- 2018-06-09 05:00:25
- ការអប់រំ
ហេតុផល១២យ៉ាង បញ្ជាក់ថាអ្នកចូលចិត្តដើរលេង មានឱកាសជោគជ័យច្រើន
- 2018-06-09 05:00:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល១២យ៉ាង បញ្ជាក់ថាអ្នកចូលចិត្តដើរលេង មានឱកាសជោគជ័យច្រើន
ចន្លោះមិនឃើញ
មនុស្សជាច្រើនមានកម្លាំងចិត្តឡើងវិញ និងបានធ្វើឲ្យខ្លួនឯងផ្លាស់ប្ដូរបន្ទាប់ពី ធ្វើដំណើរកម្សាន្តនៅកន្លែងផ្សេងៗ ជាពិសេសនៅបរទេស។ បទពិសោធន៍ដែលបានមកពីការដើរកម្សាន្ត ធ្វើឲ្យពូកគេដឹងថា ពិភពលោកពិតជាស្រស់ស្អាត ហើយត្រូវចេះរៀនចែករំលែកគ្នា បើកចិត្តឲ្យទូលាយ និងចេះឲ្យតម្លៃអ្វីៗដែលនៅជុំវិញខ្លួន។ ខាងក្រោមនេះជាហេតុផលអាចបញ្ជាក់យ៉ាងច្បាស់ថា អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត មានឱកាសជោគជ័យច្រើន៖
១. ចេះធ្វើគម្រោងការដោយខ្លួនឯង
មិនថាកន្លែងដែលត្រូវទៅ ឬកន្លែងស្នាក់នៅទេ អ្នកតែងតែមានការគ្រោងទុក ដោយខ្លួនឯង ទោះបីជាគម្រោងតូចតាចក៏ដោយ វាអាចជាមេរៀនសម្រាប់អ្នកក្នុងការសម្រេចផែនការធំទៅថ្ងៃមុខ។
២. ព្រមទទួលយកអ្វី ដែលមិនបានដូចការរំពឹងទុក
លើលោកនេះអ្វីៗប្រែប្រួលមិនទៀងឡើយ សូម្បីតែផែនទីដែលអ្នកមើល វាអាចនឹងខុសក៏ថាបាន ហើយសណ្ឋាគារដែលអ្នកបានកក់នឹងមិនដូចការរំពឹងទុក ឬអាកាសធាតុមិនអំណោយផលជាដើម។ ទាំងនេះហើយ ដែលធ្វើឲ្យអ្នកចេះរៀនទទួលយកអ្វីដែលមិនបានគិតទុកដល់។
៣. ចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង
អ្នកអាចបង្កើនសមត្ថភាព ក្នុងការជឿជាក់លើខ្លួនឯងទ្វេដង ជាពិសេសមនុស្សដែលចូលចិត្តទៅដើរលេងម្នាក់ឯង ពេលគ្មានគ្នាជជែកពិភាក្សាជាមួយ អ្នកនឹងបានប្រើប្រាស់ ការគិតផ្ទាល់ខ្លួន ក្នុងការដោះស្រាយបញ្ហាផ្រេងៗ។
៤. ចេះរកវិធីការពារជីវិត
កន្លែងខ្លះអ្នកអាចជួបឧបសគ្គច្រើន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តការធ្វើដំណើរផ្សងព្រេង។ គ្រោះថ្នាក់ផ្សេងៗនឹងអាចកើតមានគ្រប់ពេល ប៉ុន្តែអ្នកនៅតែអាចរកវិធីទប់ស្កាត់ និងការពារជីវិតខ្លួនបានយ៉ាងល្អ។
៥. រៀនអ្វីថ្មីៗ
ទោះបីជាអ្នកមិនសូវមានភាពក្លាហានគ្រប់គ្រាន់ក៏ដោយ អ្នកនឹងគិតចង់សាកល្បងនូវអ្វីដែលមិនធ្លាប់ធ្វើពីមុនមក នោះភាពក្លាហាននឹងកើនឡើងមួយកម្រិតទៀត។
៦. មានគំនិតសុទិដ្ឋិនិយម
ពេលខ្លះអ្នកតូចចិត្តនឹងខ្លូនឯង ស្របពេលដែលអ្នកដទៃប៉ងចង់បានជីវិតដូចអ្នកសព្វថ្ងៃនេះ។ ដូច្នេះហើយអ្នកអាចផ្លាស់ប្តូរពីគំនិតទុទ្ទិដ្ឋិនិយមទៅជាសុទិដ្ឋិនិយម ពេលដែលអ្នកបានឃើញអ្វីមួយដោយផ្ទាល់ភ្នែក។
៧. មានការប្រុងប្រយ័ត្នខ្ពស់
ដោយសារតែនៅកន្លែងកម្សាន្តនានា មិនដូចនៅក្នុងផ្ទះអ្នកធ្លាប់រស់នៅរាល់ថ្ងៃនោះទេ ម្ល៉ោះហើយបានជាត្រូវទាមទារ នូវការប្រុងប្រយ័ត្នគ្រប់បែបយ៉ាង។
៨. ចេះរកវិធីដោះស្រាយទាន់ហេតុការណ៍
ជាការពិតណាស់ បញ្ហាតូច ឬធំក្តីអាចកើតមានឡើងក្នុងអំឡុង ពេលដំណើរកម្សាន្ត ដូច្នេះហើយបានជាអ្នកចាំបាច់ត្រូវ រកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
៩. ជម្នះភាពភ័យខ្លាច
អ្នកខ្លះខ្លាចទីខ្ពស់មិនហ៊ានឡើងទៅលើកំពូលភ្នំទេ ឬក៏មិនហ៊ានចូលទៅក្នុងព្រៃ ព្រោះខ្លាចសត្វសាហាវ ប៉ុន្តែផ្ទុយទៅវិញ បើអ្នកបានទៅដល់ចំណុចមួយ ដែលមានភាពស្រស់ស្អាត ពុំធ្លាប់ជួបពីមុនមក អ្នកនឹងបញ្ចប់នូវភាពភ័យខ្លាចទាំងអស់នោះ។
១០. បើកចិត្ត
បើកចិត្តដើម្បីទទួលចំណេះដឹងថ្មីៗ នៅជុំវិញខ្លួន ជូបមនុស្សប្លែកមុខ ហើយនិយាយទៅកាន់មនុស្សដែលមិនធ្លាប់ស្គាល់ពីមុនមក។
១១. ចេះចែករំលែកគ្នា
ការចែករំលែក និងជួយយកអសារអ្នកដទៃ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ព្រោះបានសាងអំពើល្អ។
១២. បន្ធូរភាពតានតឹងបានច្រើន
ពេលអ្នកធ្វើការច្រើន ភាពតានតឹងក៏ច្រើនដូចគ្នា ដូច្នេះការចេញទៅដើរលេង មិនត្រឹមតែបានស្រូបខ្យល់អាកាសល្អប៉ុណ្ណោះទេ វាថែមទាំងជួយផ្តល់ថាមពល និងដាស់អារម្មណ៍អ្នក ពេលត្រលប់ទៅធ្វើការងារវិញ៕
ចុចអាន៖