• 2019-04-05 10:26:23
  • ជំនឿ

ហុងស៊ុយ​ឆ្នាំ​កុរ​ ២០១៩ មិត្ត​ដែល​ជួយ​ជ្រោមជ្រែង​បាន​គឺ ថោះ និង ច

  • 2019-04-05 10:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ​ ២០១៩នេះ មនុស្ស​ឆ្នាំ​កុរ​ទទួល​រង​ឥទ្ធិពល​ផ្កាយ​ជោគ​លេខ ៩ ជា​សញ្ញាណ​បង្ហាញ​ពី​ការ​បញ្ចប់​ និង​ការ​ចាប់​ផ្ដើម​អ្វី​មួយ​ថ្មី។ រាល់​ការ​ផ្លាស់ប្ដូរ​ដែល​កើត​ឡើង​ក្នុង​ពេល​នេះ គឺជា​ការប្រែប្រួល​ដែល​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​ និង​រុងរឿង​ក្នុង​ឆ្នាំ​ខាង​មុខ​ទៀត។ ហេតុ​នេះ​មនុស្ស​ឆ្នាំ​កុរ​មិន​គួរ​រួញរា​ និង​បារម្ភ​ច្រើន​ពេក​នោះ​ទេ​ ទោះ​បី​ជា​ផល​មិន​ហុច​ឲ្យ​ភ្លាមៗ​ក៏ដោយ។ នេះ​បើ​យោង​តាម​សៀវភៅ ហោរាសាស្ត្រ និង ហុង ស៊ុយ ឆ្នាំ ២០១៩។

សៀវភៅ​ដដែល​បាន​សរសេរ​ទៀត​ថា ឆ្នាំ​នេះ​ថាមពល​ចក្រវាល​មាន​ភាព​ទន់​ខ្សោយ​ ជា​ហេតុ​ធ្វើ​ឲ្យ​សភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស​ឆ្នាំ​កុរ​ទន់​ជ្រាយ​មិន​សូវ​រឹង​មាំ។ គេ​ងាយ​បាក់​ទឹក​ចិត្ត​ មិន​រវៀសរវៃ ក្លៀវក្លា និង​មាន​ទំនោរ​គិត​ទៅ​រក​ផ្លូវ​អវិជ្ជមាន​ច្រើន។ ស្ថានភាព​បែប​នេះ អាច​ប៉ះពាល់​ដល់​ការ​ចាប់​យក​ឱកាស​នានា​ដែល​បង្ហាញ​ខ្លួន។

មនុស្ស​ឆ្នាំ​កុរ​គួរ​ស្វែង​រក​ដៃគូ​ និង​ចូលរួម​កិច្ចការ​ជាមួយ​បុគ្គល​ឆ្នាំ​ថោះ ឬ​បុគ្គល​ឆ្នាំ​ច ព្រោះ​សម្ព័ន្ធ​មិត្ត​ទាំង​២ អាច​ជួយ​ជ្រោមជ្រែង​ផ្ដល់​កម្លាំង​ និង​ថាមពល​ដល់​រូប​គេ​បាន។ ជា​សំណាង​ល្អ​ដែល​សភាព​ប្រចាំ​ឆ្នាំ​មិន​មាន​ភាព​ប្រកួតប្រជែង​ច្រើន​ ម្យ៉ាង​ទៀត​មនុស្ស​មាន​ទំនោរ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ លក្ខណៈ​បែប​នេះ អាច​មាន​ផល​ប្រសើរ​ច្រើន​សម្រាប់​មនុស្ស​ឆ្នាំ​កុរ ក្នុង​ការ​ស្វែង​រក​អ្នក​ជួយ​ជ្រោមជ្រែង​ខ្លួន។

កុរ និង​ថោះ៖ បុគ្គល​ឆ្នាំ​ថោះ​គឺជា​បង្គោល​ និង​បង្អែក​របស់​មនុស្ស​ឆ្នាំ​កុរ។ មនុស្ស​ឆ្នាំ​កុរ​ត្រូវ​ការ​ការ​ជួយ​ជ្រោមជ្រែង​ ជាពិសេស​ផ្នែក​ស្មារតី និង​កម្លាំង​ចិត្ត​ពី​មនុស្ស​ឆ្នាំ​ថោះ។ មនុស្ស​ឆ្នាំ​ថោះ​ដ៏​មាន​ឥទ្ធិពល​នឹង​ហុច​ដៃ​ជួយ​មិត្ត​របស់​ខ្លួន​ដោយ​ក្ដី​ពេញ​ចិត្ត​ពេញ​ថ្លើម និង​ស្មោះ​ស្ម័គ្រ​ជា​ទី​បំផុត។ ថោះ​និង​កុរ​ គឺជា​សម្ព័ន្ធ​ដ៏​យូរ​អង្វែង​ប្រកប​ដោយ​ភាព​ចុះ​សម្រុង​ក្នុង​ចក្ររាសី​សត្វ​ចិន។

កុរ និង​ច៖ បុគ្គល​ឆ្នាំ​កុរ​ជា​អ្នក​ដែល​ត្រូវ​ពឹង​ពាក់​មនុស្ស​ឆ្នាំ​ច។ គេ​ត្រូវ​ការ​ការ​ថែរក្សា​ លើក​ទឹក​ចិត្ត និង​ការ​ប្រឹក្សា​ពី​ដៃគូ​របស់​ខ្លួន។ បុគ្គល​ឆ្នាំ​ច គឺជា​សម្ព័ន្ធ​មិត្ត​ដែល​ផ្ដល់​ភាព​កក់​ក្ដៅ ព្រម​ទាំង​ជំនឿ​ដល់​មនុស្ស​ឆ្នាំ​ជ្រូក។ គេ​ជា​មិត្ត​ភក្ដិ​ដ៏​ស្មោះ​ត្រង់​ និង​ស្មោះ​ស្ម័គ្រ​ អាច​ជួយ​ជំរុញ​កិច្ចការ​ទាំង​ឡាយ​ទាំងពួង​ឲ្យ​ដំណើរការ​ៅ​មុខ​ដោយ​ជោគជ័យ​។ នេះ​ជា​សម្ព័ន្ធ​រីករាយ។

សូម​រំលឹក​អំពី​ដួង​ផ្កាយ​របស់​ឆ្នាំ​កុរ គឺជា​ផ្កាយ​ជោគ​លេខ​ ៩ រះ​ឡើង​នាំ​មក​នូវ​ឱកាស​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ឆ្នាំ​កុរ។ ប៉ុន្តែ​ការ​ប្រឹងប្រែង​ដាំ​នា​ពេល​នេះ នឹង​មិន​ហុច​ផល​ភ្លាមៗ​នោះ​ទេ។ បុគ្គល​នេះ​គួរ​រៀប​ចំ​ផែន​ការ​​ និង​សម្លឹង​មើល​រយៈពេល​វែង។ ការ​វិនិយោគ​ការ​បណ្ដាក់​ទុន ការ​បើកបរ​ជំនួញ​អាច​ធ្វើ​ឡើង​បាន​​ដោយ​ជោគជ័យ​ និង​មាន​ឫសគល់​យូរ​អង្វែង។ មនុស្ស​ឆ្នាំ​កុរ​ត្រូវ​កត់​ចំណាំ​ថា ការ​ឧស្សាហ៍​ព្យាយាម​ និង​ការ​ធ្វើ​ច្រើន​រមែង​បាន​ផល​ក៏​ច្រើន​ដែរ។

ការ​ផ្ដោត​ថែ​ទាំង​ប្រមែប្រមូល​ផ្ដុំ​កម្លាំង​ចិត្ត​លើ​ការ​ងារ​របស់​ខ្លួន​នឹង​កាន់តែ​ធ្វើ​ឲ្យ​កិច្ចការ​ទាំង​ឡាយ​ទាំង​ពួង រីក​ធំធាត់​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត ហើយ​អាច​សម្រេច​បាន​ផល​ច្រើន​នៅ​ឆ្នាំ ២០២០។ ដោយ​ឡែក​ឆ្នាំ ២០១៩ នេះ​មនុស្ស​ឆ្នាំ​កុរ មាន​រាសី​ឡើង​ក្នុង​ខែ ពាក់​កណ្ដាល​ឆ្នាំ។ ហេតុ​នេះ​គេ​គួរ​ចាប់​ឱកាស​ទាំង​នោះ​ឲ្យ​ជាប់​ និង​ប្រើប្រាស់​ឲ្យ​អស់​ពី​លទ្ធភាព៕

ប្រភព​សៀវភៅ៖ ហោរាសាស្រ្ត និង ហុង ស៊ុយ ឆ្នាំ២០១៩ អ្នកបកស្រាយ និង​ និពន្ធ៖ តាន់ សូដានី

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី