• 2018-09-04 02:06:38
  • ព័ត៌មាន

សាលាប៉ូលិសថៃ ហាមមនុស្សស្រីចូលរៀន ចាប់ពីឆ្នាំ ២០១៩ តទៅ

  • 2018-09-04 02:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​គរុកោសល្យ​របស់​នគរបាល​ថៃ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ពួកគេ​នឹង​ទទួល​យក​តែ​បុរស​ឲ្យ​ចូល​រៀន​ប៉ុណ្ណោះ ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ ដោយ​គ្មាន​ការ​ពន្យល់​ហេតុផល​ណា​មួយ​ឡើយ។

អាជ្ញាធរ​បាន​និយាយ​ថា ស្ត្រី​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន នៅ​សាលា​ប៉ូលិស Royal Police Cadet Academy ចាប់​ពី​ឆ្នាំ ២០១៩ ត​ទៅ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​សកម្មជន​ថា ករណី​រំលោភ​ផ្លូវ​ភេទ​អាច​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច ដោយសារតែ​ការ​ថយ​ចុះ​មន្ត្រី​ប៉ូលិស​ស្រី។

លោក Worawut Sripakhon រដ្ឋ​បណ្ឌិត្យសភា​នៃ​គរុកោសល្យ បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​តាម​ទូរស័ព្ទ​ថា «វា​ជា​គោលនយោបាយ យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​នោះ​ទេ»។

លោកស្រី Supensri Puengkhokesoong សកម្មជន​សុខុមាលភាព​របស់​ស្ត្រី និង​ជា​នាយក​មូលនិធិ​លើក​កម្ពស់​សមភាព​សង្គម Social Equality Promotion Foundation បាន​និយាយ​ថា ការ​ហាម​ប្រាម​នេះ​បាន​ប្រឆាំង​ទៅ​នឹង​ច្បាប់​សមភាព​យេនឌ័រ​របស់​ប្រទេស​ថៃ Thailand’s Gender Equality Act ហើយ​អាច​កាត់​បន្ថយ​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ករណី​ចាប់​រំលោភ​ផ្លូវ​ភេទ និង​បញ្ហា​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី ឬ​កុមារ។

លោកស្រី Supensri បាន​ឲ្យ​ដឹង​ទៀត​ថា «យោង​ទៅ​តាម​ច្បាប់ ប្រសិន​បើ​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ មន្ត្រី​ប៉ូលិស​ទទួល​បន្ទុក​រឿង​ក្ដី​របស់​ពួកគេ ត្រូវ​តែ​ជា​ស្ត្រី ហើយ​ករណី​ពាក់ព័ន្ធ​នឹង​គ្រួសារ និង​កុមារ មន្ត្រី​នគរបាល​ត្រូវ​តែ​មាន​ជំនាញ​ទំនាក់ទំនង ក៏​ដូច​ជា​ចំណេះដឹង​អំពី​សិទ្ធិ​មនុស្ស​ស្រី និង​កុមារ​ផង​ដែរ»។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី Supensri បាន​បន្ថែម​ថា ស្ត្រី​ដែល​បាន​ចូល​ធ្វើ​ការ​នៅ​បណ្ឌិត្យសភា សម្រាប់​ឆ្នាំ​សិក្សា ២០១៩ នឹង​មាន​ការ​ខក​ចិត្ត​មិន​ខាន ចំពោះ​គោលនយោបាយ​ថ្មី​នេះ បន្ទាប់​ពី​បាន​ចំណាយ​ទាំង​ពេល​វេលា និង​ថវិកា។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា សាលា​គរុកោសល្យ​ប៉ូលិស​ថៃ បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ១៩០១ ហើយ​បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​ចុះ​ឈ្មោះ​ចូល​រៀន នៅ​ឆ្នាំ ២០០៩។ ចាប់​តាំង​ពី​ពេល​នោះ​មក វា​បាន​បង្កើត​ប៉ូលិស​ស្រី​ប្រហែល ៧០០ នាក់៕

ចុច​អាន៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី