- 2018-05-28 08:20:53
- ការអប់រំ
ទុក្ខជាន់ទុក្ខហើយ បើរាប់អានប៉ះមិត្តភក្តិប្រភេទនេះ
- 2018-05-28 08:20:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុក្ខជាន់ទុក្ខហើយ បើរាប់អានប៉ះមិត្តភក្តិប្រភេទនេះ
ចន្លោះមិនឃើញ
យើងសុទ្ធតែដឹង ការរស់នៅម្នាក់ឯងមិនមែនជារឿងដែលងាយស្រួលទេ ទោះជាមនុស្សឯករាជ្យប៉ុនណាក៏ដោយ ក៏ត្រូវការអ្នកដទៃដើម្បីពឹងពាក់ម្តងម្កាលដែរ។ ដូច្នេះហើយទើបការបង្កើតមិត្តភាព គឺជារឿងសំខាន់ទាំងនៅក្នុងមុខជំនួញ ឬការងារអ្វីផ្សេងទៀត ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្នចំពោះប្រភេទមិត្តមួយចំនួន ដែលអាចក្លាយជាឧបសគ្គរាំងស្ទះដំណើររបស់អ្នក។
១. ប្រភេទដែលចូលចិត្តហែករឿងរបស់ខ្លួនឯង
បើសិនជាអ្នកមានការពិភាក្សាណាមួយ ហើយចង់ឲ្យគេបញ្ចេញគំនិត មិត្តប្រភេទនេះគឺមិនសាកសមឡើយ ព្រោះគេនឹងនិយាយតែរឿងរបស់ខ្លួនឯង ហើយមិនសូវគិតដល់បញ្ហាដែលអ្នកចង់ឲ្យគេជួយឡើយ។ ម្យ៉ាងបើប្តូរជាពេលដែលអ្នកកំពុងកើតទុក្ខវិញ គេនឹងកាន់តែបន្ថែមសម្ពាធដល់អ្នកទៀត ដោយការប្តូរប្រធានបទទៅនិយាយរឿងទុក្ខសោករបស់គេវិញ។ និយាយឲ្យខ្លីទៅ គេប្រហែលជាមានចរិតពីកំណើតដែលចូលចិត្តទាមទារចំណាប់អារម្មណ៍ពីអ្នកដទៃ ពេលខ្លះទុក្ខក្នុងខ្លួនមានប៉ុនចុងក្រចកសោះ ក៏ទៅនិយាយប្រាប់គេធ្វើដូចរឿងប៉ុនមហាមេឃដែរ។
២. ប្រភេទបញ្ចេញអារម្មណ៍ជ្រុល
មិនដឹងថាជាចរិតពិត ឬគ្រាន់តែធ្វើពុតទេ តែមិត្តប្រភេទនេះចូលចិត្តបង្ហាញអារម្មណ៍របស់ខ្លួនលើរឿងគ្រប់យ៉ាងជ្រុលពេក។ ជួនកាលគ្រាន់តែរឿងមួម៉ៅតិចតួចទេ តែគេបែរជាបង្ហាញថារឿងនោះវាគួរឲ្យក្តៅក្រហាយខ្លាំងស្ទើរតែអាចសម្លាប់មនុស្សបានទៅវិញ។ មិត្តប្រភេទនេះអាចផ្តល់ទុក្ខទោសដល់អ្នកនៅថ្ងៃក្រោយបាន អាកប្បកិរិយារបស់គេអាចធៀបទៅនឹងពាក្យស្លោកមួយឃ្លាថា «ក្អែកមួយជាក្អែកដប់»។
៣. ប្រភេទផ្តេកផ្តួល
គេមិនសូវចេះជួយខ្លួនឯងទេ បែរជាហាឡើងឲ្យអ្នកដទៃជួយព្រោះគិតថាខ្លួនធ្វើមិនបាន ចាំតែពឹងពាក់គេ។ ពេលនៅជាមួយមិត្តប្រភេទនេះ អ្នកមិនត្រឹមតែខាតកម្លាំងច្រើនទេ ពេលខ្លះត្រូវគេគេងចំណេញដោយមិនដឹងខ្លួន ឬអាចស្មុគស្មាញប៉ះពាល់ផ្លូវចិត្តដោយសារគេទៀតផង។
៤. ប្រភេទមេរអ៊ូខុសរឿង
បើរអ៊ូត្រូវរឿង រអ៊ូចង់ឲ្យល្អមិនថាទេ តែគេបែរជារអ៊ូលើរឿងកំប៉ិកកំប៉ុកដែលធ្វើឲ្យខាតប្រយោជន៍ការងារទៅវិញ។ មិត្តប្រភេទនេះក៏ជាមនុស្សដែលចូលចិត្តបង្ហាញអារម្មណ៍ជ្រុលដែរ គេមិនសូវមានការអត់ធ្មត់ក្នុងការងារជាក្រុមប៉ុន្មានឡើយ។
៥. ប្រភេទចង់ឈ្នះគ្រប់រឿង
គេតែងតែប្រកាន់គំនិតមួយថា «ភ្នំមួយមិនអាចមានខ្លាពីរបានទេ បើឯងពូកែអញត្រូវតែពូកែជាងឯង»។ មិត្តប្រភេទនេះនឹងក្លាយជាបិសាចតាមរុកគួនអ្នកនៅថ្ងៃក្រោយ បើគេមិនផ្លាស់ប្តូរការគិតដ៏អាត្មានិយមនេះចេញ៕
ចុចអាន៖