- 2016-06-20 12:13:13
- ការអប់រំ
និស្សិតជាប់អាហារូបករណ៍ ចង់អភិវឌ្ឍន៍ស្រុកខ្មែរ ក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅបារាំង
- 2016-06-20 12:13:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតជាប់អាហារូបករណ៍ ចង់អភិវឌ្ឍន៍ស្រុកខ្មែរ ក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅបារាំង
ចន្លោះមិនឃើញ
ជារឿយៗ សង្គមខ្មែរតែងផ្ដល់តម្លៃឲ្យបុរសច្រើនជាងស្ត្រីដោយហេតុផលវប្បធម៌ ឬប្រពៃណីជាដើម។ យ៉ាងណាមិញ បច្ចុប្បន្ននេះគេសង្កេតឃើញថា រដ្ឋាភិបាល អង្គការសង្គមសីវិល និងក្រុមស្ត្រីមួយចំនួន បាននិងកំពុងតែជំរុញ លើកតម្កើង និងផ្ដល់ឱកាសដល់ស្ត្រីក្នុងកិច្ចការងារសង្គម និងនយោបាយ។ និត នីតិការ ជានារីខ្មែរម្នាក់ក្នុងចំណោមនារីខ្មែរផ្សេងទៀត ដែលមានទេពកោសល្យ និងសមត្ថភាពពិត ដែលនឹងទៅជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិនាពេលអនាគត។ មិនតែប៉ុណ្ណោះនាងគឺជាគំរូដ៏ល្អដល់យុវតីខ្មែរផ្សេងទៀត ដើម្បីជាក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គម។
ចុះតើ នីតិការ ជានរណា? នីតិការ ជានិស្សិតនារីខ្មែរដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតឆ្នាំទី ២ ដែលកំពុងសិក្សានៅប្រទេសបារាំង ក្រោយពីទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសនៅឆ្នាំ ២០១៤ កន្លងទៅនេះ។
នីតិការ ជាអតីតសិស្សវិទ្យាល័យព្រះមុនីវង្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាឆ្នាំ ២០១០នៅខេត្តបាត់ដំបង រួចនាងបានបន្តការសិក្សាថ្នាក់នីតិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។
អង្គុយក្នុងផ្ទះស្នាក់របស់សាកលវិទ្យាល័យ យុវតីអាយុ ២៣ឆ្នាំ ពូកែវោហារ និងរួសរាយរាក់ទាក់រូបនេះបានរៀបរាប់អំពីការខិតខំប្រឹងប្រែងរបស់នាងដើម្បីអាចទទួលបានអាហារូបករណ៍មកសិក្សានៅអឺរ៉ុបតាមបំណងប្រាថ្នា។
ជោគជ័យមិនមែនអាចសម្រេចបានក្នុងរយៈពេលមួយថ្ងៃទេ វាអាស្រ័យលើកិច្ចខិតខំប្រឹងប្រែង ភាពឆ្លាតវៃ និងការរៀបចំគម្រោង ដើម្បីទៅដល់គោដៅ។ រីឯ នីតិការ មុននឹងទទួលបានអាហារូបករណ៍ នាងបានមានបំណង និងត្រៀមជាស្រេចសម្រាប់រស់នៅ និងសិក្សានៅបរទេស។
នីតិការ បានឲ្យដឹងថា នាងបានចាប់ផ្តើមរៀនភាសាបារាំងតាំងតែពីនាងនៅខេត្តបាត់ដំបងមកម្ល៉េះ។ បន្ទាប់ពីចូលរៀននៅសាកលវិទ្យល័យ នាងបានបន្តថ្នាក់ពិសេសនីតិសាស្ត្រ ជាភាសាបារាំងនៅឆ្នាំទី២។
ដំណឹងនៃការសិក្សានៅក្រៅប្រទេសត្រូវបានផ្សព្វផ្សាយនៅក្នុងសាសា ដោយជានិស្សិតឆ្នើមម្នាក់ក្នុងចំណោមនិស្សិតឆ្នើមផ្សេងពីចំណាត់ថ្នាក់លេខ ១ ដល់ ១០ នីតិការបានដាក់ពាក្យអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសបារាំង។
ដំបូងនាងស្រាវជ្រាវតាមរយៈអ៊ីនធឺណិត និងជ្រើសរើសសាកលវិទ្យាល័យដែលខ្លួនចង់ដាក់ពាក្យ រួចផ្ញើអ៊ីម៉ែលណែនាំខ្លួន គោលបំណង និងស្នើសុំទៅសិក្សានៅទីនោះ។
នីតិការ បាននិយាយថា និស្សិតត្រូវអាចប្រើប្រាស់ភាសាបារាំងកម្រិត DELF. B2 ដែលអាចសរសេរ ស្ដាប់ និងនិយាយសម្រាប់ថ្នាក់រៀន។
មិនត្រឹមរៀនភាសាបារាំង និងដាក់ពាក្យស្នើសុំអាហារូបករណ៍នៅប្រទេសបារាំងប៉ុណ្ណោះទេ នាងបានសិក្សាស្វែងយល់បន្ថែមពីភូមិសាស្ត្រ ម្ហូបអាហារ តំបន់ទេសចរណ៍ អរិយធម៌ វប្បធម៌ និងប្រពៃណីរបស់គេផងដែរ។
ជោគជ័យនៅមិនឆ្ងាយពីដៃ... ដោយសារមានការខិតខំប្រឹងប្រែង និងត្រៀមខ្លួន នីតិការ បានសម្រេចគោលបំណងដោយទទួលបានអាហារូបករណ៍ Excellent Eiffel ដើម្បីសិក្សាបន្តថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់ ជំនាញនីតិធុរកិច្ច និងពន្ធដារ នៅសាកលវិទ្យាល័យប៉ារីស៨។
នីតិការ បាននិយាយថា «ខ្ញុំមានក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងតាមបំណង។ ហើយខ្ញុំគិតថាយុវជនផ្សេងទៀត ពិសេសនារីៗក៏ធ្វើបានដូចខ្ញុំដែរ... គេច្រើនតែនិយាយថាស្រ្តីមុជមិនជ្រៅទៅមិនឆ្ងាយ ឥឡូវយើងដែលជាស្រ្តីត្រូវតែផ្លាស់ប្តូរ។ សម្រាប់ស្ត្រី សូមឈប់ប្រើ ភេទ ជាការដោះសារ។ យើងមានសិទ្ធិស្មើគ្នា និងអាចសម្រេចជោគជ័យបានដូចបរុស រីឯសង្គមគួរផ្តល់ឱកាសដល់ស្ត្រីឲ្យបានស្មើនឹងបុរស។
នាងបានបន្ថែមថា មិនគ្រាន់តែសិក្សាចំណេះដឹងនៅសាកលវិទ្យាល័យប៉ុណ្ណោះទេ នាងបានយល់ដឹងបន្ថែមទៀតពីសិល្បៈ វប្បធម៌ ប្រពៃណីជនជាតិបារាំងថែមទៀត។
នីតិការបន្តថា «ខ្ញុំសង្កេតឃើញថា ប្រជាជនបារាំងនៅទីនេះ យកការអប់រំ និងការអភិរក្សវប្បធម៌ដ៏ថ្លៃថ្លារបស់គេជាជាងសម្ភារៈនិយម បើទោះបីជាមានបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ក៏គេមិនអាចបំភ្លេចនូវវប្បធម៌ដ៏អស្ចារ្យរបស់គេបានដែរ។ និយាយពីវប្បធម៌ នៅទីនេះខ្ញុំចង់សំដៅលើសារមន្ទីរ តន្ត្រី ភាពយន្ត និងអាហារជាដើម។ មិនខុសទៅនឹងប្រទេសយើងទេ បើទោះបីជាយើងកំពុងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប៉ុន្តែយើងគួរតែដើរទន្ទឹមគ្នានឹងវប្បធម៌ដែលវាឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិរបស់ខ្លួន និងមោទកភាពជាតិ។ ខ្ញុំចង់ឃើញកម្ពុជាយើងធ្វើបានដូចគេ ហើយខ្ញុំជឿជាក់ថា យើងអាចធ្វើបាន ហើយបើយើងទាំងអស់រួបរួមគ្នាយើងពិតជាអាចធ្វើអោយកម្ពុជាកាន់តែល្អប្រសើរ។ ដូចនេះ ខ្ញុំនឹងសម្រេចចិត្តថានឹងត្រឡប់ទៅប្រទេសកំណើតវិញដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម ក្រោយពេលក្រេបជញ្ជក់ចំណេះដឹងនៅទីនេះ»។
អត្ថបទ៖ កើត-អ៊ូជេ ចន្ទ្រា រូបថត៖ ចន្ទ្រា និង ប្រភពផ្ដល់ឲ្យ