• 2018-05-19 08:43:01
  • សេដ្ឋកិច្ច

ឧទ្យានផលិតទឹកដោះគោស្រស់ដំបូងបង្អស់នៅកម្ពុជា នឹងលេចខ្លួនក្នុងខេត្តចំណាស់១

  • 2018-05-19 08:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជ​បណ្ឌិត្យ​សភាកម្ពុជា គម្រោងបង្កើត​តំបន់​ឧទ្យាន​ចិញ្ចឹម​ និង​ផលិត​ទឹកដោះ​គោស្រស់​ដំបូង​បង្អស់​នៅក្នុង​​ឧទ្យាន​រាជបណ្ឌិត្យ​សភាកម្ពុជា​ តេជោ​សែន​ ឫស្សីត្រឹប ​​នៅលើ​ទឹកដី​ស្រុក​ឆែប នៃ​ខេត្តព្រះវិហារ ។ ​គម្រោង​មួយ​នេះត្រូវ​បាន​ ​សម្តេច ហ៊ុន សែន ​​គាំទ្រ​ផ្តល់ជាថវិកាចំនួន ១០ម៉ឺនដុល្លារក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹម និង​អំពាវនាវ​ឱ្យសប្បុរស​ជននានា​ចូល​រួម​ក្នុង​កិច្ចការ​នេះផងដែរ​។

ឧទ្យាននេះ​ មាន​ផ្ទៃដី​សរុប​ចំនួន​ ១១ ៤៣៥ ​ហិចតា ត្រូវ​បាន​បង្កើត​ឡើង​ ដោយព្រះរាជក្រឹត្យនៅឆ្នាំ២០១៤។​ ​តំបន់នេះ​ មានលក្ខណៈ​ពិសេស​ច្រើនយ៉ាង ​ដូចជា ធនធានជីវៈចម្រុះ​ដែលជា​ភាពកម្រនៃធម្មជាតិ រុក្ខជាតិនិងសត្វ ​មរតកវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា មជ្ឈមណ្ឌល​ផលិត​ដែក​ខ្មែរបុរាណ​ ដែល​អាចមាន​អាយុកាល​ជាងមួយ​ពាន់ឆ្នាំ​ ក៏ដូចជាទឹក​ជ្រោះព្រះនិម្មិតប្រាសាទព្រះវិហារជាដើម ដែលវា​អាចឱ្យ​ទាញ​ប្រយោជន៍យ៉ាង​ច្រើនសម្រាប់​សហគមន៍ និងទាក់ទាញ​ភ្ញៀវទេសចរ។​ ប្រមុខថ្នាក់ដឹកនាំបានប្រមូលថវិកា ដើម្បីអភិរក្សតំបន់នេះ សរុបចំនួនជាង ១សែន៥ម៉ឺនដុល្លារ។

​តាមការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ​មរតកវប្បធម៌រូបី និងអរូបី នៅតំបន់ននេះបាន​រកឃើញស្ថានីយ៍បុរាណចំនួន១២៤ ក្នុងនោះសន្លុងចំនួន៤៣ ត្រពាំងសន្លុងចំនួន១៧ ត្រពាំងចំនួន៦៤ និង​បុរាណវត្ថុ​មួយចំនួនដូច​ជាកុលាលភាជន៍​ ត្រឡែកតូច ​ត្រឡែកធំ និង​ឧបករណ៍​ធ្វើពីដែក​ មានផ្លែចបជីកចំនួន១ ផ្លែដឹងចំនួន១០ ចង្កំដងកាំបិតចំនួន៤ ដងកាំបិត១ និងដែកគោល២។ ភស្ដុតាងបុរាណវត្ថុដែលរកឃើញទាំងអស់ អាចសន្និដ្ឋានជាបឋមថា ឧទ្យានឫស្សីត្រឹប ជាអតីតតំបន់ផលិតដែកមួយ ក្នុងសម័យអង្គរ ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣។

ដោយឡែកមរតកវប្បធម៌អរូបី នៅក្នុងតំបន់នេះ មានជនជាតិកួយ ដែលជាជនជាតិភាគតិចនៅកម្ពុជា បច្ចុប្បន្នបានរស់នៅជាយូរមកហើយ ដោយប្រកបមុខរបរចិញ្ចឹមជីវិតធ្វើចម្ការដាំស្រូវ (ហៅចម្ការវិលជុំ) ការបរបាញ់សត្វព្រៃ ការរកអនុផលព្រៃឈើ ការដុតជ័រ យកមកធ្វើចន្លុះជាដើម៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទថ្មី