- 2018-10-16 10:30:00
- សុខភាព
២ចំណុចនេះ រដ្ឋមន្រ្តីលើកដើម្បីនិរន្តភាពពេទ្យគន្ធបុប្ផា តែក៏សុំចិត្តពលរដ្ឋ១រឿងវិញដែរ (មានវីដេអូ)
- 2018-10-16 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ចំណុចនេះ រដ្ឋមន្រ្តីលើកដើម្បីនិរន្តភាពពេទ្យគន្ធបុប្ផា តែក៏សុំចិត្តពលរដ្ឋ១រឿងវិញដែរ (មានវីដេអូ)
ចន្លោះមិនឃើញ
ក្រោយមរណភាពរបស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា រដ្ឋមន្ត្រី ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា នឹងពង្រឹង២ចំណុចសំខាន់ៗនេះ ឲ្យនៅល្អដូចដើម។
កន្លងទៅប្រជាពលរដ្ឋមានកូនតូចមួយចំនួន ដែលបានទៅទទួលសេវាកម្ម នៅទីនេះ ធ្លាប់លើកឡើងនៅភាពខ្វះចន្លោះ ដូចជាបញ្ហាការប្រើពាក្យសំដី របស់គ្រូពេទ្យ១ភាគតូចជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏សុំចិត្ត ប្រជាពលរដ្ឋ១ចំណុចវិញ ឲ្យមានការចូលរួមទាំងអស់គ្នា ជាចំណែកជាមួយគ្រូពេទ្យ ដើម្បីបន្តសង្គ្រោះជីវិតកុមារកម្ពុជា។
ក្នុងកិច្ចសម្ភាសមួយជាមួយក្រុមការងារ Sabay នៅទីស្ដីការក្រសួងសុខាភិបាល ក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអះអាង និងបញ្ជាក់កុំឲ្យប្រជាពលរដ្ឋព្រួយបារម្ភ ព្រោះនឹងមានការពង្រឹង ២ចំណុចសំខាន់ ដើម្បីបន្តរក្សាឲ្យបានល្អដូចដើម ដូចកាលពេលស្ថាបនិកដ៏ល្បីឈ្មោះនៅមានជីវិត។ ទី១ គឺការព្យាបាលកុមារប្រកបដោយគុណភាពស្តង់ដារដូចគ្នា និងទី២ គឺព្យាបាលដោយឥតគិតថ្លៃសេវាកម្មអ្វីទាំងអស់។
ទាក់ទងនឹងចំណុចខ្វះខាត នៃការប្រើប្រាស់ពាក្យសំដីរបស់គ្រូពេទ្យមួយចំនួនតូច ឯកឧត្ដម ម៉ម ប៊ុនហេង បានទទួលស្គាល់ថាកន្លងទៅ គឺមានការមែន ដោយសារភាពខ្វះខាតរបស់ពេទ្យ១ភាគតូច ខណៈចំនួននៃអ្នកមកទទួលសេវាមានច្រើនរាប់រយពាន់នាក់ជាប្រចាំថ្ងៃ។
ភ្ជាប់នឹងចំណុចដដែល រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំណូមពរឲ្យប្រជាពលរដ្ឋមានការយោគយល់ ទាំងអស់គ្នា ព្រោះយើងសុទ្ធតែខ្មែរដូចគ្នា ហើយយើងអាចកែលម្អទាំងអស់គ្នា។
ឯកឧត្ដម ម៉ម ប៊ុនហេង បន្តថា សំខាន់បំផុត ប្រជាពលរដ្ឋដែលមកទីនេះ គឺសូមមេត្តាតម្រង់ជួរ តាមលេខរៀងមុន ឬក្រោយ លើកលែងហើយតែករណីកុមារដែលត្រូវសង្គ្រោះបន្ទាន់ គឺចាំបាច់គឺត្រូវចូលភ្លាមៗ។
សូមទស្សនាវីដេអូ កិច្ចសម្ភាសពិសេស ជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេង
សូមបញ្ជាក់ថា បន្ថែមពីការបកស្រាយរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅដើមឆ្នាំ២០១៨ រាជរដ្ឋាភិបាលធ្លាប់បានប្រកាសថា ការព្យាបាលកុមារកម្ពុជានៅតែមិនយកថវិកាដូចដើម។សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នឹងបង្កើតមូលនិធិមួយទៀត សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានឈ្មោះថា (មូលនិធិគន្ធបុប្ផាកម្ពុជា) ដោយសម្ដេច នឹងធ្វើជាប្រធានកិត្តិយសតែម្ដង។