• 2019-12-16 03:28:23
  • ការអប់រំ

ប្រាសាក់ សម្ពោធអគារបណ្ណាល័យ 4 ខ្នងព្រមគ្នាក្នុងថ្ងៃតែមួយនៅខេត្តកំពង់ធំ

  • 2019-12-16 03:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការបន្តចូលរួមជំរុញវប្បធម៌អានរបស់សិស្សានុសិស្ស និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា អគារបណ្ណាល័យស្តង់ដារចំនួន 4 ខ្នង ដែលបានសាងសង់និងបំពាក់សៀវភៅនិងបរិក្ខាររួចរាល់ ដោយប្រើមូលនិធិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីរសៀលថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2019 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ពិធីសម្ពោធខាងលើនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យកំពង់ថ្ម ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីជានិមិត្តរូប នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យទាំង 4 ខ្នង ដែលស្ថិតនៅទីតាំងសាលាផ្សេងគ្នារួមមាន បណ្ណាល័យនៅ វិទ្យាល័យ កំពង់ថ្ម , វិទ្យាល័យ ហ៊ុន សែន សណ្តាន់ , វិទ្យាល័យ ហ៊ុន សែន រុងរឿង និងវិទ្យាល័យ ជា ស៊ីម ប្រឡាយ ដែលស្ថិតនៅទឹកដីខេត្តកំពង់ធំ ជាមួយនឹងសម្ភារៈបរិក្ខារបណ្ណាល័យយ៉ាងច្រើន និងសៀវភៅអានប្រមាណជា 1 2000 ក្បាល។

ចូលរួមជាគណៈអធិបតីក្នុងពិធីនេះផងដែរ រួមមាន ឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក ទឹម រតនា នាយកសាខា ធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តកំពង់ធំ និងលោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ព្រមទាំង លោកអភិបាល នៃគណៈអភិបាលស្រុកសន្ទុក ស្រុកស្ទោង និងស្រុកសណ្ដាន់ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនប្រមាណជា 1 500 នាក់។

លោក ឃឹម សារិន តំណាងក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានកសាងអគារបណ្ណាល័យជាច្រើនដល់រហូតដល់ 41 ខ្នងនៅទូទាំងប្រទេស ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា។ ប្រាសាក់បានឆ្លើយតបត្រូវនឹងតម្រូវការរបស់ក្រសួងដែលត្រូវការអគារបណ្ណាល័យស្ដង់ដារដាច់ដោយឡែកនៅតាមសាលារៀននានា ដែលបំពាក់ដោយសៀវភៅ និងសម្ភារៈបរិក្ខារគ្រប់គ្រាន់ ដែលកាលពីមុនសាលារៀនត្រូវយកបន្ទប់នៃអគារសិក្សា ឬអគារទីចាត់ការមួយផ្នែកមកធ្វើជាបណ្ណាល័យ ដែលមានលក្ខណៈតូចចង្អៀតមិនអំណោយផលដល់ការអាន។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រាសាក់ដែលបានផ្ដល់ជាអគារបណ្ណាល័យរហូតដល់ 7 ខ្នងដល់ទឹកដីខេត្តកំពង់ធំ។ ឯកឧត្ដមសង្ឃឹមថាសិស្សានុសិស្សទាំងអស់នៅតាមបណ្ដាសាលារៀនទាំងនេះនឹងខិតខំរៀនសូត្របង្កើនសមត្ថភាពនិងចំណេះដឹងខ្លួនតាមរយៈការចូលអាននៅក្នុងបណ្ណាល័យក៏ដូចជាការខ្ចីសៀវភៅយកទៅអាននៅផ្ទះ ហើយឯកឧត្ដមក៏បានអំពាវនាវឱ្យសិស្សានុសិស្សត្រូវចេះចូលរួមថែរក្សាបណ្ណាល័យនេះបានល្អគង់វង្សរហូតទៅ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ដែលបានផ្តល់សមិទ្ធផលអគារបណ្ណាល័យទាំងនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអប់រំ ព្រោះការអភិវឌ្ឍប្រទេសជាតិ គឺផ្អែកទៅលើការអភិឌ្ឍធនធានមនុស្សជាចាំបាច់។ ឯកឧត្ដមបន្តថា វិស័យមីក្រូហិរញ្ញវត្ថុអាចរីកចម្រើនទៅបានអាស្រ័យលើចំណេះដឹងរបស់អតិថិជន ជាពិសេសចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកជំនួញជួញដូរ ដោយពួកគាត់ត្រូវចេះគិត ចេះពិចារណា ចេះប្រកបរបរ និងចេះប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវទើបទទួលបានជោគជ័យនិងរីកចម្រើន។ ពេលអតិថិជនទទួលបានបានជោគជ័យ នោះទើបស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលបានជោគជ័យផងដែរ។ ហេតុនេះយើងត្រូវខិតខំក្រេបយកចំណេះដឹងតាមរយៈការស្ដាប់ គិត សួរ និងសរសេរ (សុ ចិ បុ លិ) ព្រមទាំងការអានផងដែរ ដូចនេះសិស្សានុសិស្ស អាចស្រាវជ្រាវ និងបង្កើនចំណេះដឹងបន្ថែមតាមរយៈ បណ្ណាល័យ នេះ។ ឯកឧត្ដមក៏បានលើកឡើងផងដែរថា សមិទ្ធផលដែលបានកើតឡើងនៅពេលនេះ គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជាយើង ដែលផ្ដល់ឱកាសឱ្យយើងបានរៀនសូត្រ និងប្រកបរបរទទួលទានចិញ្ចឹមជីវិតបានដោយសុខដុមរមនា។ ឯកឧត្ដមបានផ្ដាំផ្ញើសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព និងត្រូវស្រលាញ់ចូលចិត្តការអាន ដើម្បីអនាគតដ៏ភ្លឺស្វាង។

អំពីប្រាសាក់ និងគម្រោងបណ្ណាល័យប្រាសាក់

ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទីមួយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង សេវាហិរញ្ញវត្ថុឌីជីថល ផ្ទេរប្រាក់ ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត ម៉ាស៊ីនដាក់ប្រាក់ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកជិត 9,000 នាក់។

ស្របតាមទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន ក៏ដូចជាដើម្បីថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រនិងប្រើប្រាស់ផលិតផលនិងសេវារបស់ប្រាសាក់នាពេលកន្លងមក ប្រាសាក់បានបង្កើតនិងចូលរួមកម្មវិធីសង្គមជាច្រើន ដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់សម្រាប់គាំពារអតិថិជន ដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ កម្មវិធីមនុស្សធម៌ និងការឧបត្ថម្ភសកម្មភាពសង្គមនានា ជាពិសេសនោះគឺការចូលរួមចំណែកបណ្ដុះវប្បធម៌អាន តាមរយៈ «គម្រោងបណ្ណាល័យប្រាសាក់»

សម្រាប់អគារបណ្ណាល័យនៅវិទ្យាល័យទាំង 4 នេះស្ថិតក្នុងចំណោមអគារបណ្ណាល័យទាំងអស់ 41 ខ្នង ដែលប្រាសាក់បានសាងសង់ជូនបណ្ដាសាលារៀននានានៅទូទាំងកម្ពុជា។ ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណា ល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារៈឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្សថែមទៀតផងដើម្បីឱ្យបណ្ណាល័យនេះដំណើរការបានដោយរលូន ក្រោមកិច្ចសហការពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

អគារបណ្ណាល័យនេះ ជានិមិត្តរូបមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងអតិថិជន ក៏ដូចជាប្រជាជនក្នុងសហគមន៍ទាំងមូល ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងបច្ចុប្បន្ន និងអនាគត។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម