• 2023-08-24 10:52:01
  • ព័ត៌មាន

មន្ទីរពេទ្យអន្តរជាតិអរៀនដា ព្រមព្រៀង​ផ្ដល់​ជូន​លក្ខខណ្ឌពិសេស ដល់​និយ័តករមូលបត្រកម្ពុជា

  • 2023-08-24 10:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យ​អន្តរជាតិ អរៀនដា ដែល​ជា​មន្ទីរ​ពេទ្យ​ឯកជន​ដ៏​ធំ​មួយ​នៅ​កម្ពុជា និង​និយ័តករមូលបត្រកម្ពុជា បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា។

ពិធី​នេះ ប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និង ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ត្រីនិយ័តករមូលបត្រកម្ពុជា និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា ។

ក្នុង​មតិស្វាគមន៍​ក្នុង​ឱកាស​នេះ ឧកញ៉ា គួន ធីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មន្ទីរ​ពេទ្យ អរៀនដា បាន​ឲ្យ​ដឹង "មន្ទីរពេទ្យអន្តរជាតិអរៀនដា យើងខ្ញុំ​ផ្តល់​ការពិគ្រោះ​ ​និង​ព្យាបាល​ទៅលើ​ផ្នែក​ជាច្រើន​ដូចជា៖ ​ផ្នែកជំងឺលំបាកមានកូន ​​សម្ភ​ព ​រោគស្ត្រី កុមារ​ ​ ជំងឺ​ទូទៅ​ ជំងឺទឹកនោមផ្អែម ជំងឺសើស្បែក ជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ ផ្នែកជំងឺធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ២៤ ម៉ោង និងសេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែក មួយទៀតដែលជាផ្នែកថ្មី និងដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា គឺផ្នែកប្រឆាំងភាពចាស់ ដែលយើងខ្ញុំមានក្រុមគ្រូពេទ្យជំនាញ មកពីបរទេស ដែលនឹងធ្វើការស្វែងរកភាពមិនប្រក្រតី និងអតុល្យភាពក្នុងរាងកាយអ្នកជំងឺ បន្ទាប់មកគ្រូពេទ្យនឹងរៀបចំវីតាមីនទៅតាមអាការៈអ្នកជំងឺ ដើម្បីអោយអ្នកជំងឺមានសុខភាពល្អទប់ស្កាត់ជំងឺ និងកាត់បន្ថយភាពចាស់។”

ឧកញ៉ា គួន ធីតា បានបញ្ជាក់បន្ថែមថា “ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា យើងមានបន្ទប់សម្រាកសរុបចំនួន ១១១បន្ទប់។ ហើយអាគារនៃមន្ទីរពេទ្យ អន្តរជាតិអរៀនដា បានសាងសង់ឡើងស្របតាមរចនាបទតាមបែបអាផាតមិន ដើម្បីផ្តល់ជូនអតិថិជនដែលមកពិនិត្យ ព្យាបាល និងសម្រាកមានអារម្មណ៍កក់ក្តៅ ផាសុកភាព ប្រៀបដូចជាកំពុងសម្រាកនៅផ្ទះរបស់ខ្លួនអញ្ចឹង ។ ចំណែកឯ តម្លៃនៃការសម្រាលកូនដោយធម្មជាតិ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដាយើងខ្ញុំគឺមានតម្លៃចាប់ពី ១០៩៩ដុល្លារតែប៉ុណ្ណោះ ដែលអតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុខភាព ដែលមានវេជ្ជបណ្ឌិតឯកទេសនិងគិលានុបដ្ឋាយិកាជំនាញចូលរួមសម្រាលកូនរហូតដល់០៩នាក់ហើយអតិថិជន និងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ,កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ រាល់ពេលដែលអតិថិជនជាវកញ្ចប់សម្រាលនេះ។”

ចំពោះតម្លៃសេវាកម្មនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា! ឧកញ៉ា គួន ធីតា បានឆ្លើយតបអោយបងប្អូនប្រជាពលរដ្ឋដឹងដោយបញ្ជក់ច្បាស់ៗថា៖ ពិតប្រាកដណាស់ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យឯកជនធំមួយក្នុងចំណោមមន្ទីរពេទ្យផ្សេងៗ ដែលមានស្តង់ដាអន្តរជាតិពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះតម្លៃបើធៀបទៅនឹងមន្ទីរពេទ្យគូប្រកួតប្រជែង ឬក៏មន្ទីរពេទ្យនៅប្រទេសជិតខាង ខ្ញុំអាចធានាបាន ថា នៅទីនេះ តម្លៃរបស់យើងគឺ សមរម្យជាងគេបំផុត សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ដូចដែលខ្ញុំបានបញ្ជាក់ខាងលើគឺយើងចង់អោយប្រជាពលរដ្ឋទទួលបានសេវាកម្មដែលមានស្តង់ដារអន្តរជាតិនៅក្នុងស្រុកដោយមិនចាំបាច់ ចំណាយច្រើនក្នុងការចេញទៅក្រៅប្រទេស គឺ អាចទទួលយកសេវាកម្មមួយដ៍ល្អ មានសុវត្ថិភាព និងទំនុកចិត្តនៅទីនេះដោយផ្ទាល់។​ នាងខ្ញុំមានចក្ចុវិស័យដែលចង់អោយប្រជាជនខ្មែរទទួលបានសេវាកម្មដែលមានស្តង់ដាអន្តរជាតិ ដោយមិនចាំបាច់ ចំណាយច្រើនទៅក្រៅប្រទេសដើម្បីទទួលការព្យាបាល។

ជាពិសេសពីថ្ងៃនេះរហូតដល់ចុងខែសីហានេះ ចំពោះសេវាកម្មពិនិត្យសុខភាពទូទៅ យើងកំពុងមានការផ្តល់ជូនការបញ្ចុះតម្លៃពិសេស ៥០% ដោយ អតិថិជនចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់២៧មុខងារ នៃសារពាង្គកាយ និងជួបពិគ្រោះសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ ហើយការបកប្រែលទ្ធផលថតគឺធ្វើឡើងនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ក៏បានមានមតិសំណេះសំណាល និងលើកឡើងថា ឯកឧត្តម ពិតជាមានសេចក្តីសោមន្សរីករាយណាស់ ក្នុងការសហការជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដានា​ពេល​នេះ​ដែលជាមន្ទីរពេទ្យឯកជនដ៏ធំមួយមានស្តង់ដារអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា​ ដែល​នេះ គឺ​ជា​ការ​បើក​ផ្លូវ​​ឲ្យ​មន្ត្រី​និយ័តករ​កម្ពុជា មន្រ្ដីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ទាំងអស់ ទទួល​បាន​សេវា​ថែ​ទាំង​សុខភាព​មួយ​ដែល​គុណភាព និង​លក្ខខណ្ឌ​ពិសេស​ថែម​ទៀត។

តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​ពីរ គឺ​មន្ទីរ​ពេទ្យ អរៀនដា យល់​ព្រម​ផ្ដល់​ជូន​ពិសេស​ដល់​និយ័តករ​កម្ពុជា​នូវ​យន្តការ​ថែ​ទាំង​សុខភាព​បញ្ចុះ​តម្លៃ ៥០% លើ​ការ​ពិនិត្យ​សុខភាព​សម្រាប់​កញ្ចប់​ស្តង់ដារ កញ្ចប់​លម្អិត និង​កញ្ចប់​ពិស្ដារ​សម្រាប់​មនុស្ស​ពេញ​វ័យ និង​កុមារ​ផង​ដែរ។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ការ​បញ្ចុះ ២០% ថែម​ទៀត​លើ​សេវា និង​ការ​ពិនិត្យ​ព្យាបាល​គ្រប់​សេវាកម្ម​របស់​មន្ទីរ​ពេទ្យ។ ចំណុច​នេះ ឯកឧត្តម ស៊ូ សុជាតិ លើក​ឡើង​ថា នេះ​គឺ​ជា​ការ​បោះមួយ​ជំហាន​ទៀត​លើ​ការ​គាំទ្រ​សុខភាព​របស់​មន្ត្រី និង​ថ្នាក់​ដឹកនាំ​និយ័តករ​កម្ពុជា​ទាំង​មូល។

ឯកឧត្តម បន្ត​ទៀត​ថា លើ​លោក​នេះ​គ្មាន​អ្វី​សំខាន់​ជាង​សុខភាព​នោះ​ទេ ក្រុមហ៊ុន​មួយ ប្រសិន​បើ​បុគ្គលិក និង​ថ្នាក់​ដឹកនាំ​មាន​បញ្ហា​សុខភាព ក្រុម​ហ៊ុន​នោះ​នឹង​មិន​អាច​វិវត្ត​ទៅ​មុខ​ជា​វិជ្ជមាន​នោះ​ដែរ។ ដូច្នេះ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ជាមួយ អរៀនដា នា​ពេល​នេះ ឯកឧត្តម​ថា គឺ​ជា​លើក​ទឺក​ចិត្ត​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​មន្ត្រី​ទាំង​អស់។ ក្នុង​ន័យ​នេះ ឯកឧត្តម​លើក​ទឹក​ចិត្ត​មន្ត្រី​ទាំង​នៃ​និយ័តករ​កម្ពុជា មន្រ្ដីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ទាំងអស់ ប្រើ​យន្តការ​នៃ​ការ​បង្ការ​សុខ​ភាព ជា​ជាង​ការ​ព្យាបាល តាម​រយៈ​កិច្ច​ព្រមពៀង​ទទួល​យក​ការ​ផ្ដល់​ជូន​ពិសេស​ពី អរៀនដា។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ាប្រធានក្រុមប្រឹក្សានៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ​ អរៀនដា ដែលបានផ្តល់កញ្ចប់លើសេវាសុខភាព ជូនថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា មន្ត្រី និងសូមជូនពរជួបតែ វិបុលសុខ និងសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

មតិយោបល់