• 2018-12-04 02:32:30
  • សេដ្ឋកិច្ច

អ្នក​រកស៊ី​អចលនទ្រព្យ​ បើ​មាន​២យ៉ាង​នេះ ដឹង​តែ​អាច​រក​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ

  • 2018-12-04 02:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ជំនាញ​ច្បាស់ និង​មាន​ក្រុមហ៊ុន​ច្បាស់​លាស់ ទើប​ធ្វើ​ឲ្យ​អតិថិជន​ទុក​ចិត្ត ហ៊ាន​ទិញ​គម្រោង ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​។ នេះ​ជា​អ្វី​ដែល​ លោក ខន គង្គា ជា​អគ្គនាយក​ក្រុមហ៊ុន លក់​អចលន​ទ្រព្យ​ឈ្មោះ​ថា ERA ប្រចាំ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​នេះ​ ទើប​សម្ពោធ​ជា​ផ្លូវ​ការ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ និង​បាន​ផ្ដល់​កន្លែង​ការងារ​ចំនួន​១០០​កន្លែង​ ដល់​អ្នក​លក់​អចលនទ្រព្យ​កម្ពុជា។

ប្រធាន​ក្រុមហ៊ុន​រូប​នេះ​លើក​ឡើង​ថា កត្តា​ធនធាន​មនុស្ស​ គឺ​សំខាន់​ជាង​គេ​។ ធនធាន​មនុស្ស​ដែល​អាច​បម្រើការ​ក្នុង​ការ​លក់​អចលនទ្រព្យ​បាន​ជោគជ័យ គឺ​ត្រូវ​ការ​បណ្ដុះបណ្ដាល​យ៉ាង​ឆ្អិនឆ្អៅ ទាំង​ជំនាញ​ផ្នែក​អចលនទ្រព្យ ជំនាញ​ផ្នែក​លក់ និង​វិជ្ជាជីវៈ​ក្នុង​ការ​បំពេញ​ការងារ​។

ជា​មួយ​គ្នា​នេះ ភ្នាក់ងារ​លក់​អចលនទ្រព្យ​ម្នាក់​ គឺ​លោក ហ៊ុន វ៉ាឡែន បាន​ប្រាប់​ថា លោក​ចូល​ប្រឡូក​ក្នុង​របរ​លក់​អចលនទ្រព្យ​នេះ ក៏​ដោយសារ​ចង់​ទទួល​យក​បទពិសោធន៍​ក្នុង​ការ​ធ្វើ​ជំនួញ និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ព្រោះ​ថា ជា​ភ្នាក់ងារ​លក់​គម្រោង​សំណង់​ម្នាក់ ធ្វើ​ការ​ដូច​ជា​ម្ចាស់​អាជីវកម្ម​មួយ​រូប​ដែរ ព្រោះ​មាន​ប្រាក់​ខែ​ផង និង​ប្រាក់​កម្រៃ​ជើងសា (Commission) ផង​។

លោក​ហុង សុភារ៉ា ជា​អ្នក​លក់​គម្រោង​អចលនទ្រព្យ​ម្នាក់ទៀត បាន​លើក​ឡើង​ថា ដោយសារ​លោក​មើល​ឃើញ​ថា វិស័យ​អចលនទ្រព្យ​កំពុង​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា ហើយ​វា​ជា​កន្លែង ​ដែល​អាច​រកចំណូល​បាន​ច្រើន និង​ជា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​ផង ទើប​លោក​ឈាន​ជើង​ចូល​បម្រើការ​ក្នុង​វិស័យ​នេះ​។

បើទោះបីឆ្នាំ ២០១៨នេះ ការ​វិនិយោគ​លើ​វិស័យ​សំណង់ ស្ថិត​នៅ​ក្នុង​កំណើន​ទាប​ជាង​ឆ្នាំ​ទៅ​ក្ដី ពោល​ទាប ១ពាន់​លាន​ដុល្លារ បើ​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ ក៏​ប៉ុន្តែ​បណ្ដា​អ្នក​វិយោគ​ធំៗ ​ជា​ច្រើន​ហាក់​បង្ហាញ​ថា មិន​មាន​កង្វល់​ឡើយ ព្រោះ​តម្រូវ​ការ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​តែ​មាន​កំណើន​ល្អ៕

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់
អត្ថបទថ្មី