• 2019-05-02 03:30:00
  • ស្នេហា

មាន១ ក្នុង៩ចំណុចនេះ បង្ហាញថាប្រុសៗលង់ស្នេហ៍តែស្រីចំណាស់

  • 2019-05-02 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 148

ចន្លោះមិនឃើញ

ពាក្យ​ថា​ស្នេហា គឺ​ពិតជា​មាន​ន័យ​ជ្រៅ ​ពិបាក​ពណ៌នា ហើយ​វា​​មិន​ដែល​ចេះ​ប្រកែ​ប្រកាន់​អាយុ ពណ៌​សម្បុរ ឬ​រូប​សម្រស់​ឡើយ។ ជា​ធម្មជាតិ​ប្រុសៗ ​ចូលចិត្ត​ស្រី​ស្អាត ហើយ​នៅ​ក្មេង​ តែ​បើ​សួរ​ឲ្យ​ស៊ី​ជម្រៅ​មែន​ទែន​ទៅ រឿង​យក​ជា​គូ​អនាគត គឺ​ប្រុស​ៗ ១០​លើ​១០ តែង​ប្រាថ្នា​នារី​ល្អ មិន​ថា​អាយុ​ចាស់​ជាង​ខ្លួន​ ឬ​មុខមាត់​សឹង​តែ​ប្រហែល​អ្នក​ម៉ែ​ក៏​ដោយ។

រូបតំណាង៖ ប្រធានាធិបតី​ប្រទេស​បារាំង លោក Emmanuel Macron និង​ភរិយា (រូបថត AP)

សំខាន់​បេះ​ដូង​គេ​ប្រាប់​ថា ខ្លួន​ស្រឡាញ់​នាង ចង់​នៅ​ក្បែរ​នាង​ជានិច្ច ព្រោះ​ស្ត្រី​កាល​បើ​មាន​វ័យ​កាន់​តែ​ជ្រេ តែង​មាន​បទពិសោធន៍​ជីវិត​ និង​ចំណេះ​ដឹង​គ្រប់គ្រាន់ ដែល​ស្ត្រី​ក្មេង​ៗ​ខ្លះមិនសូវ​មាន។

រូបតំណាង

៩​ចំណុច ដែល​ប្រុស​ៗ សារភាព​ថា ខ្លួន​តែង​លង់​ស្នេហ៍ ស្ត្រី​ចំណាស់ ដូច​គេ​ថា ខ្ចី​ចាស់​កាន់​តែ​ហឹរ ស្ត្រី​វ័យ​កាន់​តែ​ចាស់ កាន់​តែ​ពូកែ ដែល​ជា​គុណសម្បត្តិ​ដ៏​ទាក់ទាញ​បំផុត។

១. ដឹង​រាក់​ជ្រៅ​ពី​ជីវិត

រូបតំណាង

ទោះបី​ស្នេហា​ខុស​ជំនាន់​បន្តិច​មែន តែ​ស្ត្រី​ចំណាស់ កាល​បើ​ដាក់​ចិត្ត​ស្រលាញ់​បុរស​ណា​ហើយ គឺ​នាង​​តែងតែ​ប្រើ​បេះដូង ជាជាង​ប្រើ​អារម្មណ៍ មានន័យថា នាង​មាន​ចិត្ត​អំណត់ មិនមែន​ចេះ​តែ​ខឹង ប្រាវ​ៗ អាង​អី​បែក​ៗ​ ដូច​ស្នេហា​ក្មេង​ៗ​ខ្លះ​ទេ។

ស្រឡាញ់​ស្ត្រី​ចំណាស់ គឺ​អាច​ជាទី​ប្រឹក្សា​ឲ្យ​បុរស​បាន​យ៉ាង​ល្អ នាង​អាច​ជួយ​យឹត ​ជួយ​យោង​អ្នក ឲ្យ​ឈាន​ទៅ​សម្រេច​គោល​ដៅ​ធំ​នៃ​ជីវិត ក្នុង​កម្រិត​ខ្ពស់ ព្រោះ​ថា​នាង មាន​ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ​ពិត​ៗ​​ជាច្រើន ដែល​បុរស​មិន​អាច​យល់។ ​

២. នាង​អាច​មើល​ឃើញ​ពី​អ្វីដែល​អ្នក​នឹកស្មាន​មិនដល់

រូបតំណាង

មិន​ខុស​ទេ នារី​វ័យ​ចូល​ក្បាល ៣ ឬ​ជាង​៣០​ឡើង ខ្មែរ​យើង​ចាត់​ទុក​ថា ចំណាស់​ហើយ។ ស្រឡាញ់​នាង គឺ​មិន​ប្រឈម​នឹង​ស្នេហ៍​ក្មេង​ចិត្ត​ក្មេង​ទេ ដែល​តែង​តែ​ ងរង៉ក់​ដាក់​អាទិត្យ​ ឬ​ដាក់​ខែ​ទេ។ នារី​ខ្មែរ​វ័យ​ចំណាស់ តែងតែ​នាំ​អ្នក​ឲ្យ​យល់​កាន់​ច្បាស់​ពី​ទំនាក់ទំនង​មួយ​ដ៏​រឹងមាំ អ្វី​ទៅ​ជា​ស្នេហា​ពិត? មិន​នាំ​អ្នក​ឲ្យ​អង្គុយ​តែ​ឈឺក្បាល​រឿង​កំប៉ិកកំប៉ុក​ឥត​ប្រយោជន៍​ទេ។ ឧទាហរណ៍​ថា ប្រុសៗ​​តែង​គិត​ថា ស្រី​ៗ​តែង​តែ​ត្រូវការ​អ្នក​លួងលោម​ ប៉ុន្តែ​តាម​ពិត​នារី​ចំណាស់ មិន​ដែល​ខ្វល់ ឬ​ចង់​ចាក់សោ​អ្នក​ទុក​ឲ្យ​អ្ន​នៅ​ជិត​ទេ មាន​ន័យ​ថា នាង​អាច​ថែខ្លួន​ឯង​បាន។

៣. មនោសញ្ចេតនា​ជ្រាលជ្រៅ​បែប​ចាស់ទុំ

រូបតំណាង

ស្ត្រី​វ័យ​ចំណាស់​មាន​បទពិសោធន៍​ជីវិត​ និង​បាន​ឆ្លង​កាត់​រសជាតិ​ជីវិត​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​បុរស​ស្រឡាញ់​អត្តចរិត​បែប​នេះ។ នាង​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ ច្បាស់​ពី​របៀប​គ្រប់គ្រង​អារម្មណ៍ ​មិន​ឡិកឡក់ ពេល​ខឹង​ចេះ​តែ​បញ្ចេញ​មក​ក្រៅ​ទាំង​កាក​ៗ ​ធ្វើ​ចរិត ដូច​ក្មេង​បៀម​ដៃ​ទេ។ នាង​មាន​ភាព​ចាស់​ទុំ ច្បាស់​ថា ពេល​ណា​ត្រូវ​លេង​សើច ពេល​ណា​អត់ មិនមែន​ចេញ​មក​ភ្លាវ​ៗ​ ខុស​កាលៈទេសៈ​ទេ។

៤. ភាព​ស្ងប់ស្ងាត់

ស្ត្រី​ចំណាស់​ភាគ​ច្រើន តែង​មាន​ភាព​ស្ងប់ស្ងាត់ និង​សន្តិភាព​ក្នុង​ចិត្ត ដែល​ជា​​ចំណុច​ល្អ និង​ជា​ឱសថ​ទិព្វ​ឆក់​យក​បេះដូង​ប្រុស​ៗ​ឲ្យ​លង់​ស្រឡាញ់។ នាង​តែងតែ​មាន​ការ​អត់​អោន​ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ សូម្បី​តែ​របៀប​លេង​ខ្លួន​ក៏​សមសួន មិន​មែន​ចេះ​តែ​ដាក់​អំពើ​ចិត្ត។ ​ខុស​ពី​នារី​ក្មេង​ៗ កំពុង​ពេញ​កម្លាំង​ខ្លះ ​ចូលចិត្ត​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង មិន​សូវ​ខ្វល់​ច្រើន ដែល​នេះ​វា​មិនមែន​ជា​អ្វី​ដែល​ប្រុស​ៗ​ចង់​បាន​ទេ។

៥. មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​សន្ទនា

រូបតំណាង

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា នារី​ចំណាស់​មាន​វ័យ ចាប់​ពី​៣០​ជាង​ឡើង គឺ​មាន​ភាព​វៃ​ឆ្លាត និង​យល់ដឹង​ស៊ី​ជម្រៅ​ពី​ជីវិត។ វ័យ​នេះ ​ស្ត្រី​បាន​រៀន​សូត្រ​ច្រើន​គួរសម បូករួម​បទពិសោធន៍​សឹង​តែ​ពាក់​កណ្ដាល​ជីវិត ដូច្នេះ​នាង​ល្មម​អាច​មាន​ចំណេះដឹង​ទូទៅ​ខ្ពស់ ងាយ​យល់​សាច់ការ និង​ជា​ដៃគូ​សន្ទនា​ដ៏​ល្អ សម្បូរ​​បែប មិន​ថា​រឿង​ទាក់ទង​នឹង៖ បរិស្ថាន​ សហគមន៍​ ការ​ធ្វើដំណើរ​ ឬ​ព័ត៌មាន​នានា​នោះ​ទេ។

នារី​ចំណាស់ ​តែង​មាន​គំនិត​វិជ្ជមាន​ និង​​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​មួយ ប្រកប​ដោយ​ហេតុផល​សមស្រប ដែល​នេះ​ជា​ចំណុច​ដ៏​ទាក់ទាញ​ចំពោះ​បុរស ចង់​ជជែក​ជាមួយ។

៦. មិន​ធេងធោង​រឿងលុយ​កាក់

នាង​មាន​លំនឹង​លុយ​កាក់ នេះ​ជា​រឿង​សំខាន់​បំផុត​ដែល​ប្រុស​ៗ ស្រឡាញ់​នារី​ចំណាស់ គឺ​មិន​ខុស! ​នាង​ពូកែ​ចាត់ចែងលុយ​កាក់ នារី​វ័យ​នេះ តែង​មាន​អាជីព​ការងារ​ល្អ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​សមត្ថភាព និង​លំនឹង​រឿង​ហិរញ្ញវត្ថុ និយាយ​រួម​នាង​អាច​ចិញ្ចឹម​ខ្លួនឯង​បាន។

រូបតំណាង

ប្រុសៗ មិន​សូវ​មាន​បន្ទុក​រឿង​​ចិញ្ចឹម​គេ​រស់ ឬ​មិន​រស់ មាន​ន័យ​ថា បើ​សម្រេច​ចិត្ត​ចាប់​ដៃ​គ្នា គឺ​ត្រៀម​តែ​មាន​បាន សប្បាយ​ចិត្ត ដូច​ពាក្យ​ខ្មែរ​យើង​និយាយ​ថា យក​ប្រពន្ធ​ចាស់​ជាង​ខ្លួន​ទៅ គឺ​ច្រើន​តែ​សំណាង​នោះ​ឯង។

៧. ម្ចាស់ការ​លើ​ខ្លួន​ឯង

រូបតំណាង

រាប់​ពី​ចំណុច​ល្អ​ៗ​តាំង​ពី​ខាង​លើមក នារី​ចំណាស់ គឺ​ពិត​ជា​នារី​រឹងមាំ ដូច្នេះ​បុរស​បើ​បាន​ជា​គូ ហើយ គឺ​មិន​សូវ​ហត់​រឿង​តាម​ថែ​ទាំ​នាង។ នាង​មាន​ឯករាជ្យ​ភាព​រឿង​លុយ​កាក់​ទៅ​ហើយ តើ​ចាំ​បាច់​អី​ឲ្យ​គូស្នេហ៍​ទៅ​ហត់​រឿង​មើល​ថែ ឬ​យក​ចិត្ត​យក​ថ្លើម​ ដូច​កូន​ក្មេង​នោះ? ចម្លើយ គឺ​ពិត​ជា​មិន​ចាំបាច់​ទេ នាង​អាច​ម្ចាស់ការ​លើ​ខ្លួនឯង​បាន​យ៉ាង​ល្អ។

៨. ប្រៀប​ដូច​អ្នក​ម្ដាយ

តាម​លក្ខណៈ​ធម្មជាតិ ស្ត្រី​តែង​មាន​ភាព​ចាស់ទុំ​ជាង​បុរស​បាត់​ទៅ​ហើយ បើ​ទោះ​បី​មាន​វ័យ​ស្រករ​គ្នា​ក៏​ពិតមែន។ ចំណែក​បុរស​ទោះ​មាន​អាយុ​តិច ឬ​ច្រើន​ប៉ុនណា គឺ​ហាក់​នៅ​ក្មេង ចង់​ឲ្យ​មាន​អ្នក​ថែ ឬ​អ្នក​យក​ចិត្ត​ច្រើន។

រូបតំណាង

មិន​ខុស​ទេ តម្រូវ​ការ​នេះ បើ​ងាក​មក​នារី​ចំណាស់ ដូច​និយាយ​តាំង​ខាង​លើ​មក គឺ​នាង​បាន​ធំធាត់​ឡើង​មក​ជាមួយ​ភាព​ចាស់ទុំ គួប​ផ្សំ​នឹង​អាយុ​មិន​តិច​ផង គឺ​នាង​មាន​សមត្ថភាព​ទ្វេដង ដើម្បី​មើល​ថែ​អ្នក​ដូច​កូន​ ពោរពេញ​​ដោយ​ក្ដី​ស្រឡាញ់​បាន​យ៉ាង​ល្អ និង​ប្រកប​ដោយ​ការទទួលខុសត្រូវ។

៩. នាង​ជា​ចុងភៅ​ដ៏​ចំណាន

រូបតំណាង

ក្រៅ​ពី​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​ម្នាក់ ស្នេហា​ខុស​ជំនាន់​ជាមួយ​ស្ត្រី​ចំណាស់​ក៏​មាន​គុណសម្បត្តិ​ល្អ​មួយ​ទៀត គឺ​នាង​មាន​ភាព​ស្ទាត់ជំនាញ​ខាង​ចម្អិន​ម្ហូប​អាហារ​ជា​ច្រើន​មុខ ប្លែកៗ និង​រសជាតិ​ឆ្ងាញ់។ ខុស​ពី​ស្នេហា​នារី​ក្មេង​ៗ បទ​ពិសោធន៍​ជីវិត និង​អាយុ​នៅ​តិច ដូច្នេះ​មិន​ចម្លែក​ទេ គឺ​នាង​ចូលចិត្ត​ញ៉ាំ​អី​តាម​ហាង​ខាង​ក្រៅ​បែប​ក្មេង​និយម។

រូបតំណាង

​អ្នក​ខ្លះ​គឺ​មិន​ចេះ​ធ្វើម្ហូប ឬ​ចេះ​ធ្វើ​ខ្លះ​តាម​ទម្លាប់​ ឬ​ចេះតែ​ម្ហូប​ណា​ដែល​ខ្លួន​ចូលចិត្ត។ ស្រួល​ៗ​មិន​ស្រួល នារី​ក្មេង​ៗ​ខ្លះ ចង់​ឲ្យ​ប្រុសៗ ​ធ្វើ​ជា​ចុងភៅ​ដាំ​ស្ល ​ផង​ក៏​ថា​បាន។

រូបតំណាង

ចំណែក​នារី​ចំណាស់ ចូលចិត្ត​ធ្វើ​អាហារ​គ្រប់​យ៉ាង​នៅ​ផ្ទះ​ វា​ពិត​ហត់​មែន និង​ស៊ី​ពេល​មែន តែ​នាង​យល់​ថា​វា​ល្អ និង​ដើម្បី​ជា​ឱកាស​ជួបជុំ​ក្រុម​គ្រួសារ។ នេះ​ហើយ ជា​រឿង​ដែល​ប្រុសៗ ចូលចិត្ត​បំផុត។

ប្រភព៖ Brightside ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់