- 2018-06-08 09:47:15
- ស្នេហា
មិនបាច់ហត់ទៅស្រលាញ់គេម្នាក់ឯង គ្រាន់តែធ្វើ៦យ៉ាងនេះ គេតាមញ៉ែចាប់អត់ឈ្នះ
- 2018-06-08 09:47:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ហត់ទៅស្រលាញ់គេម្នាក់ឯង គ្រាន់តែធ្វើ៦យ៉ាងនេះ គេតាមញ៉ែចាប់អត់ឈ្នះ
ចន្លោះមិនឃើញ
ជួនកាលយើងតែងឆ្ងល់ខ្លួនឯងថា ស្អាតប៉ុណ្ណឹងដែរ សង្ហាប៉ុណ្ណឹងដែរ ម៉េចក៏រកសង្សារមួយមិនបាននឹងគេ។ វាមានបញ្ហាជាច្រើន ដែលជួនកាលយើងអាចមិនគិតដល់ថា វាមិនមែនជាមួលហេតុដែលនៅម្នាក់ឯង។ តទៅនេះ គឺជាការឆ្លុះបញ្ចាំងចំណុចសំខាន់ៗមួយចំនួន ក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឲ្យយើងមិនងាយនឹងមានសង្សារ។
១. ក្រវាត់ចោលភ្លាមទឹកមុខក្រញូវមិនចេះញញឹម
ភាពរួសរាយរាក់ទាក់ ស្នាមញញឹម របស់មនុស្សមិនថា បុរស ឬនារីឡើយ គឺជាភាពទាក់ទាញបំផុត។ មុខមិនទទួលភ្ញៀវ មុខមិនអំណោយផល ពេលខ្លះមិនមែនសំដៅលើមានមុខមាត់មិនស្អាតនោះទេ តែវាសំដៅទៅលើមនុស្សមិនចេះញញឹមនេះហើយ។ ដូច្នេះចង់ឲ្យគេមកចាប់អារម្មណ៍ខ្លួន គឺត្រូវចេះញញឹមទៅកាន់ពិភពលោកជាមុនសិន នោះភាពស្រស់ស្រាយនឹងកើតមានរាល់ថ្ងៃ។
២. ស្អាតខ្ញង់ៗរាល់ថ្ងៃ
ធម្មតាមុននឹងគេដឹងពីភាពទាក់ទាញផ្នែកខាងក្នុងរបស់យើង គឺគេមើលមកលើសម្បកក្រៅ និងការរៀបចំខ្លួនមុនគេ។ ទោះគេមិនបានបាក់ចិត្តស្រលាញ់ភ្លាមៗ យ៉ាងហោចណាស់គេក៏លួចសរសើរថា ពូកែរៀបចំខ្លួន មានភាពទាក់ទាញ ស្រស់ស្អាត ស្រស់សង្ហា។ ការស្លៀកពាក់ ការរៀបចំខ្លួនក៏ត្រូវចេះបត់បែនតាមកាលៈទេសៈពេលវេលា និងចេះជ្រើសរើសឲ្យសក្ដិសមនឹងខ្លួនឯង។
៣. កុំប្រកាន់រឹកពារខ្លាំងពេករៀនឲ្យចូលចំណោមគេខ្លះផង
ភាពមិនចូលចំណោម គិតថាខ្លួនឯងជាតួឯក ប្រកាន់ខ្លួនច្រើន ក៏មិនសូវមានអ្នកណាហ៊ានចូលក្បែរដែរ។ ស្គាល់កាន់តែច្រើនទំនាក់ទំនងក៏កាន់តែច្រើន ថាមិនត្រូវក្នុងចំណោមមនុស្សនៅជុំវិញខ្លួនយើង អាចមាននរណាម្នាក់ចាប់អារម្មណ៍នឹងយើងក៏ថាបាន។ បើមិនចេះប្រឡូកក្នុងសង្គម មិនដើរហើរខ្លះ គ្មានអ្នកណាសុខៗរត់មករកយើងនោះទេ។ ដូចពាក្យគេនិយាយថា ឱកាសមិនមែនសុខៗធ្លាក់ពីលើមេឃទេ ទាល់តែយើងចេះស្វែងរកខ្លួនឯង។ មិនខុសអីពីរឿងស្នេហា បើចង់មានសង្សារកុំសម្ងំតែក្នុងផ្ទះពេក។
៤. មិនបាច់ត្រឹមត្រូវដូចសំពត់បត់ក្នុងផ្នត់ពេកទេ
ត្រង់ចំណុចនេះមិនមែនន័យថា ឲ្យទៅធ្វើចរិតលលាម ហិចហើរនោះទេ តែមានន័យថា បើចាប់អារម្មណ៍អ្នកណារៀនចូលឲ្យកៀកតិចទៅ ហើយព្យាយាមបង្ហាញ ឬសាកល្បងសារភាពទៅ។ យ៉ាងហោចណាស់យើងក៏បានដឹងថា គេស្រលាញ់ ឬមិនស្រលាញ់ ប្រសើរជាងនៅសង្ស័យគេចាប់អារម្មណ៍អត់ គេស្រលាញ់វិញអត់។ ទទួលស្គាល់ថា វាមិនមែនជារឿងងាយស្រួលធ្វើទេ តែត្រូវសួរខ្លួនឯងថា បើយើងមិនប្រាប់គេ ធ្វើម៉េចគេដឹងថាយើងចាប់អារម្មណ៍គេ? បើមិនហ៊ានទេមួយជីវិតហ្នឹង អង្គុយតែស្រលាញ់គេម្នាក់ឯងទៅបានហើយ។
៥. មានលក្ខណៈពិសេសផ្ទាល់ខ្លួន
មនុស្សម្នាក់ៗតែងមានលក្ខណៈពិសេសផ្ទាល់ខ្លួនដូចជាសមត្ថភាពលើការងារ រៀនពូកែ កំប្លែង ក្រមិចក្រមើម ពូកែនិយាយ។ល។ បើមានសមត្ថភាពអីបញ្ចេញវាមក ព្រោះនេះគេហៅភាពទាក់ទាញផ្ទាល់ខ្លួន ដែលមិនប្រាកដថាអ្នកផ្សេងមាននោះទេ។ ភាពទាក់ទាញនេះដែរ អាចធ្វើឲ្យមានមនុស្សជាច្រើនចង់នៅក្បែរ ចង់រាប់អាន ហើយក្នុងចំណោមអ្នកទាំងនោះ ជួនកាលក៏មានអនាគតសង្សារយើងក៏ចាប់អារម្មណ៍យើងដែរ។
៦. កុំរង់ចាំតែអ្នកល្អឥតខ្ចោះពេក
បើនិយាយការលង់ស្រលាញ់មនុស្សម្នាក់ លុះត្រាតែអ្នកនោះ ស្អាត សង្ហា ពូកែ មាន តែធាតុពិតជាក់ស្ដែងមិនងាយនឹងជួបឡើយ អាចមាន១ក្នុងចំណោម១០០ថាច្រើនពេកផង។ ពេលខ្លះការស្រលាញ់មនុស្សម្នាក់មិនចាំបាច់ទាល់តែឥតខ្ចោះទេ ល្មមៗស្រលាញ់គេវិញទៅ បើមានអ្នកមកសារភាព។ យ៉ាងណាក៏គ្រាន់បើជាងលួចស្រលាញ់មនុស្សដែលមានគ្រប់យ៉ាង តែស្រលាញ់គេម្នាក់ឯងក្នុងក្ដីស្រមៃ។ គួរស្រលាញ់អ្នកណា ដែលគេមកស្រលាញ់យើង បានប៉ះផ្ទាល់ៗ ឈាមពិត សាច់ពិត ល្អជាងដេករវើរវាយរង់ចាំទេវបុត្ត ទេពធីតាជិះសេះសដែរ៕
ចុចអាន៖