- 2018-06-08 07:30:55
- សេដ្ឋកិច្ច
ស្ថាបនិក Mobile Coffee៖ ចេញរកស៊ី កុំប្រើទ្រឹស្ដីសេដ្ឋី Jack Ma ជ្រុលជាងអនុវត្ត (វីដេអូ)
- 2018-06-08 07:30:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិក Mobile Coffee៖ ចេញរកស៊ី កុំប្រើទ្រឹស្ដីសេដ្ឋី Jack Ma ជ្រុលជាងអនុវត្ត (វីដេអូ)
ចន្លោះមិនឃើញ
និយាយពីឈ្មោះកាហ្វេរទេះតាមផ្លូវមួយ ដែលប្រិយមិត្តប្រាកដជាស្គាល់ Mobile Coffee ដែលបានចាប់ប្រឡូកក្នុងរបរចាក់ទឹកយកលុយតាំងពីឆ្នាំ២០១៤។ កាហ្វេរទេះ ជាការច្នៃប្រឌិតថ្មីមានម៉ាកយីហោ និងមិនធ្លាប់មានអ្នកណានឹកឃើញធ្វើពីមុនមកឡើយ។ រហូតបច្ចុបន្នរបរកាហ្វេចាក់ទឹកយកលុយដ៏តូចនេះ បានវិវត្តជាអ្នកផ្គត់ផ្គង់ភេសជ្ជៈតាមកម្មវិធីតូចធំ និងបានពង្រីកខ្លួន ជាហាងកាហ្វេប្រេនក្នុងស្រុកមួយ មិនចាញ់ហាងល្បីៗ ដូចជា កាហ្វេ Brown កាហ្វេ Starbucks កាហ្វេ Amazon និងហាងផ្សេងៗទៀត។
នៅពីក្រោយនៃភាពជោគជ័យពីហាងកាហ្វេរទេះថ្ងៃនេះ ស្ថាបនិកនៃ Mobile Coffee លោក យ៉ែម ឈីម កូនកសិករមកពីខេត្តកំពង់ចាម រៀបរាប់ពីប្រវត្តិសង្ខេបនៃជីវិតនិងអាជិវកម្មដូចតទៅ៖
ចេញរកលុយទាំងមិនទាន់គ្រប់អាយុធ្វើការ
ជាកូនទោលក្នុងគ្រួសារ លោក ឈីម បានចេញពីផ្ទះទៅបន្តថ្នាក់វិទ្យាល័យនៅទីរួមខេត្តកំពង់ចាម ដោយសា្នក់នៅវត្តក្នុងចេតិយជាមួយលោក។ ថវិកាបានក្លាយជាថវិកាបញ្ហារាំងស្ទះការសិក្សា នៅថ្នាក់ទី១១ យុវជនវ័យ ១៧ឆ្នាំ បែរជាសំណាង បានក្រុមហ៊ុនបច្ចេកវិទ្យាមួយហៅមកធ្វើការទាំងមិនទាន់គ្រប់អាយុ។ ចូលដល់ថ្នាក់ទី១២ ឆ្នាំ ២០១១ ប្រាក់ខែឡើងជាង ២០០ដុល្លារ សម្រាប់យុវជនសម្បុរស្រអែមរីករាយបិទមាត់មិនជិត ព្រោះអាចផ្គត់ផ្គង់ការសិក្សាខ្លួនឯង និងសន្សំទុកខ្លះ។
នៅដើមឆ្នាំ ២០១២ យុវជនពេញកម្លាំងពុះពារមករៀនទីក្រុងភ្នំពេញស្នាក់ក្នុងវត្តដូចគ្នា តែហាក់មិនសំណាងដូចមុន ព្រោះបញ្ហាលុយនៅតែមាន ខណៈការងារដែលបានដាក់ពី ១០ ទៅ ២០ក្រុមហ៊ុនក៏មិនឃើញហៅ។ នៅប៉ុន្មានខែបន្ទាប់ ក៏ទទួលបានការងារស្នូលក្នុងក្រុមហ៊ុនអន្តរជាតិមួយ ជាស្ពានអាចបន្តសិក្សានៅសាកលវិទ្យាល័យ។
ការងារជាដើមទុន
ការធ្វើការងារនៅមួយកន្លែង មិនមែនជាអ្វីដែល យុវជន ឈីម ចង់បានទេ។ ហេតុនេះហើយ ទើបរូបគេបានផ្លាស់ប្ដូរកន្លែងការងារពីមួយទៅមួយ ទាំងគ្មានការស្ទាក់ស្ទើរ បំណងគឺដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ រួមទាំងប្រាក់ខែបានច្រើនជាងមុនផង។
ជាក់ស្ដែងក្នុងរយៈពេលជិត២ឆ្នាំតែប៉ុណ្ណោះ រូបគេបានផ្លាស់ប្ដូរការងារពីរ បីកន្លែង។ ជាការកត់សម្គាល់ អ្វីដែលទទួលបាន ពីការបោះជំហានទៅមុខជាលំដាប់ឥតឈប់ឈររបស់ខ្លួននេះ គឺរូបគេបានទទួលនូវបទពិសោធន៍រៀនសូត្រកាន់តែច្រើន ទាក់ទងជំនាញការធ្វើបញ្ជីទំនិញ ផ្នែកទំនាក់ទំនងអតិថិជន និងការគ្រប់គ្រងបុគ្គលិក សុទ្ធតែជាផ្នែកនៃដើមទុនគំនិតក្នុងអាជីវកម្ម។
បន្ទាប់ពីការខិតខំប្រឹងប្រែង ធ្វើការងារយ៉ាងលំបាក និងសន្សំលុយយ៉ាងត្បិតត្បៀត យុវជនដែលមានសមត្ថភាពរូបនេះ បានកំណត់គម្រោងអាជីវកម្មដែលត្រូវដើរយ៉ាងច្បាស់ថា នឹងត្រៀមខ្លួនសហគ្រិនមួយរូបអាចបង្កើតការងារដល់យុវជនដទៃទៀត។
ការរកស៊ីមិនអាចពឹងតែទ្រឹស្ដីមួយមុខបានទេ
នៅដើមឆ្នាំ ២០១៤ លោក ឈីម បោះបង់ការងារប្រាក់ខែខ្ពស់ មកស្រវាចាប់ឱកាសរកស៊ីលក់កាហ្វេតាមផ្លូវ ដែលកៀកបំផុតនឹងកន្លែងធ្វើការរបស់បុគ្គលិកក្រុមហ៊ុន។ បទពិសោធន៍ធ្វើការងារជាង៥ ឆ្នាំ បូករួមទាំងចំណេះដឹងដែលខ្លួនទទួលបានពីសាលាផង ទីបំផុតផែនការអាជីវកម្មដែល ឈីម គិតនោះបានផុសឡើងចេញជារូបរាងពិតមែន នោះគឺការបើកអាជីវកម្មលក់កាហ្វេចល័ត និងហាងឈ្មោះថា “Mobile Coffee” ។
ស្ថាបនិកវ័យ ៣០ឆ្នាំរូបនេះ គួសបញ្ជាក់ថា៖ “ ការរកស៊ីមិនអាចពឹងតែទ្រឹស្ដីរបស់គេជោគជ័យបានទេ ត្រូវធ្វើខ្លួនឯងផ្ទាល់ឲ្យបានច្រើន ...ហើយទ្រឹស្ដីមួយចំនួនខ្លះធំហួសមាឌយើង ដូចសេដ្ឋី Jack Ma អ៊ីចឹង យើងមិនអាចយកមកដាក់ខ្លួនបានទេ ព្រោះស្ថានភាពខុសៗគ្នា” ។ លោកលើកឡើងបែបនេះ ដោយសង្កេតឃើញសហគ្រិនមួយចំនួន ប្រើទ្រឹស្ដីច្រើនជាងអនុវត្ត និងធ្វើអាជីវកម្មមិនបានយូរ។
ចង់ដឹងថាផែនការអាជីវកម្មដែលលោកអ្នកត្រូវដឹង មុនចេញរកស៊ីមានអ្វីខ្លះ? សូមទស្សនាវីដេអូនៃបទសម្ភាសជាមួយម្ចាស់កាហ្វេរូបនេះ ដូចខាងក្រោម៖