• 2018-09-10 04:10:53
  • សេដ្ឋកិច្ច

កម្ចីឥណទានមាន​មុខពីរ បើ​ប្រើត្រូវ​ធ្វើ​ឲ្យ​ជីវភាព​ល្អ​ប្រ​សើរ​

  • 2018-09-10 04:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ត្រូវបានគេ​មើល​ឃើញ​ថា​កំពុង​រីក​ដុះ​ដាល​ច្រើន​នាពេល​បច្ចុប្បន្ននេះ ហើយ​ត្រូវបាន​អ្នក​ជំនាញ​ធ្វើការ​លើ​វិស័យ​ហិរញ្ញវត្ថុ​ និង​ស្ថានប័ន​អន្តរជាតិ​ខ្លះ​ចាត់​ទុក​ថា​​គ្រឹះ​ស្ថាន​ទាំង​នេះ បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​ផ្តល់​នូវ​សេវា​ឥណទាន​ខ្នាត​តូច​ចាំបាច់​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ។

ឯកសារ​អាជីវកម្ម​របស់​ធនាគារ​ពិភព​លោក​​កាលពី​ឆ្នាំ២០០៥ បាន​លើកឡើង​ដែរ​ថា​ការ​ទទួលបាន​សេវាហិរញ្ញ​វត្ថុ​ ធ្វើ​ឲ្យ​ប្រ​ជា​កសិករ ឬអ្នក​ធ្វើអាជីវកម្ម​ខ្នាត​តូច​មាន​ឱកាស​រកចំណូលបាន​ច្រើនជាង​ការ​ខ្ចីប្រាក់​​ក្រៅ​ប្រ​ព័ន្ធ។

បើ​និយាយ​ដល់​ឆ្នាំ២០០៥ វិញ​ធនគារ​ពិភព​លោក​លើកឡើងថា​កម្ចីបាន​ពី​បុគ្គល​ឯកជន​មាន​ការ​ប្រាក់​មិន​ទាប​ជាង​១០ភាគ​រយ​នោះ​ទេ​ក្នុង​មួយ​ខែ ខណៈ​កម្ចី​ពី​មីក្រូ​ហិរញ្ញ​វត្ថុនាពេល​នោះ​មាន​ត្រឹម​៣,៥ភាគរយ​ក្នុង​មួយ​ខែ។

​អត្រាការ​ប្រាក់​កាន់តែ ធ្លាក់ទាប​ទៀត​នៅពេល​ដែល​រដ្ឋាភិបាល​តាម​រយៈ​ធនាគារ​ជាតិបាន​ដាក់​របារ​ការ​ប្រាក់។ កាលពី​ខែ​មិនា ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​កំណត់​អត្រា​ការ​ប្រាក់​មិន​ឲ្យ​លើស​ពី​១៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​កម្ចី​នៅ​តាម​គ្រឹះ​ស្ថាន​ផ្តល់​ប្រាក់កម្ចី​ស្រប​ច្បាប់​។

(អ្នកស្រី ឆៃ គឿន កំពុង​រៀបចំ​កន្លែង​លក់​គុយ​ទាវ​របស់​ខ្លួន)​

ងាក​មកពិនិត្យ​លើ​បទពិសោធន៍​របស់​​អតិថិជន​វិញ អ្នកស្រី ឆៃ គឿន និង​ស្វាមី នៅ​ឆ្នាំ២០១២ សម្រេច​ចិត្ត​ខ្ចី​​​ប្រាក់ពី​ធនាគារ​មួយ​ចំនួន​២០០០​ដុល្លារ សម្រាប់​បើក​របរ​លក់​គុយទាវ និងបាយ​។ ការសម្រេច​ចិត្ត​បែប​នេះ ក្រោយពី​អ្នក​ទាំងពីរ​​​មើល​ឃើញ​ថា​ការ​ធ្វើស្រែ​តែមួយ​មុខ​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​ល្អប្រ​សើរ​នោះ​ទេ​។

​​តាមរយៈ​ការ​ប្រើ​ប្រាស់​កម្ចី​ចំគោល​ដៅ ​អ្នក​ស្រុក​ទ្រាំង ខេត្ត​តាកែវ ពីរនាក់​ស្វាមី ភរិយា ខាង​លើ​ បាន​យក​ប្រាក់២០០០​ដុល្លារ​នេះដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​បាន​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​រហូត​ដល់​អាច​មានលទ្ធភាព​ទិញ​ភេសជ្ជៈ​ផ្សេង​ៗ​ដាក់​បន្ថែម​ក្នុង​ហាង​បាយ គុយ​ទាវ​របស់ខ្លួន​ និង​​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ប្រើប្រាស់​ផ្ទាល់​ខ្លួន ហើយ​​ថែម​ទាំង​មាន​លទ្ធភាព​ឲ្យកូន​បាន​រៀន​សូត្រ​​ផង​ដែរ។

ក្នុង​ព្រឹត្តិបត្រ​របស់​ខ្លួន​ចុះ​ឆ្នាំ​២០០៥ ដដែល​ធន​គារ​ពិភព​លោក​អះអាង​ថា​​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ត្រូវ​បាន​មើល​រំលង​ដោយ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ធំៗ​ ហើយ​ថា​ជា​ការពិត​ពល​រដ្ឋ​ក្រី​ក្រ​ក៏ត្រូវការ​សេវា​ឥណទាន​ខ្នាត​តូច ​ការ​ធានា​រ៉ាប់រង ​ប្រាក់​សន្សំ និង​ការ​ផ្ទេរ​​ប្រាក់​ជា​ដើម​។

​ធនាគារ​ពិភព​លោក​បន្ត​ថា​​​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​រួម​ចំណែក​ជួយ​ពល​រដ្ឋ​ក្រី​ក្រ​បង្កើត​ប្រ​ភព​ចំណូល​ និង​បាន​ជួយ​ឲ្យ​អ្នក​ទាំង​នោះ​អាច​ចាក​ចេញ​ពី​ការ​រក​រស់​តែ​មួយ​ថ្ងៃៗ ទៅ​ជា​ការ​បង្កើត​ផែនការ​សម្រាប់​អនាគត​បាន​។

ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា​ការ​ទទួលបាន​សេវា​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ជួយ​ឲ្យ​ពល​រដ្ឋ​ក្រី​ក្រ​អាច​ទទួល​បាន​សេវា​សុខភាព​ល្អប្រ​សើរ​ជាង​មុន អាច​ឲ្យ​​កូនៗ​បាន​ចូល​រៀន និង​អាច​ពង្រីក​អាជីវ​កម្ម​គ្រួសារ​ជាដើម​​។ នេះ​បើ​តាម​ធនគារ​ពិភព​លោក​ដដែល។

(លោក គឹម លីនដូ ប្រ​ធាន​ផ្នែក​ហានិភ័យ និង​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុរ៉ូយ៉ាល់​ ម៉ាយ​ក្រូហ្វាញ​នែន)

សម្រាប់​លោក គឹម លីនដូ ប្រ​ធាន​ផ្នែក​ហានិភ័យ និង​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុរ៉ូយ៉ាល់​ ម៉ាយ​ក្រូហ្វាញ​នែន លើក​ឡើង​​ប្រហាក់​ប្រហែល​នឹង​ទឡ្ហីករណ៍​ខាង​លើ​​ដែរ​ថា​ការ​ប្រើ​ប្រាស់​កម្ចី​ចំ​គោល​ដៅ​ដើម្បី​បង្កើត​ប្រាក់​ចំណូល​គឺ​ជួយ​ឲ្យ​អ្នក​ធ្វើអាជីវកម្ម​ខ្នាត​តូច​មាន​លទ្ធភាព​​ពង្រីក​​របរខ្លួន​បន្ថែម និង​បង្កើន​ប្រាក់​ចំណូល។

លោក​បន្តថា​​ស្ថាប័ន​អាច​វាយ​តម្លៃ​បាន​ថា​​អតិ​ថិជន​ប្រើ​ប្រាស់​កម្ចី​បាន​ចំគោល​ដៅ​ឬអត់​​ដោយ​ផ្អែក​តាម​រយៈ​ការ​សង​ត្រឡប់​វិញ​ទៀង​ទាត់ និង​ការ​ណ៍​ដែល​អតិថិជន​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ក្រោយ​បាន​ទទួល​កម្ចី​ឬយ៉ាងណា​​។

លោក​បប្ថែម​​ថា​៖ «មីក្រូ​ហិរញ្ញ​វត្ថុ​ជា​កាតា​លីករ​មួយសំខាន់​ក្នុង​សង្គម​ជាតិ​របស់​យើង ​តាមរយៈ​ការ​ផ្តល់​នូវ​ប្រាក់​កម្ចី​ដែល​ស្រប​ទៅ​តាម​លទ្ធ​ភាព​និង​តម្រូវការ​​ជាក់​ស្តែង​ទាំង​ក្នុង​គ្រួសារ និង​ពង្រីក​មុខរបរ...​ការ​ផ្តល់​ឥណ​ទាន​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​មូល​ហ្នឹង​យើង​ឃើញ​ថា​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​វិស័យ​សេដ្ឋកិច្ច​ទាំង​មូល...អតិថិជន​គួរ​ប្រើ​ប្រាក់កម្ចី​​ឲ្យ​ចំគោល​ដៅ ចាំបាច់​​ជាក់​ស្តែង​ ដូច​ជា​ការ​ពង្រីក​មុខរបរ បង្កើន​ប្រាក់​ចំណូល នោះ​គេ​ហៅ​ថា​កម្ចី​មួយ​ដែល​មាន​គុណភាព»។

(លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ក្រុម​ហ៊ុន​អ៊ី​មើ​ជីង​ម៉ាឃីត​ខល​សាល់​ធីង​ ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​Sabay)

សម្រាប់​លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ក្រុម​ហ៊ុន​អ៊ី​មើ​ជីង​ម៉ាឃីត​ខល​សាល់​ធីង​ ថា​ជាការពិត​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គឺជា​ចំណែក​មួយ​ជួយ​ឲ្យ​ពល​រដ្ឋ​ក្រី​ក្រ​អាច​បង្កើត​ចំណូល​តាម​រយៈ​ការ​បង្កើត​អាជីវកម្ម​ណាមួយ​សម្រាប់​គ្រួសារ។ ត្រង់​ចំណុចនេះ​លោក​ថា​ ការ​ទទួលបាន​កម្ចី​គឺជា​យន្ត​ការ​មួយ​ក្នុង​ចំណោម​យន្តការ​ផ្សេង​ទៀត​​ក្នុងការ​រួម​ចំណែក​កាត់​បន្ថយ​ភាពក្រី​។​

ទោះយ៉ាងណា​លោក​ថា​បើ​តាម​របាយការណ៍​កាលពី​ឆ្នាំ​២០១៣ អ្នក​ខ្ចី​ប្រាក់​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ឬ​សម្រាប់​សេវា​ខុស​ភាព និង​សេវាអប់រំ​របស់​កូន​ចៅមាន​ជាង​៥០​ភាគរយ​ខណៈ​អ្នក​ខ្ចីសម្រាប់​អាជីវក​ម្ម​មាន​តែ​ជាង​៤០​ភាគរយ។

លោក​បញ្ជាក់ថា​អ្នក​ជាង​៥០​ភាគរយ​បាន​ប្រើ​ប្រាស់​កម្ចី​សម្រាប់​តម្រូវការ​ផ្ទាល់​ខ្លួន ដោយ​សម្អាង​លើ​ប្រ​ភព​ចំណូល​ដែល​ខ្លួន​មាន​ស្រាប់។​​

​យ៉ាងណា​មិញ​លោកថា​ថ្វីត្បិត​អ្នកខ្លះ​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​ដើម្បី​ការសិក្សា​របស់​កូន ឬ​ថែ​ទាំ​សុខ​ភាព​ក៏ជា​រឿង​ល្អប្រ​សើរ​មួយ​ដែរ ជា​ជាង​អ្នកទាំងនោះទៅ​ចង​ការ​ពី​បុគ្គល​ឯកជន​ដែល​មាន​អត្រាការ​ប្រាក់ខ្ពស់ ហើយ​នេះ ក៏ជា​ការ​វិនិយោគ​មួយ​ដែរ​ តែ​ជា​ការ​វិនិយោគ​រយៈ​ពេល​​វែង​។

លោក​បន្ថែមថា៖ «មានន័យ​ថា​ជាង​៥០​ភាគ​រយ​ហ្នឹងមិន​បាន​យក​ទៅ​រកចំណូលទេ អ៊ីចឹង​មាន​តិច​ជាង​៥០​ភាគរយ​យកទៅ​រក​ចំណូល​ អ៊ីចឹង​សួរ​ថា​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​បាន​ជួយ​រួមចំណែក​កាត់​បន្ថយ​ភាគក្រីក្រទេគឺ​​ថា​បាន តែ​មិន​ទូលំទូលាយ​ណាស់ណាដែរ​​»។

លោក​បន្តថា៖ «ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ​បាន​តោង​យល់​ថា​ទាល់​តែ​ប្រ​ជា​ពល​រដ្ឋ​យក​ប្រាក់​ហ្នឹង​ទៅ​វិនិយោគ​ទៅ​បង្កើត​មុខ​របរ បង្កើន​ចំណូល​ដើម្បី​បង្កើត​ផល​ចំណេញ​ច្រើន​ជាង​អ្វី​ដែល​គាត់​ត្រូវ​ចំណាយ​លើ​ការប្រាក់...​អាហ្នឹង​ដែល​អាច​ជួយ​ជីវភាព​គាត់»។ ​ ​​​​ទាក់ទឹងនឹង​ចំណុច​ខ្លះ​របស់​លោក ង៉ែត ជូ បាន​លើក​ឡើង​ហាក់​មានចំណុច​ស៊ីសង្វាក់​គ្នា​ជាមួយ​ នាយក​ប្រ​តិបត្តិ​​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុកម្ពុជា​ ​លោក យុន សុវណ្ណា ដែលបាន​លើក​ឡើង​​ថា​ក៏មាន​ករណី​អ្នក​ខ្ចីប្រាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ចាំបាច់​ក្នុង​គ្រួសារ ដូចជា​ការ​វិនិយោគ​លើ​កាអប់​រំ​របស់​កូន​ចៅ ដែល​លោក​ហៅថា​នេះ​ជា​ការ​វិនិយោគ​រយៈពេល​វែង។ ការ​ខ្ចី​បែប​នេះ លោក​ថា​អ្នក​ខ្ចី​​មាន​ប្រ​ភព​ចំណូល​ផ្សេង​ដែល​អាច​មាន​លទ្ធភាព​សង​​មក​គ្រឹះស្ថាន​ផ្តល់​ប្រាក់កម្ចី​វិញ គ្រាន់​តែ​ថា​មិន​មាន​លទ្ធ​ភាព​ភ្លាមៗ​ក្នុង​ចំណាយ​ក្នុង​រង្វ់​សាច់ប្រាក់​ដុំ​​ប៉ុណ្ណោះ​។

លោក យុន សុវណ្ណា នៅ​តែអះអាង​ថា​គ្រឹះ​ស្ថា​ន​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​រួម​ចំណែក​ជាមួយ​រដ្ឋា​ភិបាល​​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តាម​យៈ​ការ​ផ្តល់​កម្ចី​សម្រាប់​លើក​កម្ពស់​សុខុមាល​ភាព និង​ជំ​រុញ​សកម្មភាព​អាជី​វកម្ម​របស់​ពល​រដ្ឋ​ជា​ដើម​។​

( ​លោក យុន សុវណ្ណា នាយក​ប្រ​តិបត្តិ​​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុកម្ពុជា​ពេល​សម្ភាសន៍​ជាមួយ​ Sabay)

លោក​បន្ថែមថា៖ «ត្រូវ​ចង​ចាំថា​បំណុលគឺ ជា​កាតព្វកិច្ច​ត្រូវ​សង​ត្រឡប់ទៅ​វិញ ត្រូវ​ចង​ចាំថា​ត្រូវ​មាន​ប្រ​ភព​ចំណូ​ល​ច្បាស់​លាស់ មាន​ការ​រំពឹងទុក​ថា​រក​ចំណូល​សង​ត្រឡប់ទៅ​វិញ ជៀសវាង​ការ​ប្រើ​បំណុល​ដែល​មិន​បង្កើត​ផលិត​ភាព»។

លោក​បន្តថាដើម្បី​ឲ្យ​ការ​ប្រើ​ប្រាស់​កម្ចី​មាន​ប្រេ​សិទ្ធិ​ភាព អ្នកខ្ចីត្រូវ​ប្រើ​កម្ចី​ក្នុង​គោល​ដៅ​ច្បាស់​លាស់​ដូច​ជា​ ប្រើ​ប្រាស់​កម្ចី​សម្រាប់​បង្កើត​ចំណូល ឬ​បន្ថែម​ចំណូល​ជាដើម​។​ លោក​ឲ្យ​ដឹងថា​បើ​ប្រ​ជា​ពល​រដ្ឋ​ដែល​មានគំនិត​ធ្វើអាជីវកម្ម តែនៅ​មាន​មន្ទិល​​លើ​គំនិត​របស់​ខ្លួន​គួររក​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុណា​ដែល​មាន​ផ្តល់​សេវា​ប្រឹក្សា​យោ​បល់ មុន​នឹង​ខ្ចីសម្រាប់​បង្កើត​អាជីវកម្ម។

ប្រ​ហាក់​ប្រ​ហែល​នឹង​ការ​លើក​ឡើង​របស់​នាយក​ប្រ​តិបត្តិ​សមាគម​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុខាង​លើ​ដែរ អ្នកស្រី ឆៃ គឿន បញ្ជាក់ថា​ការ​ប្រើ​ប្រាស់​កម្ចី​ចំគោល​ដៅ​គឺ​ជា​រឿង​សំខាន់​ ដើម្បី​ជៀស​វាង​វ័ណ្ឌក​នឹង​បំណុល​។ ការ​ខ្ចី​បុលពី​ធនគារ ឬមីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​ដោះបំណុល​ឯកជន អ្នកស្រី​ថា​នឹង​ធ្វើឲ្យ​អ្នកខ្ចី​លង់​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​រឿង​បំណុល។

គួរ​បញ្ជាក់ថា​មីក្រូហិរញ្ញវត្ថុបាន​ផ្តល់​កម្ជី​ទៅ​ប្រ​ជា​ពល​រដ្ឋ​ជាង​១,៨លាន​នាក់​គិត​ត្រឹម​ឆ្នាំ​២០១៦ និង​មាន​ដាក់​ប្រាក់​សន្សំ​ចំនួន​ជាង​១,៥​លាន​នាក់​ក្នុង​រយៈពេល​ដូចគ្នា។ កម្ចី​ដែល​មីក្រូ​ហិរញ្ញវត្ថុ​ផ្តល់​ឲ្យ​មាន​លើ​វិស័យកសិកម្ម៣៣,៣ភាគរយ កម្ចីគ្រួសារចំនួន២៨,៤ភាគរយ អាជីវកម្ម ជួយដូរ ១៨,៥​ភាគរយ និង​វិស័យ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មាន​តិចជាង​១០ភាគរយ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​ឆ្នាំ​២០១៦។

សម្រាប់​ឆ្នាំ២០១៧​វិញ របាយការ​ណ៍​ធនាគារជាតិ​ថា​ចំនួន​អ្នកដាក់​ប្រាក់​សន្សំនៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​៧មានដល់​១,៨លាន​នាក់ ខណៈអ្នក​ខ្ចីពីគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​មានចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ២០១៦​ដដែល។ ដោយឡែក​អ្វីដែល​ប្រែប្រួល​គឺ ក​ម្ចីគ្រួសារ​ឡើង​មក​៣៣,៨ភាគរយ ហើយ​កម្ចី​វិស័យ​កសិកម្ម​ធ្លាក់​មក​២៥,៥ភាគរយ​វិញ៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់