ឋា​ភិបាល​បង្កើន​ពន្ធ​បន្ថែម​​លើ​បារី​ឲ្យ​បាន​រហូត​ដល់ ​៧០ភាគរយ​ ពោល​គឺ​ធ្វើឲ្យ​តម្លៃ​បារី​ទាប​បំផុត​ចាប់ពី ៦ ០០០រៀល ទៅ១០ ០០០រៀល ក្នុង​មួយ​កញ្ចប់ ​ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ការជក់បារី។​​ សំណើរ​នេះ​ធ្វើ​ឡើង​​ផ្អែក​តាម​លទ្ធផល​ស្ទង់ មតិ​របស់​ក្រុម​យុវជន​កាលពីឆ្នាំ២០១៧​ ក្រោម​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ដេប៉ាតឺម៉ង់ចិត្តវិទ្យា​នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពិថ្ងៃទី ២២ ឧសភា ២០១៨។

​លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ថា ការដំឡើងថ្លៃនេះ ​គឺជាមធ្យោបាយដ៏សំខាន់អាចធ្វើឱ្យអ្នកជក់បារីមួយចំនួនពិចារណាឈានទៅកាត់បន្ថយការជក់បារី និងឈប់ជក់បារី ដោយសារតែបារីកាន់តែមានតម្លៃថ្លៃ។

​លោក ស្រី សុជាតិ អនុប្រធានការិយាល័យអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងតែពិចារណាក្នុងការតំឡើងពន្ធបារី នេះបន្ថែមទៀត ប៉ុន្តែការតំឡើងនេះក៏ត្រូវពឹងផ្អែកទៅលើចំណូល និងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

លោកថា ប្រសិនបើកាលណាពន្ធត្រូវបានតំឡើងនោះ តម្រូវការ ប្រើប្រាស់បារីនឹងថយចុះ ខណៈដែលការសិក្សាបានឱ្យដឹងថា បើគ្រាន់តែតំឡើងពន្ធត្រឹម តែ ១០ភាគរយ នោះអាចកាត់បន្ថយការប្រើប្រាស់បារីចាប់ពី២ភាគរយ ទៅ៨ភាគរយ នៃចំនួន អ្នកប្រើប្រាស់សរុបទំាងអស់ជាង២លាននាក់។

យោងតាមរការស្រាវជ្រាវបានបង្ហាញថា បច្ចុប្បន្នផលិតផលបារីក្នុងទីផ្សារកម្ពុជានៅមានតម្លៃទាប ដោយជា មធ្យមត្រឹមតែ១ ០០០រៀល ក្នុងមួយកញ្ចប់ ចំពោះតម្លៃបារីថោក និងតម្លៃ៥ ០០០រៀល ចំពោះបារីថ្លៃ។ ក្នុង​មួយ​ឆ្នាំ​ ចំណាយសម្រាប់​ការ​ទិញ​បារី​​មាន​ប្រមាណ ២០០ លានដុល្លារ​អាមេរិក​ រួមទាំងចំណាយ​ទាក់​ទង​នឹង​ការ​ព្យាបាល​ជំងឺ ការ​បាត់បង់​កម្លាំង​ពលកម្ម​ ដោយសារ​ជំងឺ​ដែល​បង្ក​ដោយ​ថ្នាំជក់​មាន​ប្រមាណ ១៦,៧​ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ដោយឡែក​ប្រសិនបើ​ប្រជាជន​ ឈប់​ជក់បារី​ទាំង​ស្រុង​បាន​នោះ កម្ពុជា​នឹង​ចំណេញ​ថវិកា​ដល់​ទៅ​ជាង ៣០០លានដុល្លារអាមេរិក។ នេះ​បើ​តាម​ប្រសាសន៍ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ  អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​ ធ្លាប់អះអាង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានត្រាពន្ធលើផលិតផលថ្នាំជក់ត្រឹមតែ២៥ភាគទៅ៣០ ភាគរយប៉ុណ្ណោះ ស្រប​ពេល​ប្រទេសថៃ​ ​មានអត្រាពន្ធរហូតដល់៧០ភាគរយ​ ​និង​សិង្ហបុរី មាន​ចំនួន៦៦ ​ភាគរយ​នៃតម្លៃ​លក់រាយ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់