• 2018-05-16 02:54:32
  • សេដ្ឋកិច្ច

៦ចំណុច ទោះដើរលេងអស់លុយ ក៏អាចជួយអ្នកកុំឲ្យដាច់ខ្យល់ពាក់កណ្ដាលខែ

  • 2018-05-16 02:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ដំណើរ​កម្សាន្ត​ក្នុង​ពេល​ឈប់​សម្រាក​ជា​ច្រើន​ថ្ងៃ ​ប្រិយមិត្ត​មួយ​ចំនួន​ខ្លះ​ប្រាកដជា​ចំណាយ​​ស្ទើរ​អស់​ពី​ខ្លួន​ ឬ អស់​លុយ​រលីង​ រហូត​ដល់​ថ្នាក់​ញ៉ាំ​មី​កំប៉ុង​ ហើយ​ត្រូវ​វិល​មក​ធ្វើការ​ចំ​ពេល​ពាក់​កណ្ដាល​ខែ​ ខណៈ​ប្រាក់​ខែ​មិន​ទាន់​បើក។ ​ថ្ងៃនេះ Sabay សូម​ចែក​រំលែក​វិធីសាស្ត្រ​ពី​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ការ​ចាយ​លុយ​ត្បិតត្បៀត ​ស្រប​ពេល​ដាច់​លុយ។

១. មានលេសសមហេតុផល

លោក សិលា ​បុគ្គលិក Part-time ​ហាង​កាហ្វេ​​​មួយ​សល់​លុយតែ​ ៣០ដុល្លារ ក្រោយ​ដំណើរ​កម្សាន្ត​ពី​កំពត​រួច បាន​ប្រាប់ ​ខ្លួន​សំបូរ​មិត្ត​ភក្តិ​ហៅ​ទៅ​ញ៉ាំ​អី​ក្រៅ ដើរលេង​ញឹក​ញាប់​ តែ​ពេល​​ដាច់​លុយ​ម្ដងៗ គេ​តែង​ប្រាប់​មិត្តភក្តិ​ថា​រវល់​ជូន​ម៉ាក់​ទៅ​នេះ​ទៅ​នោះ​ ខក​ខាន​មិន​អាច​ជួប​បាន​ទេ ឬម្យ៉ាង​អាច​បិទ​ទូរស័ព្ទ​ចោល​មួយ​រយៈ​សិន ឬ​អាច​លើក​ពេល​ណាត់​ជួប​ក៏បាន។​​

​២. បើ​ចាំ​បាច់​ខ្លាំង អាច​ខ្ចីលុយ​គេខ្លះ​ ប៉ុន្តែ​កុំលើស​ពី ៥០ដុល្លារ

ប្អូនស្រី មិនា ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​លើក​ឡើងថាក្នុង​ខែ​ឧសភា​នេះ​សំបូរថ្ងៃ​ឈប់​សម្រាក​ ចឹង​មិន​អាច​ទប់​អារម្មណ៍​មិនឲ្យ​ដើរ​លេង​បានទេ​ ស្រប​ពេល​ដែល​ត្រឡប់​មក​វិញ​ ត្រូវ​ទៅ​ចូល​រួម​មង្គលការ​មិត្ត​ជិតស្និទ្ធិ​ទៀត​​ ហេតុនេះ​ត្រូវ​គិត​ទុក​មុន​ឲ្យ​ហើយ​ថា​ត្រូវខ្ចី​លុយ​គេសាកួរ​បន្ថែម​ប៉ុន្មាន តែមិនត្រូវលើស​ពី​ ៥០ដុល្លារទេ ព្រោះ​អាច​មិន​សល់​លុយ​នៅ​ខែ​បន្ទាប់​ទៀត​។

​៣. ​លុប​ចោល​រាល់​ការ​ចំណាយ​មិន​ចាំ​បាច់

សិលា ខាងលើ បន្ថែមថា ត្រូវ​វិភាគ​មើល​ទំហំ​ទឹក​ប្រាក់ និង​រយៈ​ពេល​ដែល​ត្រូវ​បន្ត​ដង្ហើម​ចង្រិត ​បើ​វិភាគ​ទៅ​ឃើញ​ថា លុយ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ អាច​ចាយ​មិន​គ្រប់​ រាល់​ការ​ចំណាយ​មិន​ចាំបាច់​ផ្សេងៗ​ត្រូវ​លប់​ចោល​ទាំង​អស់​។ ​ការ​ចំណាយ​មិន​ចាំបាច់​ទាំង​នោះ​រួម​មាន ទម្លាប់​ញ៉ាំ​បាយ​ក្រៅ​ផ្ទះ មើល​កុន ទិញ​សំលៀកបំពាក់ សម្ភារៈនិយម សេវា​អ៊ីន​ធើណេត​ ទាំង​នេះ​ត្រូវ​លុប​បំបាត់​ទាំង​អស់​។ ដូច្នេះ​អាច​បន្ត​ដង្ហើម​ចង្រិត ចាំ​ដល់​ថ្ងៃ​បើក​លុយត​ទៅ​ទៀត​។​

​៤. ទិញអាហារ​សំខាន់ៗ​ទុក​

ចំណែក រមនា និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ ​វិញ​លើក​ឡើង​ថា អាហារ​សំខាន់ៗ ត្រូវ​ចាំ​បាច់​ស្ដុក​ទុក ​ពេល​ដឹង​ជិត​ដាច់​លុយ​នោះ​ មាន​ដូច​ជា សាច់​ប្រឡាក់ ត្រី​ប្រឡាក់ ទិញ​ត្រីខ និងបន្លែខ្លះទុក។ ​ដូច្នេះ​ពេល​ជិត​ដាច់​លុយ​ក៏​មិន​សូវ​ព្រួយ​បារម្ភ​ដាច់​បាយ​ដែរ ម្ហូប​នៅ​ផ្ទះ​មាន​ស្រាប់​ហើយ ឱ្យ​តែ​មាន​អង្ករ​ច្រក​ឆ្នាំង។ ​ក្រៅ​ពី​នោះ​លុយ​សល់​តិចតួច​ទុក​ចាក់​សាំង​ ទៅ​ធ្វើ​ការ​បាន​ហើយ កុំ​ទៅ​ចំណាយ​អ្វី​ក្រៅ​ពី​នឹង​ទៀត​ដាច់​ខាត​។

៥​. បែកចែកលុយ​ចាយ​នៅសល់

(រូបតំណាង)

ដោយ​ឡែក កញ្ញា​​ មិនា ​ប្រាប់​ថា ត្រូវ​បែង​ចែក​កញ្ចប់​លុយ​សម្រាប់​ចំណាយ​ឱ្យ​ច្បាស់លាស់ ត្រូវ​យក​ចំនួន​លុយ ទៅ​ចែក​នឹង​ថ្ងៃ​ដែល​នៅ​សល់។ ​ប្រសិន​បើ​លុយ​សល់​ ២០​ម៉ឺន​រៀល ចំណែក​ថ្ងៃ​ដែល​ត្រូវ​ចាយ​គឺ​ ២០​ថ្ងៃ។ ​ដូច្នេះ​ធ្វើ​យ៉ាង​ម៉េច កុំ​ឱ្យ​ចាយ​លើស​ពី​ ១​ម៉ឺន​រៀល​ឱ្យ​ក្នុង​មួយ​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ ប្រាកដ​ជា​អត់​លិឍ​ហើយ​។

៦. កុំតាមដានអាហារលើអនឡាញ

(រូបតំណាង)

កញ្ញា​​ មិនា ដដែលបន្តថា ស្របពេលដាច់លុយ ប្អូនតែងតែអូសរំលងអាហារនៅលើបណ្ដាញសង្គម Facebook ព្រោះបើមិនអញ្ចឹងទេ វាអាចទាក់ទាញអារម្មណ៍ឲ្យចង់ញ៉ាំ និងស្វែងរកកន្លែងញាំឲ្យទាល់តែបាន៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី