• 2015-08-23 23:06:14
  • ការអប់រំ

ទីតាំង​ថត​ចម្លង​​​​​ជុំវិញ​មណ្ឌល​ប្រឡង​ត្រូវ​បិទ​ពីរ​ថ្ងៃ​ ​បើ​រឹងរូស​អាច​មាន​ទោស​ព្រហ្មទណ្ឌ

  • 2015-08-23 23:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​អប់រំ ​យុវជន និង​កីឡា​នឹង​បិទ​ទីតាំង​ថត​ចម្លង​សំណៅ​ឯកសារ​នានា​ដែល​នៅ​​កៀក​នឹង​មណ្ឌល​ប្រឡង​​រយៈពេល​ពីរ​ថ្ងៃ​ ចំ​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃ​ទី ២៤​ និង​ ២៥ ​សីហា​ខាងមុខ​។

 

​​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ​​លោក​ រស់ សាលីន​​​​​និយាយ​ថា ​ការ​ប្រកាស​ឲ្យ​បិទ​នេះ​គឺ​ដើម្បី​ធានា​ឲ្យ​មាន​ភាព​រលូន​នៅ​ពេល​ប្រឡង ​និង​ការពារ​បាតុភាព​​អសណ្ដាប់ធ្នាប់​ផ្សេង​ទៀត។ ​​​លោក​បាន​ឲ្យ​​ដឹង​ទៀត​​ថា ​ទីតាំង​ថត​ចម្លង​ណាមួយ​​រឹង​ទទើស​មិន​ព្រម​ស្តាប់​ការ​ណែនាំ​នេះ​ ​ពួកគេ​អាច​នឹង​ទទួល​ការ​ព្រមាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ហើយ​​​​បើ​សិន​ជា​រក​ឃើញ​ថា ​​​ទទួល​ការ​ព្រមាន​​ហើយ​នៅ​តែ​បន្ត​សកម្មភាព​ដដែល​ទៀត​នោះ​ពួកគេ​អាច​​​​នឹង​ត្រូវ​រង​ការ​ចោទប្រកាន់​ដល់​បទ​ព្រហ្មទណ្ឌ​ក៏​មាន។

 
 

​លោក​រំលឹក​​ដែរ​ថា ​​កាល​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ​២០១៤ ​កន្លងទៅ​ ​មាន​ម្ចាស់​អាជីវកម្ម​ថត​ចម្លង​ម្នាក់​​នៅ​ខេ្ត​តាកែវ​បាន​កេង​ចំណេញ​ដោយ​កូពី​ឯកសារ​មេរៀន​ធម្មតា​ បោក​បញ្ឆោត​បេក្ខជន​ដែល​ត្រូវ​ប្រឡង​ថា ​ជា​​​វិញ្ញាសា​​បែក​ធ្លាយ​ និង​លក់​យក​ផល​ចំណេញ​ខ្លួន​ឯង។ ​​ពេល​នោះ​ ម្ចាស់​អាជីវកម្ម​បាន​​ទទួល​ការ​ព្រមាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ ​តែ​នៅ​តែ​រឹងរូស​រហូត​ត្រូវ​ចោទប្រកាន់​ពី​ទោស​ទណ្ឌ​ផ្សេង​ទៀត​បន្ថែម​ពី​លើ​នោះ។

 

​ងាក​មក​ ការ​ធានា​កុំ​ឲ្យ​វិញ្ញាសា​បែក​ញែក​ចេញ​ទៅ​ក្រៅ​ ​លោក​ថា ​វិញ្ញាសា​ត្រូវ​បាន​ដឹក​ទៅ​ដល់​មណ្ឌល​ប្រឡង​តាំង​ពី​ថ្ងៃ​ទី ​២០ ​ម្ល៉េះ​ដោយ​មាន​ការ​ត្រួតពិនិត្យ​ និង​​ការ​​​ការពារ​ពី​អ្នក​សង្កេតការណ៍​មក​ពី​ក្រសួង និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ​​ហើយ​បើ​សិន​មាន​ករណី​បែក​ធ្លាយ​វិញ​ ​ឯកឧត្ដម​សង្កត់​ធ្ងន់​ថា ​នរណា​អ្នក​ធ្វើ​អ្នក​នោះ​​ជាអ្នក​ទទួល៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​

មតិយោបល់