• 2018-09-17 02:40:18
  • សេដ្ឋកិច្ច

អ្នកជំនាញ​ បង្ហើប​ពីជំនាញ​ទីផ្សារ​ការងារ​កំពុង​ត្រូវ​ការ​ច្រើន​តែ​នៅ​ខ្វះកម្លាំងពល​កម្ម​

  • 2018-09-17 02:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជំនាញ​​ធ្វើ​ការ​លើ​វិស័យ​ការ​ងារ​ឲ្យ​ដឹង​ថា​សព្វ​ថ្ងៃ​ជំនាញ​មួយ​ចំនួន​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​នៅ​លើ​ទី​ផ្សា​រ តែ​​មិន​ទាន់​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ទៅ​តាម​​តម្រូវ​ការនៅ​ឡើយ។

​ក្នុង​បទ​ស​ម្ភាស​ន៍​ជា​មួយ Sabay កាលពី​សប្តាហ៍​មុន​​ ឯកឧត្តម ហៃ ហ៊ុនឡេង អនុប្រ​ធានទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការងារ​ នៃក្រសួង​ការ​ងារ មាន​ប្រ​សាសន៍​ថា​តាម​ទិន្ន័យ​ដែល​ក្រុមការ​ងារ​ប្រ​មូល​បាន​បង្ហាញថា​​​ចំនួន​ឱកាស​ការងារ​ មាន​ច្រើន​ជាង​​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ។

មន្ត្រី៖ យុវជន​ត្រូវ​ដុសខាត់​សមត្ថភាព​បន្ថែមទៀត​ដើម្បី​ងាយ​ស្រួល​រក និង​រក្សា​ការ​ងារ​

ត្រង់​ចំណុច​នេះ​ឯកឧត្តម​ពន្យល់​ថា​ទី​មួយ​ឆ្លុះបញ្ចាំង​ថា​ចំនួន​ឱកាស​ការ​ងារសម្បូរ​បែប​ធ្វើ​ឲ្យ​អ្នក​រក​ការ​ងារ​ធ្វើមានជម្រើស​ច្រើន និង​ចំណុ​ច​មួយ​ទៀត​អាច​ឆ្លុះ​បញ្ចាំង​បាន​ថា​អ្នក​ស្វែង​រកការងារនៅ​មិន​ទាន់​មាន​សមត្ថភាព​ និង​គុណវុឌ្ឍ​គ្រប់​គ្រាន់ដើម្បី​ស្រូប​យក​ឱកាស​ការងារ។

ឯកឧត្តម​ផ្តល់ជា​ឧទាហរណ៍​បញ្ជាក់ថា​ក្នុង​កម្មវិធី​សម្ភាសន៍​ការ​ងារ រៀបចំដោយទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការងារ​​និង​មាន​ក្រុម​ហ៊ុន​ឯកជន​ចូល​រួម​ជ្រើស​រើស​បុគ្គលិក​ប្រ​ចាំខែនោះ បង្ហាញ​ថា​បេក្ខជន​ដែល​បាន​ដាក់​ពាក្យចូល​បម្រើ​ការងារ​មាន​តែ​ប្រមាណ​៣០​ភាគ​រយ​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ការងារ។

ឯកឧត្តម​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ចង​និយាយ​ថា​អ្នក​រក​ការងារ​ធ្វើអត់សមត្ថភាពទេ ប៉ុន្តែ​សមត្ថភាព​របស់​គាត់​នោះមិនទាន់ជួប​ឬមិនទាន់​ឆ្លើយ​តប​ពេញ​លេញអ្វី​ដែលឱកាស​ការងារ​ផ្តល់ជូន​ឬទី​ផ្សារការងារ​ចង់បាន អ៊ីចឹង​ហើយ​យើង​ប្រើ​ភាសា​មួយ​ថា​វា​ជាគម្លាត​នៃជំនាញ ឬកង្វះខាត​ជំនាញ​ដែល​​ទីផ្សារ​ចង់​បាន​»។​

(ឯកឧត្តម ហៃ ហ៊ុនឡេង អនុប្រ​ធានទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការងារ​ នៃក្រសួង​ការ​ងារ ក្នុងពេល​ផ្តល់​បទសម្ភាសន៍ជាមួយ​ Sabay)

​បើ​និយាយ​ដល់​ចំណុច​នេះ​វិញ​ឯកឧត្តម​ឲ្យ​ដឹង​ថា​ការសិក្សា​លើ​ជំនាញ​អ្វី​ក៏​មាន​សារៈ​សំខាន់​ដូច​គ្នា​ គ្រាន់​តែ​ថា​បើ​រើស​រៀន​ជំនាញ​ដែល​ត្រូវ​តាម​តម្រូវ​ការ​ទី​ផ្សារ​ដែល​កំពុង​សម្បូ​របែប​កាន់តែ​ប្រ​សើរ។

បើ​តាម​ឯកឧ​ត្តម ហៃ ហ៊ុនឡេង ជំនាញ​ដែល​កំពុងមាន​តម្រូវ​ការ​ទី​ផ្សារ​ការងារ​ខ្លាំង​គឺ ជំនាញ​ព័ត៌មាន​វិទ្យា​ទាក់ទង​នឹង​បច្ចេកវិទ្យាថ្មីៗ ជំនាញ​វិស្វកម្ម ជំនាញ​អេឡិចត្រូវ​និច និង​ជំនាញ​ស្ថាបត្យ​កម្ម​ជាដើម​។

ឯកឧត្តម​បន្តថា៖ «​យើង​ឃើញ​ហើយថា​ការ​រីកចម្រើន​វិស័យ​សំណង់ ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​អីនេះ ​យើង​ឃើញ​ថា​អត់ទាន់(មានកម្លាំង​ពលកម្ម)​ផ្តល់​ជូនឲ្យ​បាន​ពេញ​លេញ​នូវឡើយ​ទេ​...​ឆ្លុះ​បញ្ចាំង​មក​វិញ​យើង​ឃើញ​ថា​ពេល​ដែល​ប្រ​ទេស​កម្ពុជា​កំពុង​រីកចម្រើន យើង​អត់​ទាន់​ផ្តល់​មនុស្ស​ដែលជា​អ្នកបច្ចេក​ទេស​​​ផ្នែក​ទាំង​អស់​នោះ​ទៅ​ដល់​ទីផ្សារ​ឲ្យ​បាន​ពេញ​លេញ​ទេ»។

ក្រៅពី​ជំនាញ​ទាំងនេះ មន្ត្រី​ខាងលើ​បញ្ជាក់​ថា​អ្នក​រក​ការ​ងារ​ធ្វើក៏​ត្រូវ​ចេះ​ដែរ​ជំនាញ​ទន់​ដូចជា​ការធ្វើការ​ងារ​ក្រុម ទំនាក់ទំនង ការ​ដោះ​ស្រាយ​បញ្ហា និង​ភាសា​បរទេស​ ដែល​មិន​មែនតែ​ភាសា​អង់គ្លេស។ បើ​មាន​ចំណុច​ទាំងនេះ​បន្ថែមទៀត ឯកឧត្តម​ថា​អ្នករក​ការងារ​ធ្វើ​​មិន​ត្រឹម​តែ​ងាយ​រកការងារ​ទេ ថែមទាំងអាច​រក្សា​ការងារ​បាន​ល្អ​ទៀត​ផង៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី