• 2018-09-27 06:00:00
  • សេដ្ឋកិច្ច

រកស៊ីថ្មីថ្មោង កុំសង្វាតពាណិជ្ជកម្មពេក ខ្វល់ ២ចំណុចនេះសិន ពីម្ចាស់ហាងកំពុងល្បី តាំងសុទ្ធតែសត្វកម្រ

  • 2018-09-27 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ហាង​កាហ្វេ​តូច​១ ប៉ុន្តែ​កំពុង​ល្បី​ និង​ទាក់​ទាញ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​បាន​ស្គាល់​ តាម​រយៈ​គំនិត​ដ៏​ច្នៃប្រឌិត​ ប្លែក​គេ។ លោក​បាន​ចែក​រំលែក​ពី​គំនិត​អាជីវកម្ម២ចំណុច មាន​ប្រយោជន៍ និង​មិន​ចាំ​បាច់​អស់​លុយ​ផ្សាយ​ពាណិជ្ជ​កម្ម​ច្រើន។

នោះ​គឺ​លោក ជា រ៉ាទី ​វ័យ​៣២ឆ្នាំ ជា​ម្ចាស់​ហាង​ល្មូន​កាហ្វេ ស្ថិត​នៅ​រាជធានី​ភ្នំពេញ បាន​ផ្ដល់​បទសម្ភាសន៍​មក​កាន់ Sabayថា មុន​ចេញ​រកស៊ី​ថ្មី​ថ្មោង ចាំ​បាច់​បំផុត​ត្រូវ​គិត​ពី​អ្វី​ដែល​ថ្មី​ មិន​ទាន់​មាន​អ្នក​ធ្វើ និង​គំនិត​អាជីវកម្ម​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។

ពស់ថ្លាន់ តាំងនៅហាង (រូបផ្តល់ឲ្យដោយ លោក ជា រ៉ាទី)

ត្រង់​ចំណុច​នេះ​ មិនមែន​បដិសេធ​ទាំង​ស្រុង ថា​មិន​ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ម្ចាស់​ហាង​វ័យ​ក្មេង​រូប​នេះ បញ្ជាក់​ថា បើ​មាន​​ចំណុច​នេះ​​ល្អ ​អាច​ជា​ភាព​លេចធ្លោ ធ្វើ​ឲ្យ​អាជីវកម្ម​ដើរ​រលូន​ មិន​ចាំ​បាច់​ចាយ​លុយ​ច្រើន​ជួល​គេ​ផ្សាយ​ពាណិជ្ជកម្ម​ដដែលៗ។

១. ថ្មី​ប្លែក​គេ និង​មិន​ទាន់​មាន​អ្នក​ធ្វើ

ម្ចាស់​ហាង​ដដែល ​ចាប់​បើក​អាជីវកម្ម​នេះ​ម្នាក់ឯង រយៈពេល​ជិត​១ឆ្នាំ​មក​ហើយ គិត​ពី​ដើម​ឆ្នាំ​ ២០១៨​មក។ លោក​បាន​វិនិយោគ​ទិញ​សត្វ​ល្មូន​ជាង ២០​ប្រភេទ ពី​បរទេស​ មិន​មាន​នៅ​ប្រទេស​កម្ពុជា។

លោក ជា រ៉ាទី

សត្វ​ទាំង​នោះ គឺ​មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​លក្ខខណ្ឌ​ចិញ្ចឹម​តាំង​ជា​លក្ខណៈ​គ្រួសារ និង​មាន​បញ្ជី​​តាម​ដាន​ជាប់​លាប់​ករណី​ថែម ឬ​ថយ​សត្វ។

បង្កួយ តាំងនៅហាង (រូបផ្តល់ឲ្យដោយ លោក ជា រ៉ាទី)

លោក​ថា ​គំនិត​នេះ ពិត​ជា​ថ្មី​ និង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពិសេស​សារព័ត៌មាន​ក្នុង​និង​ក្រៅ​ស្រុក​ចុះ​ផ្សាយ​ជា​ហូរហែ។ មុន​ចាប់​ផ្ដើម លោក​បាន​ចំណាយ​ពេល​ស្រាវជ្រាវ និង​រក​ឃើញ​ថា​វា​ពិត​ជា​មិនទាន់​មាន​អ្នក​ធ្វើ​ឡើយ នៅ​ក្នុង​ប្រទេស​កម្ពុជា។

២. គំនិត​អាជីវកម្ម​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់

​ផ្ដើម​ពី​ការ​ស្រលាញ់​សត្វ ដែល​ធ្លាប់​តែ​មើល​ក្នុង​ទូរទស្សន៍​អន្តរជាតិ លោក​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ថ្មី ប្លែក និង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ឃើញ​ផ្ទាល់។ ក្រៅ​ពី​ហូប​កាហ្វេ​ នៅ​ទី​នោះ ភ្ញៀវ​អាច​ថត​រូប និង​ប៉ះ​សត្វ​ទាំង​អស់​ដែល​មាន​នៅ​ទីនោះ​ឥត​គិត​ថ្លៃ មាន​ដូច​ជា​ពស់​ថ្លាន់ ឬ​បង្កួយ​ជាដើម។ ការ​លេង ឬ​ចាប់​កាន់​សត្វ​ទាំង​នោះ​ ម្ចាស់​ហាង តម្រូវ​ឲ្យ​ភ្ញៀវ​លាង​សម្អាត​ដៃ​មុន និង​ក្រោយ រួម​ជាមួយ​បម្រាម​មិន​ឲ្យ​ប៉ះ​ក្បាល ឬ​កន្ទុយ​សត្វ ដើម្បី​ធានា​អនាម័យ និង​សុវត្ថិភាព។

បង្កួយ តាំងនៅហាង (រូបផ្តល់ឲ្យដោយ លោក ជា រ៉ាទី)

សូម​បញ្ជាក់​ថា ជា​មធ្យម​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចន្លោះ​ពី ១០០នាក់ បាន​ចេញចូល ទៅ​ញ៉ាំ​កាហ្វេ និង​លេង​កម្សាន្ត​ ទទួល​អារម្មណ៍​ប្លែក​បំផុត ជាមួយ​ពពួក​សត្វ​ល្មូន​ទាំង​នោះ។ ក្រុម​សត្វ​ទាំង​អស់​ដាក់​តាំង​នៅ​ទីនេះ គឺ​អាច​ឲ្យ​ភ្ញៀវ​ប៉ះ ថតរូប ឬ​ថើប​បាន ព្រោះ​ពួក​វា​មិន​មាន​ពិស។ នេះ​បើ​តាម ការ​បញ្ជាក់​ពី​លោក ជា រ៉ាទី។

ពស់១ប្រភេទ តាំងនៅហាង (រូបផ្តល់ឲ្យដោយ លោក ជា រ៉ាទី)

អត្ថបទ៖ ពៅ រក្សា

មតិយោបល់