• 2019-12-26 03:39:16
  • ចរាចរណ៍

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ៖ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍សំខាន់ណាស់សំរាប់ការងារជំនាញរបស់សមត្ថកិច្ច

  • 2019-12-26 03:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន លើកឡើងថា ផលប្រយោជន៍របស់ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍សំខាន់ណាស់សំរាប់ការងារជំនាញរបស់សមត្ថកិច្ច វាជាព័ត៌មានមួយដែលមិនអាចខ្វះបានសំរាប់ធ្វើផែនកាសកម្មភាព សំរាប់ដាក់ចេញនូវទិសដៅទប់ស្កាត់គ្រោះថ្នាក់ចរាចណ៍ផ្លូវគោក ក៏ដូចជាបំរើអោយវិស័យផ្សេងៗទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ហ៊ឺម យ៉ាន មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ និងសង្រ្គោះបឋមដល់មន្ត្រីនគរបាលចរាចរណ៍ ប្រមាណ១០០នាក់ មកពី២៥រាជធានី-ខេត្ត នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមអោយដឹងថា ទិន្នន័យក៏អាចអោយយើងដឹងពីទីតាំងដែលមានគ្រោះថ្នាក់ញឹកញាប់ អាចអោយសមត្ថកិច្ចប៉ាន់ស្មានពីមុខសញ្ញាគ្រោះថ្នាក់ ថាតើអ្នកដែលបង្កគ្រោះថ្នាក់ជានរណា ជាកម្មករ កសិករ រឺជាសិស្ស អ្នកបើកបរម៉ូតូ អ្នកបើកបររថយន្តតូច រថយន្តធំ ហើយក៏ដឹងបានអំពីមូលហេតុគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ដឹងពីស្ថានភាព និងពេលវេលាគ្រោះថ្នាក់កើតឡើងនៅពេលណាផងដែរ។ ជាពិសេសអាចអោយយើងដឹងពីជនបង្កធ្លាប់បានបង្កគ្រោះថ្នាក់ប៉ុន្មានលើក ធ្លាប់ចូលសវនាការកាត់ទោសដោយតុលាការយ៉ាងម៉េចផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺម យ៉ាន ក៏បានជំរុញអោយមន្ត្រីដែលបានទទួលការបណ្តុះបណ្តាលទាំងមន្ត្រីថ្មីដែលទើបចូលបំរើការងារជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីចាស់ដែលបានបំរើការងារយូរមកហើយ ដែលមិនសូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាត្រូវខិតខំរៀនសូត្រថែមទៀត ទើបសំរេចបាននៅការទុកដាក់ទិន្នន័យនេះ។

សូមជម្រាបថា បច្ចុប្បន្ននេះក្រុមការងារជំនាញរបស់ការិយាល័យព័ត៌មានវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអភិវឌ្ឍកម្មវិធីគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ នេះពី Version 1 មក Version 2 ដែលមានព័ត៌មានសម្បូរបែបជាងមុន ទំនើបជាងមុន ដំណើរការលឿនជាងមុន ហើយអនាគតជំនាញនគរបាលចរាចរណ៍ នឹងឈានដល់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (Digital Information) វ័យឆ្លាត និងពុំធ្លាប់មាននាពេលកន្លងមក។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ២៩៨លើក លើ២៨៧ កើន១១លើក ស្មើនឹង៤ភាគរយ ស្លាប់១៣៩នាក់ លើ១៣២នាក់ កើន៧នាក់ របួស៤២៧នាក់ លើ៤៨៧នាក់ ថយ៦០នាក់ ស្មើនឹង១២ភាគរយ របួសធ្ងន់២៧០នាក់ លើ២៩៣នាក់ ថយ២៣នាក់ ស្មើនឹង៨ភាគរយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់