• 2018-11-04 07:39:35
  • ស្នេហា

គ្មានអ្វីទៀងទាត់! រឿង៥យ៉ាងនេះ នឹងកើតឡើង ពេលស្រលាញ់គ្នាលើសពី៥ឆ្នាំ

  • 2018-11-04 07:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​អ្វី​មួយ​ដែល​ទៀងទាត់​ឡើយ​នៅ​លើលោក​នេះ សូម្បី​ចិត្ត​របស់​ខ្លួន​ឯង​នៅ​តែ​គ្រប់គ្រង​មិន​បាន​ផង។ មិន​ខុស​អី​ពី​ជីវិត​គូស្នេហ៍ ពេល​ដែល​ស្រលាញ់​គ្នា​កាន់​តែ​យូរ អ្វី​ៗ​ក៏​ចាប់​ផ្ដើម​ប្រែប្រួល​ទៅ​តាម​ពេល​វេលា មិន​អាច​ដូចគ្នា​នឹង​ពេល​ចាប់​ផ្ដើម​ឡើយ។ ខាង​ក្រោម​នេះ ជា​រឿងរ៉ាវ​មួយ​ចំនួន តែង​កើត​ឡើង​នៅ​ពេល​គូស្នេហ៍​ស្រលាញ់​គ្នា លើស​ពី​៥​ឆ្នាំ៖ ​

១. ពី​មុន​ចេះ​លួង​គ្នា​ពេល​ម្នាក់​ណា​អន់​ចិត្ត ឬ​ខឹង តែ​ពេល​នេះ​គេ​មិន​ទ្រ​​ទៀត​ទេ

ពេល​ដែល​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ដំបូង ពេល​អ្នក​ណា​ខឹង ឬ​អន់​ចិត្ត​នឹង​គ្នា ម្នាក់​ទៀត​តែង​ព្យាយាម​លួង​លោម តាម​យក​ចិត្ត តែ​ពេល​ស្គាល់​ចិត្ត​គ្នា​ច្បាស់ បែរ​ជា​លែង​សូវ​យក​ចិត្ត​ទក​ដាក់​ឬ​អើពើ​ដូច​ពី​មុន​ទៀត​ទេ។ បែរ​ជា​មាន​អារម្មណ៍​ថា​ធុញ មាន​អារម្មណ៍​ហត់​នឹង​ឃើញ​រូបភាព​ទាំង​នេះ ចួន​កាល​ក៏​ទុក​ដៃ​គូ​ចោល រហូត​ទាល់​តែ​គេ​ឈប់​ខឹង​ដោយ​ខ្លួន​ឯង បើ​គេ​មិន​បាត់​ខឹង​ក៏​ហី។

រឿង​នេះ​អាច​កើត​ឡើង​ដោយ​សារ​ម្នាក់​ៗ យល់​ថា​ធំៗ​អស់​ហើយ មាន​រឿង​អី​បញ្ហា​អី គួរ​តែ​និយាយ​គ្នា​ឲ្យ​ច្បាស់ និង​រក​ដំណោះស្រាយ មិន​មែន​ធ្វើ​ដូច​កាល​ស្គាល់​គ្នា​ដំបូង បេះដូង​ម្នាក់​ៗ​ហាក់​នៅ​ក្មេង​ខ្ចី​នោះ​ទេ។

រូបតំណាង

២. មិន​មាន​ពេល​វេលា​ផ្អែមល្ហែម​រាល់​ថ្ងៃ​ដូច​ពី​មុន

កាល​យើង​ទើប​ស្គាល់​គ្នា ពេល​ដែល​ពន្លក​ស្នេហ៍​កំពុង​រីក​ដុះដាល ម្នាក់ៗ​បាត់​មុខ​គ្នា​មួយ​ថ្ងៃ​មិន​បាន ព្រោះ​តែ​បេះដូង​កំពុង​ត្រូវ​ការ​គ្នា​ខ្លាំង។ តែ​លើលោក​នេះ​វា​គ្មាន​អ្វី​ឋិតថេរ​ ពេល​ជួប​មុខ​គ្នា​ឆ្អែតឆ្អន់ ស្រលាញ់​គ្នា​កាន់​តែ​យូរ ធ្វើ​ឲ្យ​ម្នាក់​ៗ មាន​អារម្មណ៍​ថា មិន​ជួប​គ្នា​មួយ​ថ្ងៃ​ក៏​មិន​អី វា​ខុស​កាល​ពី​មុន​សឹង​តែ​បែក​១​នាទី​មិន​បាន។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​ទាំង​២​លែង​ស្រលាញ់​គ្នា​ទេ គ្រាន់​តែ​ម្នាក់​ៗ​ចង់​ចំណាយ​ពេល​ឲ្យ​អ្នក​ផ្សេង​ក្រៅ​ពី​គូស្នេហ៍ ដូចជា​ពេល​វេលា​សម្រាប់​គ្រួសារ មិត្ត​ភក្ដិ និង​ពេល​ខ្លះ​ក៏​ចង់​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង​ដោយ​សេរីភាព។

៣. លែង​សូវ​ផ្ញើ​សារ ឬ​ខល​រក​គ្នា​ញឹក​ញាប់​ដូច​ពី​មុន

ពី​មុន​ដោយ​សារ​យើង​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់ ម្ល៉ោះ​ហើយ​តែង​ចង់​បង្កើត​ភាព​ស្និទ្ធស្នាល ដើម្បី​ឈាន​ទៅ​រក​ទៅ​រក​ការ​បង្កើត​ស្នេហា​មួយ។ ជា​ពិសេស​នោះ​ចង់​ដឹង​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​ ពេល​ព្រឹក​គេ​ទៅ​ណា ពេល​ថ្ងៃ​គេ​ធ្វើ​អី? តែ​ពេល​ស្គាល់​គ្នា​ច្បាស់ ដឹង​ថា​ម្នាក់​ៗ​មាន​ទម្លាប់​បែប​ណា​ប្រចាំ​ថ្ងៃ ក៏​លែង​សូវ​ចង់​ដឹង​ចង់​លឺ​ដូច​ពី​មុន​ទៀត​ហើយ។

ចំណុច​នេះ អ្នក​ទាំង​ពីរ​ត្រូវ​តែ​យល់​ពី​គ្នា​ឲ្យ​ច្បាស់ បើ​មិន​ដូច្នេះ​ទេ មុខ​ជា​ចោទ​ប្រកាន់​រក​រឿង​ឈ្លោះ​គ្នា​មិន​ឡើយ។

រូបតំណាង

៤. ចាប់​ផ្ដើម​មើល​ឃើញ​ពី​កំហុស​គ្នា

កាល​ទើប​ស្រលាញ់​គ្នា អាក្រក់​ក៏​ទៅ​ជា​ល្អ ខ្មៅ​ក៏​ទៅ​ជា​ស ព្រោះ​ម្នាក់​ៗ​កំពុង​ស្រលាញ់​គ្នា ទោះ​ឃើញ​ទង្វើ​ខ្លះ ឬ​កាយវិការ​ខ្លះ មិន​ត្រូវ​ចិត្ត​របស់​ខ្លួន ក៏​ព្យាយាម​លាក់​ទុក​ក្នុង​ចិត្ត ដោយ​គិត​ថា​ព្រម​ទទួល​យក​គ្រប់​បែប​យ៉ាង​ពី​គេ។ តែ​ថា​មនុស្ស​យើង ពេល​ខ្លះ​នៅ​ខឹង​នឹង​ខ្លួន​ឯង មិន​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ ចុះ​ទម្រាំ​គូស្នេហ៍​របស់​ខ្លួន ដែល​ពី​មុន​ជា​អ្នក​ដទៃ​សុទ្ធសាធ រឿង​អី​​គេ​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​តែ​រហូត​នោះ។ ពី​មុន​មើល​ឃើញ ក៏​ធ្វើ​មិន​ឃើញ​ពី​កំហុស​គេ​ដែរ តែ​ពេល​ស្គាល់​គ្នា​ច្បាស់ ម្នាក់​ៗ​ព្រលះ​គ្នា​គ្មាន​ទុក​ឡើយ។

បើ​មិន​ចង់​មាន​រឿង​ឈ្លោះ​ទាស់ទែង​នឹង​គ្នា គួរ​តែ​និយាយ​គ្នា​ត្រង់​ៗ ពេល​មាន​រឿង​ណា​មួយ​មិន​ពេញ​ចិត្ត​នឹង​គ្នា ហើយ​ដោះស្រាយ​ដោយ​មាន​គតិ​ក្នុង​ខ្លួន។

​៥. ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ក៏​ល្អូកល្អិន​ខ្លាំង​ដូច​ពី​មុន​ដែរ

«ចាស់ៗ​អស់​ហើយ ទៅ​ធ្វើ​អី​ដូច​ពី​មុន​ទៀត» ជា​ឃ្លា​មួយ​ឧស្សាហ៍​លឺ​ពី​គូស្នេហ៍​ភាគ​ច្រើន​បំផុត។ មិន​ដឹង​ថា​មក​ពី​ឲ្យ​ប្រាកដ​ដែរ បាន​ជា​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ទៅ​ជា​បែប​នេះ ចួន​កាល​អាច​មក​ពី​មិន​រំជើប​រំជួល​ដូច​ពី​មុន ភាព​ផ្អែមល្ហែម​ផ្ដល់​ឲ្យ​គ្នា​ពី​មុនមក​វា​លើសលប់​ពេក ធ្វើ​ឲ្យ​អ្នក​ទាំង​២​ហាក់​នឿយណាយ​នា​បច្ចុប្បន្ន​នេះ។ ដូច​នេះ​អ្នក​ទាំង​២​ត្រូវទទួល​ស្គាល់​ការពិត​ពី​ការ​វិវត្តន៍​ នៃ​ចិត្ត​របស់​ខ្លួន​​ឯង ហើយ​ត្រូវ​រៀន​យល់​ពី​ចិត្ត​របស់​ដៃគូ ដែល​មិន​ខុស​គ្នា​ពី​ចិត្ត​របស់​យើង​នៅ​ពេល​នេះ​ឡើយ៕ ​

ប្រភព៖ គម្ពីស្នេហ៍ អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់