- 2015-01-29 13:00:46
- ការអប់រំ
ប្រាក់លើកទឹកចិត្ត (Bonus) មានអត្ថន័យយ៉ាងណា?
- 2015-01-29 13:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់លើកទឹកចិត្ត (Bonus) មានអត្ថន័យយ៉ាងណា?
ចន្លោះមិនឃើញ
ប្រាក់លើកទឹកចិត្ត (Bonus) ជាចំនួនប្រាក់ជាក់លាក់ណាមួយដែលក្រុមហ៊ុន ឬអង្គភាពនានាផ្ដល់ដល់បុគ្គលិករបស់ខ្លួននៅពេលវេលាផ្សេងៗ ដូចជានៅថ្ងៃវិស្សមកាលធំ ដំណាច់ឆ្នាំ ឆមាស ឬត្រីមាស ទៅតាមការកំណត់របស់ក្រុមហ៊ុននីមួយៗ។ ជាទូទៅ នៅមុនពេលផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ថ្នាក់ដឹកនាំក្រុមហ៊ុនច្រើនអង្គុយរួមគ្នាពិនិត្យទៅលើលទ្ធផលការងារ តាមរយៈការវាយតម្លៃការងារ (Job Appraisal) ដែលបុគ្គលិកម្នាក់ៗសម្រេចបានដើម្បីផ្ដល់ជាប្រាក់រង្វាន់តិចច្រើនទៅតាមនោះ។ ជុំវិញប្រាក់លើកទឹកចិត្តនេះ មានការជជែកវែកញែកពិភាក្សាជាហូរហែពីគុណសម្បត្តិ និងគុណវិបត្តិរបស់វា។
គុណសម្បត្តិ៖
ជំរុញចិត្តបុគ្គលិកឲ្យខិតខំបន្ថែមទៀត
ប្រាក់រង្វាន់អាចប្រើជាមធ្យោបាយមួយសម្រាប់ជំរុញទឹកចិត្តបុគ្គលិកឲ្យខិតខំបន្ថែមទៀត។ ឧទាហរណ៍៖ ស្ថាប័នមួយកំណត់គោលដៅថាត្រូវសម្រេចឲ្យបានផែនការ ៧ចំណុច ឲ្យបុគ្គលិកត្រូវសម្រេចក្នុងរយៈពេល ២ឆ្នាំបន្ទាប់។ ក្រោយពេលបុគ្គលិកអាចសម្រេចគោលដៅនោះតាមកាលកំណត់ ក្រុមហ៊ុននឹងផ្ដល់ជាប្រាក់រង្វាន់ដល់បុគ្គលិកឆ្នើមមួយចំនួន ឬបុគ្គលិកទាំងអស់ជាការលើកទឹកចិត្ត។ ការធ្វើបែបនេះនឹងជំរុញឲ្យបុគ្គលិកមានស្មារតីទទួលខុសត្រូវជាងមុន និងមានអារម្មណ៍ច្បាស់ការណ៍ថា ពេលសម្រេចគោលដៅថ្មីៗរបស់ខ្លួននៅពេលក្រោយ ពួកគេនឹងទទួលបានអ្វីមួយមកវិញជាការតបស្នង។
ឲ្យបុគ្គលិកមានភាពកក់ក្ដៅ
ពេលខ្លះការលើកទឹកចិត្តមិនចាំបាច់ថា បុគ្គលិកត្រូវសម្រេចគោលដៅធំរបស់ក្រុមហ៊ុនឲ្យខាងតែបានទេ។ ក្រុមហ៊ុនមួយចំនួន ផ្ដល់ប្រាក់លើកទឹកចិត្តនេះដើម្បីជាការផ្ដល់តម្លៃចំពោះការខិតខំប្រឹងប្រែង និងរួមចំណែករបស់បុគ្គលិកសម្រាប់រយៈពេលមួយឆ្នាំ។ ប្រាក់លើកទឹកចិត្តប្រភេទនេះអាចត្រូវក្រុមហ៊ុនកំណត់ឲ្យជាប្រាក់ខែទី ១៣ នៅពេលបុណ្យឈប់សម្រាកធំៗ ឬនៅដំណាច់ឆ្នាំ។
ចុះការផ្ដល់ប្រាក់លើកទឹកចិត្តមានគុណវិបត្តិអ្វីខ្លះ?
ចំណាយច្រើនសម្រាប់ក្រុមហ៊ុន
រង្វាន់លើកទឹកចិត្តជាប្រាក់នឹងធ្វើឲ្យខ្ទង់ចំណាយក្រុមហ៊ុនកើនខ្លាំង ២ ឬ ៣ ដងទៅតាមការផ្ដល់ឲ្យរបស់ថៅកែ។ ចំពោះក្រុមហ៊ុនធំៗដែលមានបុគ្គលិកច្រើន ការផ្ដល់ប្រាក់រង្វាន់មិនថា តិចតួចក៏ត្រូវការកញ្ចប់ថវិកាធំមួយដើម្បីចំណាយដែរ។ បើស្ថាប័នរកចំណូលបានច្រើនមានទៅអី ផ្ទុយទៅវិញបើចំពេលចំណាយធំជាងចំណូលអាចធ្វើឲ្យក្រុមហ៊ុនមានការពិបាកព្រោះត្រូវគិតគូរទៅលើគម្រោងផ្សេងៗទៀត។
ដូច្នេះការសម្រេចថា ផ្តល់ឬមិនផ្តល់ តិចឬច្រើនគឺជាការសម្រេចចិត្តរបស់គណៈគ្រប់គ្រងក្រុមហ៊ុនផ្ទាល់។
បង្កើតភាពច្រណែនក្នុងចំណោមបុគ្គលិក
ប្រាក់រង្វាន់លើកទឹកចិត្តត្រូវក្រុមហ៊ុនផ្ដល់ជូនតាមរូបភាពផ្សេងៗគ្នាដូចជា នៅពេលសម្រេចគោលដៅមួយ ពេលបំពេញការងារបានល្អ ពេលក្រុមហ៊ុនចំណេញច្រើន ពេលដំណាច់ឆ្នាំ ឬថ្ងៃសម្រាកធំជាដើម។ ដោយសារប្រាក់រង្វាន់លើកទឹកចិត្តត្រូវផ្ដល់ដល់បុគ្គលិកមានទំហំខុសប្លែកគ្នា វាក៏អាចបង្កើតជាភាពច្រណែនគ្នាក្នុងចំណោមបុគ្គលិក។ ឧទាហរណ៍មួយដែលគេអាចមើលឃើញ គឺការច្រណែនគ្នារវាងបុគ្គលិកចាស់វស្សា និងបុគ្គលិកថ្មី។ ពេលខ្លះបុគ្គលិកចូលថ្មីធ្វើការល្អ និងត្រូវបានប្រាក់រង្វាន់លើកទឹកចិត្តស្ទើរស្មើនឹងបុគ្គលិកចាស់ ធ្វើឲ្យបុគ្គលិកចាស់យល់ថា ក្រុមហ៊ុនមិនផ្ដល់តម្លៃដល់ខ្លួន។ ពេលខ្លះបុគ្គលិកចាស់មកយឺត និងធ្វើការមិនសូវបានល្អ តែបានប្រាក់រង្វាន់ច្រើនជាងបុគ្គលិកថ្មី ធ្វើឲ្យបុគ្គលិកថ្មីយល់ថា ក្រុមហ៊ុនមិនមានភាពយុត្តិធម៌សម្រាប់ខ្លួន។
ជារួម ប្រាក់រង្វាន់លើកទឹកចិត្តមានគុណសម្បត្តិ និងគុណវិបត្តិដំណាលគ្នា។ តែការសម្រេចចិត្តថា គួរផ្ដល់ឬអត់គឺអាស្រ័យទៅលើប្រធានក្រុមហ៊ុន និងគណៈគ្រប់គ្រងផ្ទាល់ដោយផ្អែកទៅលើស្ថានភាពហិរញ្ញវត្ថុជាក់ស្តែងរបស់ក្រុមហ៊ុន៕
អាន៖ ៧វិធីដ៏សាមញ្ញ ដើម្បីសន្សំប្រាក់សម្រេចគោលបំណង
ប្រភព៖ ehow