• 2019-09-25 05:52:53
  • សេដ្ឋកិច្ច

អ្នកស្រី អ៊ុន​ ណារីន​​​៖ ទំនួល​ខុសត្រូវ និង​ភាព​ស្មោះត្រង់​​​រកស៊ី​អ្វី​ក៏​ទទួល​ភាព​ជោគជ័យ

  • 2019-09-25 05:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ទំនួល​ខុសត្រូវ​ចំពោះ​អតិថិជន ​និង​​ភាព​ស្មោះ​ត្រង់​ចំពោះ​អតិថិជន​ ​រក​ស៊ី​អ្វី​ក៏​ដោយ​ទទួល​បាន​ជោគជ័យ​​”។ ទាំង​នេះ​គឺ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នកស្រី អ៊ុន​ ណារីន ម្ចាស់​សិប្បកម្មរក្សា​លក់​​គ្រឿង​ចម្លាក់​ស្ពាន់​​ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​នឹង​ sabay កាលពី​ពេល​ថ្មីៗ​នេះ។

មាន​ប្រវត្តិ​​​ជា​យុវតី​កំព្រា​ឪពុក ក្នុង​ជីវភាព​ខ្សត់​ខ្សោយ​​រស់នៅ​ក្នុង​ស្រុក​បារាយណ៍ ​ ខេត្ត​កំពង់​ធំ អ្នកស្រី​យល់​ថា​ ភាព​ជោគជ័យ​មិន​​មែន​កើត​ឡើង​ដោយ​ឯកឯង​នោះ​ទេ តែ​​ត្រូវ​មាន​ភាព​អំណត់​ ​តស៊ូ​ និង​ក្តី​ស្រលាញ់​ចេញ​ពី​បេះ​ដូង ចំពោះ​កិច្ច​ការងារ​ ដែល​ខ្លួន​កំពុង​​ធ្វើ​ ពិសេស​ត្រូវ​មាន​​ទំនួល​ខុស​ត្រូវ​​ និង​ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន​។​ ​ ​

ចាប់កំណើត​​​នៅ​ភូមិ​ត្រស់ ឃុំ​បល្ល័ង្គ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ មាន​បង​ប្អូន​បី​នាក់ ​និង​ជា​កូន​ច្បង​គេ​។ ​ម្ដាយ​ប្រកប​របរ​ធ្វើ​ស្រែ និង​លក់​ដូរ​តិច​តួច​ ដើម្បី​ចិញ្ចឹម​កូន ​ខណៈ​លោក​ឪពុក​បាន​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កាលពី​ឆ្នាំ​២០០៦។ ​

ទោះ​ជា​កើត​​នៅ​ក្នុង​គ្រួសារ​ទី​ទាល់​ក្រ​នៅ​ទី​ជនបទ​​ ​​​​ក៏​អ្នក​ស្រី មិន​រាថយ ក្នុង​ការ​សិក្សា​រៀន​សូត្រ​ និង​ចាប់​យក​មុខជំនាញ​មួយ​ដែល​​​ ខ្លួន​ពេញចិត្ត ដើម្បី​មាន​អនាគត​មួយ​ដ៏​ត្រចះត្រចង់​។ ក្រោយ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប) អ្នកស្រី​បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ រៀន​ជំនាញ​សំអាង​ការ​ ដោយ​មិន​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ដូច​មិត្តភ័ក្ដិ​ដទៃ​ទៀត​​ឡើយ។ អ្នក​ស្រី​ត្រូវ​ធាក់​កង់​ពី​ម្តុំ​ផ្សារ​ទួល​គោក​​ ​មក​រៀន​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​ជា​រៀង​រាល់​ថ្ងៃ​ ខណៈ​ពេល​នោះ​បាន​ស្នាក់​នៅ​ជា​មួយ​សាច់ញាតិ។ ​អ្នក​ស្រី​ត្រូវ​រៀន​ផង ធ្វើ​ការងារ​​ឱ្យ​គេ​ផង ​និង​ត្រូវ​ផ្លាស់​ប្ដូរ​រៀន​ពីរ​បី​កន្លែង ​ធ្វើ​យ៉ាង​ណា​ ដើម្បី​​បាន​ចេះ​ជំនាញ​មួយ​ច្បាស់​លាស់។

អញ្ចឹង​ដើម្បី​បាន​តម្រិះ​យើង​នៅ​ជួយ​មេ​ជាង ដល់​ម៉ោង​ប្រាំពីរ ឬ​ប្រាបី​យប់​ ចង់​បាន​ក្តី​ស្រលាញ់​ពី​មេ​ជាង​គឺ​ត្រូវតែ​នៅ​ជួយ​គេ​។ ចេញ​ទៅផ្ទះ​​វិញ​មេឃ​រលឹម​ស្រេច​ៗ​អញ្ចឹង ​ជិះ​កង់​កាត់​ភ្លៀង​ មាន​អារម្មណ៍​ស្រណោះ​ខ្លួន​ទឹកភ្នែក​ក៏​ស្រក់​មក​​ ទាំង​ហេវ​ទាំង​ហត់​ និង​ត្រូវ​ធាក់​កង់​ផ្លូវ​ឆ្ងាយ ​តែ​ជម្នះ​ឱ្យ​បាន​​”។

ដោយ​ភាព​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​អ្នកស្រី ​បាន​បើក​ហា​ង​​សំអាង​មួយ​នៅ​ម្តុំ​ផ្សារ​ឌុយ​ម៉េច​រាជ​ធានី​ភ្នំពេញ​​។ បើក​បាន​មួយ​រយៈ​ ​អ្នក​ម្ដាយ​មាន​ជំងឺ​​ក៏បាន​វិល​ទៅ​កាន់​ស្រុក​កំណើត​វិញ ដើម្បី​មើល​ថែ​ម្ដាយ​​។ លុះ​​​ក្រោយ​មក​ដោយ​សារ​​ មាន​ប្អូន​ជី​ដូន​មួយ​ជា​ជាង​ទង​ ហើយ​អ្នកស្រី​ជាជាង​សំអាង​ស្រាប់​ ក៏​បែក​គំនិត​ចង់​ផលិត​គ្រឿង​សំអាង​ធ្វើ​ពី​​ចម្លាក់​ស្ពាន់​ និង​ប្រាក់​មាន​ជាអាទិ៍ ក្រវិល ​កងដៃ ​ខ្សែដៃ ​ខ្សែក និង​ខ្សែ​វ៉ាត់​ជាដើម​ ខណៈ​តម្រូវ​ការ​គ្រឿង​សំអាង​ពេល​នោះ​​កំពុង​​​មាន​ទីផ្សារ​​ក៏​សម្លឹង​មើល​ឃើញ​ឱកាស​មួយ​នេះ​​។

នៅ​អំឡុង​ឆ្នាំ​២០១៦ ដោយ​ក្ដី​ស្រលាញ់​ការ​​ងារ​ចម្លាក់​ស្ពាន់ និង​វត្ថុ​បុរាណ​​ ដែល​ជា​មរតក​ដូន​តា​បាន​បន្សល់​ទុក​ឱ្យ ​សិប្បកម្ម​ចម្លាក់​ស្ពាន់​ផលិត​ដោយ​ដៃ​មួយ​ត្រូវ​បាន​បង្កើត​​ឡើង ​ចូល​ហ៊ុន​គ្នា​ជាមួយ​នឹង​ប្អូន​ជី​ដូន​មួយ​ ដែល​បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង​។

យ៉ាង​ណា​មិញ​មុន​បើក​សិប្បកម្ម​ឱ្យ​ដំណើរ​ការ អ្នកស្រី​ និង​ប្អូន​ជីដូនមួយ​​បាន​ចំណាយ​ពេល​​ជិត​កន្លះ​ឆ្នាំ​ទៅ​លើ​ការ​រៀបចំ​រោង​​​​សិប្បកម្ម​ ម៉ាស៊ីន​​ក្រូម៉េ​ស្ពាន់​ ម៉ាស៊ីន​ផ្សារ ម៉ាស៊ីន​ចាក់ពុម្ព និង​វត្ថុធាតុ​ដើម ពិសេស​​រចនាបថ​ចម្លាក់​តែ​ម្តង​។​

បច្ចុប្បន្ន​សិប្បកម្ម​ចម្លាក់​ស្ពាន់ ​ របស់​អ្នក​ស្រី​កំពុង​មាន​មាន​ឈ្មោះ​បោះ​សម្លេង​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ និង​បាន​ចែក​ចាយ​នៅ​តាម​បណ្ដា​​ផ្សារ​ខេត្ត​ក្រុង​ស្ទើរ​​ទូទាំង​ប្រទេស​ ពិសេស​បាន​ផ្ដល់​ការងារ​ដល់​​បុគ្គលិក​ជិត៣០នាក់​ផង​ដែរ។ អ្នកស្រី​មិន​នឹកស្មាន​ថា ជំនួញ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ហួស​ការ​ស្មាន​យ៉ាង​ដូច្នេះ​ឡើយ។ ​ការ​ទទួលជោគជ័យ​ឆាប់​រហ័ស​បែប​នេះ​ មាន​កត្តា​បី​ មាន​កត្តា​យ៉ាង​​ទី១ គុណ​ភាព​ផលិត​ផល​ល្អ (ក្រូម៉េ​ស្អាត​មើល​មិន​ដឹង​ស្មាន​ថា​មាស) ទី​ ២មានទំនួលខុស​ត្រូវ និង​ទី​៣ ភាព​ស្មោះ​ត្រង់​ចំពោះ​អតិថិជន។​ 

អ្នកស្រី​ ណារីន ​​មាន​មហិច្ឆតា​ចង់​ពង្រីក​សិប្បកម្ម​ខ្លួន​ជា​អាណាចក្រ​គ្រឿង​សំអាង​ធ្វើ​ពី​ស្ពាន់ និង​ប្រាក់​​ ដើម្បី​បន្ត​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ ​ដែល​បន្សល់​ពី​ដូនតា​ ជាមួយ​នឹង​ការ​ពង្រីក​ទៅ​កាន់​ទីផ្សារ​​បរទេស។​​​

អ្នកស្រី​បាន​ផ្តាំ​ផ្ញើ​ទៅ​យុវតី​​ត្រូវ​មាន​​ការ​តស៊ូ​អត់​ធ្មត់ បើ​បរាជ័យ​កុំ​បាក់​ទឹក​ចិត្ត និង​កុំ​​គិត​ថា​ ខ្លួន​គ្មាន​សមត្ថភាព​ត្រូវតែ​ខំ​ក្រោក​ឈរ​បន្ត​ទៀត គេ​អាច​ធ្វើ​យើង​ក៏​អាច​ធ្វើ​បាន​ដែរ៕

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទថ្មី