• 2018-06-11 04:57:26
  • ស្នេហា

ស្ត្រីថ្លៃថ្នូរមានប្ដី មានកូន មានមុខមាត់ក្នុងសង្គមម្នាក់ មកដណ្ដើមប្ដីបងស្រីខ្ញុំ

  • 2018-06-11 04:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​យើង​និយាយ​ដល់ ស្រី​ដែល​ដណ្ដើម​ប្ដី​គេ គឺ​យើង​តែង​គិត​ដល់​អ្នក​ដែល​មាន​ចំណេះ​ដឹង​ទាប នារី​ដែល​ដើរផ្លូវទាល់។ តែ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា បាន​ដឹង​ថា អ្នក​ដែល​ដណ្ដើម​ប្ដី​គេ​នៅ​ពេល​នេះ គឺ​ជា​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ មាន​ប្ដី មាន​កូន រួច​ទៅ​ហើយ ថែម​ទាំង​ជា​គ្រួសារ​មួយ​ដែល​មាន​កិត្តិយស​មុខ​មាត់​នៅ​ក្នុង​សង្គម តែ​បែរ​ជា​មក​ប្រព្រឹត្តិ​អំពើ​ថោក​ទាប ដែល​សង្គម​ស្អប់​ខ្ពើម។ នារី​ម្នាក់​នោះ គឺ​ជា​អ្នក​ដែល​មក​​ព្យាយាម​បំបែក​បំបាក់​គ្រួសារ​របស់​បងស្រី​ខ្ញុំ ហ៊ាន​ផិត​ក្បត់​ប្ដី​ខ្លួន​ឯង​មក​ស្រវា​ឱប​ប្ដី​គេ ទាំង​ដែល​ខ្លួន​ឯង​មាន​ប្ដី​មាន​កូន​រួច​ទៅ​ហើយ​នោះ។

រូបតំណាង

បង​ស្រី​ខ្ញុំ​ជា​មនុស្ស​មាន​ការ​អត់​ធ្មត់​ខ្ពស់ ទោះ​បី​ប្ដី​ខ្លួន​ហ៊ាន​ក្បត់​ ទៅ​ស្រលាញ់​នាង​ដែល​ជា​ប្រពន្ធ​គេ​នោះ​ហើយ ក៏​នៅ​តែ​ព្រម​ទទួល​យក​ការពិត​ទាំង​ឈឺចាប់​បំផុត​រក​អ្វី​ប្រៀប​មិន​បាន ព្រោះ​តែ​មិន​ចង់​បែកបាក់ ព្រោះ​តែ​មិន​ចង់​ឃើញ​កូន​ឈឺចាប់។ តែ​ថ្ងៃ​នេះ​ខ្ញុំ​ជា​ប្អូន​ស្រី​គាត់ សូម​ចែក​រំលែក​រឿង​នេះ ទៅ​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​បាន​ដឹង​ថា នារី​ណា​ខ្លះ​ដែល​ស្រលាញ់​ប៉ះ​ប្ដី​គេ​ ពេល​ខ្លះ​នាង​គ្មាន​បំណង​ទេ ហើយ​នារី​ខារ៉ាអូខេ​ដែល​ប៉ះ​ប្ដី​គេ ក៏​មិន​មែន​ជា​កំហុស​របស់​នាង ព្រោះនេះ​ជា​មុខ​របរ​របស់​នាង។ តែ​នារី​ម្នាក់​ដែល​ខ្ញុំ​កំពុង​និយាយ​នេះ គឺ​សាហាវ​ខ្លាំង​បំផុត សឹង​មិន​ជឿ​ថា មាន​នៅ​ក្នុង​សង្គម ហើយ​ប៉ះ​ចំ​គ្រួសារ​ខ្ញុំ​ផ្ទាល់។

ខ្ញុំ​សូម​និយាយ​ពី​បងស្រី និង​បង​ថ្លៃ​ខ្ញុំ​បន្តិច គាត់​ទាំង​ពីរ​នាក់​បាន​ស្រលាញ់​ដោយ​ស្មោះតាំង​ពី​នៅ​វ័យ​សិក្សា ហើយ​តស៊ូ​រួម​គ្នា​ហែល​ឆ្លង​ឧបសគ្គ​រាប់​មិន​អស់ ទម្រាំ​បាន​ដល់​ថ្ងៃ​រៀប​ការ ហើយ​កសាង​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល​ គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ការ​ស្រលាញ់​ឈាន​ដល់​ការ​រៀបការ ហើយ​ថែម​ទាំង​មាន​កូន​មួយ​ជា​ចំណង​ដៃ បង​ស្រី​ខ្ញុំ​មិន​ដែល​មាន​មន្ទិល​សង្ស័យ​អ្វី​ជាមួយ​បង​ថ្លៃ​ខ្ញុំ​ឡើយ ហើយ​ក៏​មិន​ដែល​គិត​ថា ប្ដី​របស់​គាត់​ហ៊ាន​ក្បត់​ចិត្ត​ឡើយ ព្រោះ​បង​ថ្លៃ​ខ្ញុំ​ស្រលាញ់​បងស្រី​ខ្ញុំ​ខ្លាំង ហ៊ាន​លះ​បង់ តស៊ូ ធ្វើ​គ្រប់​យ៉ាង ដើម្បី​បង​ស្រី​ខ្ញុំ។ តែ​ពេល​ដែល​មាន​អ្វីៗ​គ្រប់​យ៉ាង សុភមង្គល​ក្នុង​គ្រួសារ​បងស្រី​ខ្ញុំ ​ក៏​ចាប់​ផ្ដើម​ប្រេះ​ស្រាំ​បន្តិច​ម្ដងៗ ពេល​ដែល​បង​ថ្លៃ​ខ្ញុំ មាន​មិត្តភក្ដិ មាន​ការ​រាប់​អាន​កាន់​តែ​ច្រើន អ្វីៗ​ក៏​បាន​ប្រែប្រួល ដោយ​សារ​នារី​ម្នាក់​ដែល​មាន​ប្ដី​រូប​សង្ហា មាន​កូន​ទៅ​ហើយ​នោះ បាន​ចូល​មក​ជីវិត​គ្រួសារ​បងស្រី​ខ្ញុំ។

ដោយ​សារ​តែ​ការ​ទុក​ចិត្ត គិត​ថា​ប្ដី​ជាមនុស្ស​ស្មោះ ទើប​បង​ស្រី​មិន​ដែល​សង្ស័យ​ឡើយ រាល់​ពេល​ប្ដី​របស់​គាត់​ឆាត​ម្ដង​ៗ ព្រោះ​គិត​ថា​គាត់​ឆាត​ទំនាក់​ទំនង​រឿង​ការងារ។ តែ​ថ្ងៃ​មួយ​រឿង​ដែល​មិន​ស្មាន​បាន​កើត​ឡើង​ហើយ​បងស្រី​ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក គឺ​នារី​ម្នាក់​​បាន​ណាត់​គ្នា​ជាមួយ​​ប្ដី​គាត់​ទៅ​គេង​ជាមួយ​គ្នា ដល់​ក្រៅ​ប្រទេស។ ការ​ដែល​បង​ស្រី​ខ្ញុំ​ចាប់​បាន គឺ​មិនមែន​ដោយសារ​បងស្រី​ខ្ញុំ​តាម​ដាន​លួច​ឆែក​អី​នោះ​ទេ គឺ​បាន​ឃើញ​ដោយ​ចៃដន្យ។ ពេល​នោះ​បង​ស្រី​ខ្ញុំ​ឈឺចាប់​បំផុត ហើយ​ចាប់​ផ្ដើម​អស់​ជំនឿ​ចិត្ត​ទៅ​លើ​ប្ដី​គាត់ ខឹង​ចិត្ត​ខ្លួន​ឯង​ដែល​គិត​ថា​ប្ដី​ជា​មនុស្ស​ ទុក​ចិត្ត​ប្ដី​ទើប​មិន​ដែល​សង្ស័យ តែ​ទី​បំផុត​ប្ដី​គាត់​បាន​បំផ្លាញ​បេះដូង​គាត់ បំផ្លាញ​ក្ដី​ស្រលាញ់​ដែល​គាត់​មាន​ចំពោះ​ប្ដី។

រូបតំណាង

ពេល​ការ​ពិត​បាន​បែក​ធ្លាយ ប្ដី​គាត់​ក៏​បាន​ទទួល​កំហុស ហើយ​សន្យា​ថា មិន​ឲ្យ​រឿង​បែប​នេះ​កើត​ឡើង​ត​ទៅ​ទៀត​ទេ តែ​ដូច​ពាក្យ​ចាស់​និយាយ​ថា កែវ​ដែល​វា​ប្រេះ​ស្រាំ​ហើយ​ទោះ​ព្យាយាម​ផ្សា​វា​យ៉ាង​ណា​ក៏​មិន​ជាប់​ដែរ មិន​ខុស​អី​ពី​ចិត្ត​ដែល​ស្មោះ​លើ​នរណា​ម្នាក់​ បើ​វា​បាន​បំផ្លាញ​ហើយ គ្មាន​ថ្ងៃ​ដូច​ដើម​ឡើយ។ ដោយសារ​អាណិត​កូន មិន​ចង់​ឲ្យ​កិត្តិយស​គ្រួសារ​ត្រូវ​បំផ្លាញ ទើប​បងស្រី​ខ្ញុំ​ទ្រាំ​រស់នៅ​បន្ត​ជាមួយ​ប្ដី​គាត់​ ដែល​សង្ឃឹម​ថា ប្ដី​គាត់​នឹង​កែប្រែ។ តែ​រំលង​មិន​បាន​ប៉ុន្មាន​ផង បង​ស្រី​ខ្ញុំ​ក៏​ចាប់​បាន​ទៀត​ថា ប្ដី​គាត់​នៅ​ទៅ​ដេក​ជាមួយ​ស្រី​នោះ ដល់​ប្រទេស​ថៃ សិង្ហបុរី ដែល​យក​លេស​ថា ទៅ​ទំនាក់ទំនង​ការងារ។

រឿង​ដល់​ដំណាក់​កាល​កាន់​តែ​ធ្ងន់ធ្ងរ បង​ស្រី​ខ្ញុំ​នៅ​តែ​មិន​ទម្លាយ​ការ​ពិត​ប្រាប់​គ្រួសារ​ស្រី​ផិត​ក្បត់​ប្ដី​នោះ​ទៀត ដោយ​យល់​ថា មិន​ចង់​បំផ្លាញ​គ្រួសារ​នាង​នោះ ព្រោះ​ម្នាក់​ៗ​សុទ្ធ​តែ​ជា​មនុស្ស​មាន​មុខ​ក្នុង​សង្គម។ បង​ស្រី​ខ្ញុំ បាន​ឆាត​ទៅ​ប្រាប់​ស្រី​នោះ ដោយ​ពាក្យ​សម្ដី​ថ្លៃថ្នូរ ឲ្យ​ឈប់​ទាក់ទង​ប្ដី​គាត់​ទៀត​ទៅ តែ​ត្រូវ​ស្រី​នោះ​ប្លុក​ហ្វេសប៊ុក​ចោល​ទៀត មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ត្រូវ​ប្ដី​គាត់​ស្ដី​បន្ទោស​ទៀត ថា​ហេតុ​អី​បាន​ធ្វើ​បែប​ហ្នឹង? ចំណែក​ឯ​ប្ដី​របស់​ស្រី​នោះ មិន​ទាន់​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​ផិត​ក្បត់ ព្រោះ​នាង​នោះ​ជា​មនុស្ស​ពូកែ ល្បិច​តាម​មិន​ទាន់​ឡើយ កុហក​ប្ដី កុហក​កូន​ថា ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​តែ​តាម​ពិត គឺ​ទៅ​ដេក​ជា​មនុស្ស​ប្រុស​ដែល​ជា​ប្ដី​គេ​ទៅ​វិញ។

មក​ទល់​នឹង​ពេល​នេះ នាង​នោះ​មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​ជីវិត​គ្រួសារ​បង​ស្រី​ខ្ញុំ​ឡើយ ហើយ​ថែម​ទាំង​បញ្ឆេះ​ឲ្យ​បង​ថ្លៃ​ខ្ញុំ កុំ​មក​រវីរវល់​ជាមួយ​បង​ស្រី​ខ្ញុំ យូរ​ៗ​ទៅ​បង​ស្រី​ខ្ញុំ​នឹង​អស់​ការ​អត់​ធ្មត់ ហើយ​លែងលះ​ជាមួយ​បង​ថ្លៃ​ខ្ញុំ​មិន​ខាន។ មាន​រឿង​មួយ​ទៀត​នោះ ប្អូន​ស្រី​របស់​នាង​ដែល​ក្បត់​ប្ដី​ខ្លួន​ឯង​នោះ គឺ​ជា​មិត្ត​ភក្ដិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​រឿង​នេះ​ឲ្យ​នាង​ដឹង​ តែ​នាង​មិន​ជឿ​ឡើយ ព្រោះ​បង​ស្រី​នាង​ជា​មនុស្ស​ចេះដឹង មាន​គ្រួសារ​មួយ​ដ៏​ខ្ពង់ខ្ពស់ មិន​អាច​មក​ធ្វើ​រឿង​អាប់ឱន​កិត្តិយស​បែប​នេះ​ឡើយ។

នាង​​ចិត្ត​កាកី​នោះ នៅ​តែ​មក​ទាក់ទង​បង​ថ្លៃ​ខ្ញុំ ហើយ​ព្យាយាម​លេប​ត្របាក់​ទ្រព្យ​សម្បត្តិ គ្រួសារ​បង​ស្រី​ខ្ញុំ​បន្តិច​ម្ដងៗ។ ចំណែក​បង​ស្រី​ខ្ញុំ នៅ​តែ​បន្ត​​មិន​ទម្លាយ​ការ​ពិត ហើយ​សុខ​ចិត្ត​គ្រាំ​ចិត្ត​​បន្ត​ទៀត ក្នុង​ពិភព​ដ៏​សែន​ឈឺ​ចាប់ ព្រោះ​មិន​ចង់​បំផ្លាញ​កិត្តិយស វង្ស​ត្រកូល​គ្រួសារ ហើយ​ខ្លាច​ខ្មាស​គេ ម្យ៉ាង​ប្ដី​របស់​គាត់​បែរ​ជា​មក​យក​ចិត្ត​គាត់ ហើយ​ព្យាយាម​បង្ហាញ​ក្ដី​ស្រលាញ់​ មក​ប្រពន្ធ​កូន​កាន់​តែ​ខ្លាំង​ឡើងៗ​ទៅ​វិញ។ តែ​ទោះ​ប្ដី​គាត់ ព្យាយាម​យក​ចិត្ត​ប៉ុណ្ណា នាំ​ដើរ​លេង​ដល់​ក្រៅ​ប្រទេស ហើយ​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ប៉ុណ្ណា ក៏​មិន​អាច​ធ្វើ​ឲ្យ​បង​ស្រី​ខ្ញុំ​មាន​ក្ដី​សុខ​ដូច​ពី​មុន​ឡើយ។

បង​ស្រី​ខ្ញុំ នៅ​តែ​មិន​ដាច់​ចិត្ត​លែងលះ ព្រោះ​អាណិត​កូន ហើយ​នៅ​តែ​សង្ឃឹម​ថា ប្ដី​គាត់​នឹង​ឈប់​ទាក់​ទង​ស្រី​នោះ​ទៀត។ តែ​បើ​ប្ដី​គាត់ នៅ​តែ​លួច​ទាក់​ទង នាង​នោះ​ទៀត គាត់​ក៏​មិន​អាច​ទ្រាំ​អត់​ធ្មត់​បន្ត​ទៀត​ឡើយ មាន​តែ​ការ​ចែក​ផ្លូវ​គ្នា​រៀង​ខ្លួន​ប៉ុណ្ណោះ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ពេល​នេះ គឺ​ថា​នាង​ដែល​ហ៊ាន​ក្បត់​ចិត្ត​ប្ដី​ខ្លួន ហ៊ាន​ទុក​កូន​ចោល មក​ឱប​ប្ដី​គេ​ គឺ​នាង​ជា​មនុស្ស​ដែល​ថោក​ទាប​បំផុត អ្វី​ដែល​នាង​ធ្វើ​គឺ​កំពុង​បំផ្លាញ​គ្រួសារ​ពីរ គឺ​គ្រួសារ​បង​ស្រី​ខ្ញុំ និង​គ្រួសារ​នាង។ ហេតុ​អ្វី​ចំណេះ​ដឹង​នាង ការ​រៀន​សូត្រ​របស់​នាង បែរ​ជា​បង្រៀន​ឲ្យ​ខួរ​ក្បាល​នាង​ធ្វើ​រឿង​បែប​នេះ​ទៅ​វិញ តើ​ចិត្ត​នាង​សាង​ពី​អី បើ​នាង​មិន​អាណិត​ចិត្ត​បង​ស្រី​ខ្ញុំ នាង​គួរ​ណាស់​តែ​អាណិត​ចិត្ត​ប្ដី ដែល​គិត​ថា មាន​ប្រពន្ធ​ជា​មនុស្ស​ល្អ ហើយ​អ្នក​ដែល​កាន់​តែ​គួរ​ឲ្យ​អាណិត​ទៀត​នោះ គឺ​កូនៗ​របស់​នាង ដែល​មាន​ម្ដាយ​ជា​ស្រី​ផិត​ប្ដី។

ជា​ចុង​ក្រោយ​ខ្ញុំ​ក៏​ចង់​និយាយ​ទៅ​ដល់ មនុស្ស​ប្រុស​ទាំង​ឡាយ កុំ​ព្រោះ​តែ​ភាព​អាត្មានិយម តណ្ហា​ មក​បំផ្លាញ​សុភមង្គល​គ្រួសារ។ បើ​មាន​ប្រពន្ធ​ហើយ សូម​ស្រលាញ់​ប្រពន្ធ​ដោយ​ស្មោះ កុំ​បំផ្លាញ​ចិត្ត​នារី​ម្នាក់​ដែល​ជឿជាក់​លើ​ខ្លួន។ គ្រប់​ស្ត្រី​នៅ​លើ​លោក​នេះ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់ ជាង​ប្ដី​ដែល​នាង​ស្រលាញ់​អស់​ពី​ពោះ​ក្បត់​នាង​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​មួយ​ទៀត​នោះ គឺ​ស្ត្រី​ដែល​ហ៊ាន​ដណ្ដើម​ប្ដី​គេ មិន​មែន​សុទ្ធ​តែ​ស្រី​អស់​ផ្លូវ ស្រី​ដែល​ថោក​ទាប​នោះ​ទេ សូម្បី​តែ​ស្រី​ដែល​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ហើយ ក៏​នៅ​តែ​ហ៊ាន​ធ្វើ​ដែរ។ អ្នក​ដែល​ក្បត់​គេ ហើយ​អ្នក​ដែល​ហ៊ាន​ទទួល​មនុស្ស​ក្បត់ សុទ្ធ​តែ​មាន​កំហុស​ដូច​គ្នា គឺ​កំហុស​ដែល​រួម​គ្នា​បំផ្លាញ​មនុស្ស​ម្នាក់​ឲ្យ​ឈឺ​ចាប់​បំផុត​រក​អ្វី​ប្រៀប​មិន​បាន​ឡើយ៕

​​​

រៀបរាងដោយ៖ ពេជ្រ

មតិយោបល់
អត្ថបទថ្មី