• 2018-06-13 08:07:01
  • ការអប់រំ

មេរៀនជីវិតទាំង៨ ចាស់ៗចង់ឲ្យក្មេងៗដឹង កុំឲ្យស្តាយក្រោយដូចគាត់

  • 2018-06-13 08:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​កុំព្យូទ័រ​គឺ​ជា​សម័យ​កាល​របស់​មនុស្ស​ជំនាន់​ថ្មី ដូច្នេះ​ហើយ​សម្ដី​មនុស្ស​ចាស់​ក៏​ហាក់​លែង​មាន​ឥទ្ធិពល​ច្រើន​ដូច​មុន​ដែរ​សម្រាប់​យុវវ័យ​បច្ចុប្បន្ន។ ប៉ុន្តែ​តាម​ការ​ពិត បើ​យើង​ក្រឡេក​មើល​ជ្រុង​ម្ខាង​ទៀត យើង​នឹង​ឃើញ​ថា​​មនុស្ស​ចាស់​ទាំង​ឡាយ​គឺ​បាន​ឆ្លង​កាត់​ក្ដៅ​ត្រជាក់​ច្រើន​មិន​តិច​​ទេ ទម្រាំ​​មាន​អាយុ​ច្រើន​យ៉ាង​នេះ បើ​ទោះ​បី​បរិយាកាស​ពី​មុន​និង​បច្ចុប្បន្ន​មិន​ដូច​គ្នា ប៉ុន្តែ​មូលដ្ឋាន​នៃ​ការ​រស់​នៅ ក្ដី​ស្រលាញ់ និង​ការ​ដំណើរ​ជីវិត​ក៏​មិន​ខុស​គ្នាណាស់​​ដែរ។​

រូបតំណាង

ដូច្នេះ​ហើយ​អ្នក​ស្រាវជ្រាវ​​អាមេរិក​​មួយ​រូប​ឈ្មោះ Dr. Karl Pillemer ក៏​បាន​ទៅ​សម្ភាស​ប្រជាជន​អាមេរិក​ដែល​មាន​អាយុ​ចាប់​ពី ៧០ឆ្នាំ​ឡើង​ទៅ ចំនួន ១២០០នាក់ ដោយ​មាន​សំនួរ​គោល​ថា “តាម​រយៈ​បទពិសោធន៍​មួយ​ជីវិត​អ្នក តើ​អ្វី​គឺ​ជា​មេរៀន​សំខាន់​បំផុត​ដែល​អ្នក​ចង់​​បន្សល់​ទុក​ឲ្យ​កូន​ចៅ?" ហើយ​ក៏​យក​មក​សរសេរ​ជា​សៀវភៅ​ឈ្មោះ “30 Lessons for Living” ប៉ុន្តែ​ថ្ងៃ​នេះ កញ្ញា សូម​កាត់​យក​​ត្រឹម​ចំណុច​សំខាន់​ៗ​ចំនួន ៨ មក​ចែក​ជូន​ប្រិយមិត្ត​​ដូច​ត​ទៅ៖

១. ត្រូវ​ជ្រើសរើស​អាជីព​ដែល​ចិត្ត​យើង​ត្រូវ​ការ​ ជាជាង​ធ្វើ​ការ​ដើម្បី​លុយ មនុស្ស​ចាស់​ភាគ​ច្រើន​បាន​ពោល​ថា កំហុស​ឆ្គង​ដ៏​ធំ​ក្នុង​ការ​ជ្រើសរើស​អាជីព​របស់​គាត់​គឺ ការ​ជ្រើសរើស​អាជីព​ដោយ​មើល​លើ​ផល​ប្រយោជន៍​ច្រើន​ជាង​អ្វី​ដែល​ខ្លួន​ចូលចិត្ត និង​តម្លៃ​នៃ​អាជីព​នោះ។

២. ត្រូវ​ចេះ​ថែ​ទាំ​សុខភាព ដោយ​កាត់​បន្ថយ និង​បញ្ឈប់​ទង្វើ​នានា​ដែល​បំផ្លាញ​សុខភាព​រាង​កាយ មិន​ថា​ការ​ជក់​បារី ផឹក​ស្រា ញ៉ាំ​អាហារ​ដែល​មិន​ល្អ ឬ​មិន​ហាត់​ប្រាណ។ សកម្មភាព​ទាំង​អស់​នេះ មិន​បាន​ធ្វើ​ឲ្យ​យើង​បាត់បង់​ជីវិត​​ភ្លាម​ៗ​ទេ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​យើង​លំបាក​ពេល​ចាស់​ទៅ។

៣. ទទួល​យក​ឱកាស​ដែល​ចូល​មក​ នៅ​ពេល​មាន​ឱកាស​ ឬ​ Challenge អ្វី​ចូល​មក គឺ​មិន​ត្រូវ​បដិសេធ​ឡើយ ព្រោះ​ភាគ​ច្រើន​ការ​បដិសេធ​នូវ​ឱកាស​ទាំង​នោះ​ច្រើន​ធ្វើ​ឲ្យ​យើង​សោកស្ដាយ​នៅ​ពេល​ក្រោយ ដោយ​សារ​មិន​បាន​សាក​ល្បង។

៤. ជ្រើសរើស​គូ​ជីវិត​ដោយ​ប្រយ័ត្នប្រយែង កុំ​ប្រញាប់​សម្រេច​ចិត្ត ត្រូវ​ប្រើ​ពេល​ដើម្បី​មើល​ចិត្ត និង​ស្គាល់​មនុស្ស​ដែល​យើង​នឹង​រស់​នៅ​ជាមួយ​សិន។ កុំ​ប្រញាប់​សម្រេច​ចិត្ត​​រស់​នៅ​ជាមួយ​អ្នក​ណា លុះ​ត្រា​តែ​យើង​បាន​ស្គាល់​ចរិត​ពិត​របស់​គេ​សិន។

៥. ដើរ​លេង​ឲ្យ​បាន​ច្រើន មនុស្ស​​ចាស់​ភាគ​ច្រើន​បាន​ពេល​ដូច​គ្នា​ថា នៅ​ពេល​មាន​ឱកាស​​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ៗ គឺ​ជា​ពេល​វេលា​សំខាន់ និង​មាន​តម្លៃ​របស់​ជីវិត។

៦. ចង់​និយាយ​អ្វី​ ត្រូវ​និយាយ​ភ្លាម​ៗ ​ដើម្បី​កុំ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ដោយ​មិន​បាន​និយាយ​អ្វី​ដែល​យើង​ចង់​និយាយ​ជាមួយ​មនុស្ស​ជា​ច្រើន​។ យើង​មាន​ឱកាស​បង្ហាញ​អារម្មណ៍​របស់​យើង​ចំពោះ​នរណា​ម្នាក់ គឺ​នៅ​ពេល​គេ​មាន​ជីវិត​រស់​នៅ​តែ​ប៉ុណ្ណោះ។

៧. ពេល​វេលា​ជា​របស់​មាន​តម្លៃ ជីវិត​របស់​យើង​ក៏​ខ្លី​ណាស់​ដែរ ដូច្នេះ​កុំ​ចំណាយ​ពេល​អង្គុយ​សោកសៅ​ច្រើន​ពេក ប៉ុន្តែ​ត្រូវ​ធ្វើ​អ្វី​ដែល​សំខាន់ និង​មាន​តម្លៃ​ឥលូវ​នេះ ព្រោះ​ថា​នៅ​ពេល​ដែល​យើង​មាន​អាយុ​កាន់​តែ​ច្រើន យើង​នឹង​យល់​ថា​ពេល​វេលា​កន្លង​ទៅ​លឿន​ខ្លាំង​ណាស់។ ត្រូវ​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​ ជា​ពិសេស​ការ​ព្រួយ​បារម្ភ​ទៅ​លើ​អ្វី​ដែល​មិន​កើត​ឡើង។

៨. ក្ដី​សុខ​គឺ​ជា​អ្វី​ដែល​យើង​ជ្រើសរើស មិន​មែន​អ្វី​ដែល​កើត​ឡើង​ដោយ​សារ​លក្ខខ័ណ្ឌ​ផ្សេង​ៗ​នោះ​ទេ។ ដំបូន្មាន​នៅ​ត្រង់​នេះ​គឺ ត្រូវ​​ទទួល​ខុស​ត្រូវ​ចំពោះ​ក្ដី​សុខ​របស់​ខ្លួន​​មួយ​ជីវិត កុំ​រំពឹង​​​ចាំ​ទទួល​វា​​ពី​អ្នក​ដទៃ ៕

ចុចអាន៖

ប្រែ​សម្រួល៖ វ៉ាន់ថន

មតិយោបល់