• 2018-05-25 08:52:43
  • ការអប់រំ

លួចកម្មសិទ្ធិបញ្ញា ក៏នាំទុក្ខទោស ទាញទម្លាក់តម្លៃសង្គមដែរ

  • 2018-05-25 08:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ ​និង​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​១​រូប បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​កើន​ឡើង​នៃ​​ បញ្ហា១ ដែល​កំពុង​បន្ត​កើត​មាន​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយចិត្ត និង​ស្អប់គ្នា។ នោះ​គឺ​ការ​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា។

ក្នុង​កិច្ច​សម្ភាស​ផ្តាច់មុខ១ ជាមួយ Sabay លោក​ សំបូរ មាណ្ណារ៉ា ព្រឹទ្ធសកលវិទ្យាធិការរង នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ការ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា ​តាម​ពិត​ទៅ ​មិនមែន​ជា​រឿង​ថ្មី តែ​អ្វី​ដែល​ថ្មី ចម្លែក​នោះ គឺ​កំណើន​នៃ​ការ​លួច​ចម្លង កាត់ ត និង​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួនឯង ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ដើម។

លោក​ សំបូរ មាណ្ណារ៉ា

លោក​សាស្ត្រាចារ្យ បាន​ពន្យល់​ថា មិនមែន​ជា​រឿង​តូចតាច​ទេ តែ​ការ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា​ ជា​រឿង​ខុស​ច្បាប់ នាំ​ទុក្ខ​ដល់​អ្នក​ល្មើស និង​ទាញ​តម្លៃ​សង្គម​ធ្លាក់ទឹក នឹក​ស្មាន​មិនដល់។

ម្យ៉ាង​អ្នក​លួច​ចម្លង​កម្ម​សិទ្ធិ ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ ពី​អសមត្ថភាព នៃ​ចំណេះដឹង និង​ភាព​មិន​ចេះ​បង្កើត​អ្វី​ថ្មី នៃ​​បុគ្គល ដោយ​ចាំតែ​លួច​ចម្លង លួច​ឆ្នៃ​របស់​ដែល​មាន​ស្រាប់​ៗ​ជាដើម។

បញ្ហា​នេះ​ សាស្ត្រាចារ្យ​ខាងលើ បាន​ប្រាប់​ថា មាន២ឫសគល់​ ទី១​ គឺ​កម្សោយ​ នៃ​ការ​អាន​ និង​ការ​ខ្ជិល​សិក្សា​ស្រាវ​ជ្រាវ​ធ្លាក់​ចុះ។ លោក​បន្ត​ថា អំណាច​នៃ​ការ​អាន គឺ​មាន​ឥទ្ធិពល​ដល់​ការ​គិត ការ​ស្ដាប់ ការ​កត់ចំណាំ មុន​ឈាន​ដល់​ការ​សរសេរ​អ្វី១​បាន​ល្អ។ សម័យនេះ លោក​ទទួល​ស្គាល់​ថា មនុស្ស​ជំនាន់​ថ្មី​ភាគ​ច្រើន ​ខ្ជិល​អាន ដោយ​អាង​លើ Google ឬ​គ្រឿង​អេឡិចត្រូនិក​ទាំងស្រុង។​

រូបតំណាង ការអាន និងរូបថតរក្សាសិទ្ធិដោយ Sabay

ចំណែក​ឯ​ការ​ខ្ជិល​សិក្សា​ស្រាវជ្រាវ​វិញ លោក សំបូរ មាណ្ណារ៉ា​ ចង់​សំដៅ​ដល់​ការ មិន​បាន​ចំណាយ​ពេល​ធ្វើ ឬ​ចងក្រង​អ្វី​ថ្មី​ដោយ​ខ្លួនឯង ពោល​គឺ​ចាំ​តែ​ដល់​ពេល​ត្រូវការ ទើប​ចាប់​ផ្ដើម​រុករក​លួច​គេ​នាយអាយ ឬ​យក​ពី​អ៊ីនធឺណិត តែ​តាម​ពិត​ជា​កម្មសិទ្ធិ​គេ​ រួច​យក​ដូរ​តែ​បន្តិច​បន្តួច ធ្វើ​ជា​របស់​ឯង និង​មិន​ដាក់​ឈ្មោះ​ឯកសារ​យោង​ម្ចាស់​ដើម។

តាម​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កម្មសិទ្ធិបញ្ញា (IP) សំដៅ​ទៅ​លើ​ការ​បង្កើត​ដោយ​គំនិត​បញ្ញា ដូចជា តក្កកម្ម ស្នាដៃ​អក្សរសាស្ត្រ​ និង​សិល្បៈ និមិត្ត​សញ្ញា រូបភាព​ និង គំនូរ ដែល​ត្រូវ​បាន​ប្រើប្រាស់  នៅ​ក្នុង​ពាណិជ្ជកម្ម។

ច្បាប់​កម្មសិទ្ធិបញ្ញា គឺ​ជា​ច្បាប់​រក្សា​តម្លៃ​របស់​គំនិត​ ដែល​បាន​អនុម័ត ស្ទើរ​តែ​ទាំងអស់​ដោយ​រាជរដ្ឋាភិបាល ​បាន​ផ្ដល់​ឲ្យ​អ្នក​បង្កើត​ច្បាប់​ដើម មាន​សិទ្ធិ​យ៉ាង​ពិសេស​ចំពោះ​វា​ ក៏​ប៉ុន្តែ​វា​មាន រយៈ​ពេល​កំណត់​ណា​មួយ​។

ព័ត៌មាន​បន្ថែម​ ពី​កម្មសិទ្ធិបញ្ញា​ សូម​អាន​ឯកសារ​​ដែល​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ឬ​ទាក់ទង​ទៅ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា តាម​ទូរស័ព្ទ ០២៣ ៨៦៦ ១១៤/១១៥, ០១២ ៨២៦ ១៦៦ និង០១១ ៨៧៣ ១៩១ ឬ គេហទំព័រ: www.cambodiaip.gov.kh

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទថ្មី