
- 2022-10-28 13:00:45
- សេដ្ឋកិច្ច
លោក ខេង វីរះ៖ ពិព័រណ៍ការងារសូមក្រុមហ៊ុនផ្ដល់ឱកាសដល់ជនមានពិការភាព និងកុំសន្មតទុកមុន
- 2022-10-28 13:00:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ខេង វីរះ៖ ពិព័រណ៍ការងារសូមក្រុមហ៊ុនផ្ដល់ឱកាសដល់ជនមានពិការភាព និងកុំសន្មតទុកមុន
ចន្លោះមិនឃើញ
លោក ខេង វីរះ នាយកប្រតិបត្តិ នៃអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PafID) បង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការរៀបចំឲ្យមានពិព័រណ៍ការងារនេះឡើង និងសំណូមពរដល់បណ្ដាក្រុមហ៊ុន-ស្ថាប័នផ្សេងៗឲ្យផ្ដល់ឱកាសដល់ជនមានពិការភាពជៀសវាងសន្មតសមត្ថភាពទុកមុន។
នាយកប្រតិបត្តិ លោក ខេង វីរះ បានឲ្យដឹងកាលពីព្រឹកមិញនេះថា ការរៀបចំឲ្យមានពិព័រណ៍ការងារនេះឡើង គឺជារឿងល្អមែនទែនដែលបើកចំហឲ្យមហាជនទូទៅបានចូលរួមដោយសេរី។ទន្ទឹមនិងនេះលោកសំណូមពរដល់បណ្ដាក្រុមហ៊ុន ឬស្ថាប័នផ្សេងៗទាំងអស់សូមផ្ដល់ឱកាសដល់ជនមានពិការភាពបានដាក់ពាក្យ ឬសម្ភាស និងស្វែងយល់ពីសមត្ថភាពជៀសវាងសន្មតទុកមុនថាអ្នកទាំងនោះពិកាមិនអាចធ្វើអ្វីកើតជាដើម។
តំណាងអង្គការ PafID ខាងលើចង់ឲ្យរៀបចំពិព័រណ៍ការងារនេះជាបន្តបន្ទាប់បានច្រើនដងទៀត និងធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាងនេះពិសេសបានដល់ប្រជាពលរដ្ឋតាមសហគមន៍ជនបទ។ ដើម្បីឲ្យងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានដឹងជាក់លាក់ពីពេលវេលា ទីកន្លែង និងសារប្រយោជន៍ នៃកម្មវិធីនេះជាដើម។
បញ្ជាក់ដែរថា ព្រឹកមិញនេះលោក ខេង វីរះ តំណាងអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PafID)បានដឹកនាំយុវជនដែលមានពិការភាពមួយក្រុមមកចូលរួមក្នុងពិព័រណ៍ការងារនៅកោះពេជ្រផងដែរដើម្បីបានមកដាក់ពាក្យ សម្ភាសការងារ និងជាការស្វែងរកបទពិសោធថ្មីបន្ថែម។ "ពិព័រណ៍ការងារ និងផលិតភាពជាតិ" នេះធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២។ ក្នុងនោះគឺមានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន ១៥០បញ្ជរ និងផ្ដល់ឱកាសការងារប្រហែល ២ម៉ឺនកន្លែង៕