- 2019-12-06 07:38:29
- ការអប់រំ
រំភើបមែន! វិទ្យាល័យមួយនៅព្រៃវែងបានទទួលទីលានបាល់ទាត់ទំនើបពីក្រុមហ៊ុនជប៉ុន
- 2019-12-06 07:38:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបមែន! វិទ្យាល័យមួយនៅព្រៃវែងបានទទួលទីលានបាល់ទាត់ទំនើបពីក្រុមហ៊ុនជប៉ុន
ចន្លោះមិនឃើញ
ទីលានបាល់ទាត់ដ៏ទំនើបហ្វូតសាលស្មៅសិប្បនិម្មិតមួយបានលេចរូបរាងឡើងនៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនតៃខាខបភើរេសិន។
កាលពីម្សិលមិញនៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនបានរៀបចំពិធីប្រគល់ និងទទួលទីលានបាល់ទាន់មួយនេះពីដែលជាអំណោយរបស់ក្រុមហ៊ុនតៃខាខបភើរេសិន។
លោក គង់ វន អ្នកផ្តើមគំនិតបង្កើតអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុននិងជាប្រធានអង្គការស៊េព្វ ថ្លែងក្នុងពិធីនោះថា៖ «ទីលានបាល់ទាត់ដ៏ទំនើបនេះដែលមានឈ្មោះថា Futsal ដែលសិស្សានុសិស្សបានទទួលពេលនេះគឺជាការខិតខំប្រឹងប្រែងរបស់លោក Suzuki Taito ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនតៃខាខបភើរេសិន។ ដូចនេះដើម្បីតបស្នងសងគុណដល់លោក ខ្ញុំសូមស្នើប្អូនៗទាំងអស់ពួតដៃគ្នាថែរក្សាឲ្យបានគង់វង្សយូរឆ្នាំ។ ម្យ៉ាងវិញទៀតសូមលោកគ្រូអ្នកគ្រូមេត្តាជួយរៀបចំកម្មវិធីហាត់ហ្វឹកហ្វឺនឲ្យអស់ពីសមត្ថភាព។ សូមកុំទុកទីលានរបស់យើងឲ្យនៅទំនេរគ្មានអ្នកណាមកហាត់បាល់ទាត់ឲ្យសោះ។ ខ្ញុំសង្ឃឹមថាឆ្នាំសិក្សា២០១៩-២០២០ខាងមុខនេះសិស្សរបស់យើងខ្ញុំនិងក្លាយជាសិស្សឆ្នើមផ្នែកកីឡាបាល់ទាត់ចេញពីCJFS មិនខាន»។
ចំណែកប្រធានមន្ទីរអប់រំខេត្តព្រៃវែង លោក ប៉ាវ សុធី ថ្លែងក្នុងពិធីនោះដែរថាប្រជាជនកម្ពុជាបានចាត់ទុកប្រជាជនជប៉ុនជាមិត្តល្អ ដែលតែងតែជួយកម្ពុជានៅគ្រាលំបាក។ លោកចាត់ទុកថាការទទួលបានទីលានបាល់ទាត់ទំនើបនេះគឺជាការខិតខំប្រឹងប្រែងរបស់លោក Suzuki Taito នាយកប្រតិបត្តិរបស់ក្រុមហ៊ុនតៃខាខបភើរេសិន។ ដើម្បីតបស្នងនឹងការជួយជ្រោមជ្រែងនេះលោកបានណែនាំដល់សិស្សានុសិស្សឲ្យចូលរួមថែរក្សាទីលាន និងខិតខំហ្វឹកហាត់ឲ្យអស់ពីលទ្ធភាព។
ចំណែកលោកSuzuki Taito នាយកប្រតិបត្តិរបស់ក្រុមហ៊ុនតៃខាខបភើរេសិនថ្លែងដែរថា៖ «ក្រោយពីបាន ពិនិត្យមើលព័ត៌មាននិយោជិករបស់យើងខ្ញុំរួច ឃើញថាមាន៨ភាគនៃនិយោជិកគឺមានស្រុកកំណើតនៅក្នុងខេត្តព្រៃវែងនេះ។ កាន់តែដឹងកាន់តែយល់ច្បាស់ពីការផ្សារភ្ជាប់កាន់តែស៊ីជម្រៅជាមួយខេត្តព្រៃវែង ដូច្នេះហើយយើងបានសម្រេចចិត្ត បរិច្ចាគទីលានហ្វូតសាលនៅពេលនេះ។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដោយមានទំនាក់ទំនងបែបនេះជាមួយអ្នកទាំងអស់គ្នា»។
លោកបន្ថែមថា៖ «ខ្ញុំពិតជារីករាយណាស់ប្រសិនបើទីលានហ្វុតសាលនេះអាចត្រូវបានប្រើដើម្បីជួយដល់ការ លូតលាស់ផ្នែកចិត្តនិង រាងកាយរបស់យុវជនឲ្យមានសុខភាពល្អដើម្បីជួយដល់ការអភិវឌ្ឍ នៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត»។
គួរបញ្ជាក់ថាបច្ចុប្បន្នសិស្សកំពុងសិក្សានៅវិទ្យាល័យនេះមានចំនួនដល់ទៅ១ ៧៦៦នាក់ ក្នុងនោះស្រី៩៥០នាក់៕