• 2022-03-17 04:39:18
  • ព័ត៌មាន

ប្រសើរ​ណាស់ កម្ពុជា ប្រទះឃើញ​ហ្វូង​ដំរីអាស៊ីជិតផុតពូជមួយ​ហ្វូងនៅមណ្ឌលគិរី

  • 2022-03-17 04:39:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការWWF មានសេចក្តីរំភើបរីករាយឥតឧបមាក្រោយបានប្រទះឃើញហ្វូងសត្វដំរីអាស៊ីជិតផុតពូជ (Asian elephant ) ចំនួន ០៨ ក្បាល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

ដំរីអាស៊ីជាប្រភេទដំរីជិតផុតពូជ និងបានចុះបញ្ជីក្រហម IUCN (EN) នៅលើពិភពលោក ខណ:ហ្វូងសត្វដំរីទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុង ទីជម្រក ធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរីក្រោមការសិក្សា នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពក ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វដំរីអាស៊ីនៃគម្រោងកាំប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ។

ដំរីប្រភេទនេះក៏ដូចជាដំរីទូទៅភាគច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឬសឈើខ្ចីៗ ទំពាំងឬស្សី ផ្តៅ និងវល្លិ៍ជាដើម។ ដំរីច្រើនផ្តល់កំណើតកូនក្នុងខែកក្តដា-សីហា កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែរ ប៉ុន្តែកម្រណាស់បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់៥០-៧០ឆ្នាំ។

សូមជម្រាបថា ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត មានស្បែកកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង ភ្លុកដំរីធំ ឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីញីក៏មានភ្លុក ដែរ តែវាមិនបញ្ចេញឲ្យឃើញច្បាស់ដូចដំរីឈ្មោលពេញវ័យទេ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិកដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្រ្វិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ៕

ប្រភព៖ក្រសួងបរិស្ថាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់