
- 2017-02-09 08:33:29
- ការអប់រំ
វិធីសាស្ត្ររៀបចំផែនការជីវិតដើម្បីក្លាយជាមនុស្សជោគជ័យ មុនអាយុ២៥ឆ្នាំ
- 2017-02-09 08:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្ររៀបចំផែនការជីវិតដើម្បីក្លាយជាមនុស្សជោគជ័យ មុនអាយុ២៥ឆ្នាំ
ចន្លោះមិនឃើញ
ដើម្បីឱ្យជីវិតទទួលបានជោគជ័យទាំងវ័យក្មេង មិនមែនជារឿងងាយស្រួលនោះឡើយ។ តើមានវិធីសាស្ត្រ ឬគន្លឹះអ្វីខ្លះ? ទើបក្លាយជាបុគ្គលជោគជ័យមួយរូបទាំងវ័យក្មេង? ខាងក្រោមនេះ ជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ពីនិស្សិត ប្រាក់ មុនីលក្ខ ដែលទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញអប់រំ មកពីប្រទេសអង់គ្លេស ហើយបច្ចុប្បន្ននេះជាបុគ្គលិកក្នុងស្ថាប័នរដ្ឋមួយកន្លែង។ វិធីសាស្ត្រទាំងនោះមានដូចជា៖
១.កត្តាខ្លួនឯង
កញ្ញា ប្រាក់ មុនីលក្ខ និយាយថា ដើម្បីក្លាយជាបុគ្គលជោគជ័យជំហានដំបូងគឺត្រូវចាប់ផ្ដើមពីខ្លួនឯងជាមុនសិន ក្នុងនោះមានចំណុចសំខាន់ដូចជា៖
បណ្ដុះខ្លួនឯង៖ ត្រង់ចំណុចនេះមានន័យថា ត្រូវបណ្ដុះគំនិតខ្លួនឯងជាមុនសិន។ ការបណ្ដុះខ្លួនឯងនេះរាប់បញ្ចូលទាំងការចង់ចេះ ចង់ដឹង ចង់ឮ ចង់ក្លាយជាមនុស្សជោគជ័យគឺត្រូវកើតចេញពីចិត្តខ្លួនឯង។
កំណត់គោលដៅ៖ ត្រូវកំណត់គោលដៅឱ្យជាក់លាក់ និងប្រាកដប្រជាថាចង់ក្លាយជាអ្វី ហើយសមត្ថភាព ឬអំណោយផលពីធម្មជាតិអាចធ្វើអ្វីបាន។ ដូច្នេះត្រូវកំណត់គោលដៅនោះឱ្យស្របទៅតាមអ្វីដែលខ្លួនឯងមាន។
វិភាគស្ថានភាពជុំវិញខ្លួន៖ ទន្ទឹមនឹងកំណត់គោលដៅហើយ ត្រូវវិភាគមើលទៀតថា តើកាលៈទេសៈបច្ចុប្បន្នគោលដៅដែលកំណត់នោះអាចទៅរួចដែរឬទេ? បន្ទាប់មកត្រូវរកដំណោះស្រាយឧបសគ្គជុំវិញខ្លួនរួចបន្តជំហានទៅមុខទៀត។
យល់ច្បាស់ពីតម្រូវការក្នុងសង្គម៖ ត្រង់ចំណុចនេះមានន័យថា តើគួរធ្វើខ្លួនបែបណាទើបក្លាយជាបុគ្គលដែលគេឱ្យតម្លៃបំផុតនៅក្នុងសង្គម ក្នុងនោះរួមមាន សីលធម៌ ចំណេះដឹង ជាដើម។
២. កត្តាគ្រួសារ
ក្រៅពីកត្តាខ្លួនឯងហើយ និស្សិតទើបបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញអប់រំ មកពីប្រទេសអង់គ្លេសរូបនេះប្រាប់ថា កត្តាគ្រួសារក៏មានសំខាន់ដើម្បីឱ្យមនុស្សម្នាក់ទទួលបានជោគជ័យក្នុងជីវិត។ ក្នុងនោះមានដូចជា ការបណ្ដុះពីឪពុកម្ដាយតាមរយៈការបណ្ដុះកូនឱ្យមានទម្លាប់អាន បណ្ដុះឱ្យកូនមានគំនិតចេះសម្លឹងទៅថ្ងៃអនាគត។ ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ បរិយាកាសក្នុងគ្រួសារត្រូវមានសុភមង្គល ពុំមានការប្រើអំពើហិង្សាដែលធ្វើឱ្យប៉ះពាល់អារម្មណ៍កូន និងចំណុចចុងក្រោយនោះគឺការជំរុញលើកទឹកចិត្តឱ្យកូនប្រើប្រាស់នូវរាល់សមត្ថភាពដែលកូនមាន។
៣. កត្តាសង្គម
យុវតីវ័យក្មេង កញ្ញា ប្រាក់ មុនីលក្ខ បន្តទៀតថាក្រៅចំណុចពីរសំខាន់ៗខាងលើ វិធីសាស្ត្រដើម្បីក្លាយជាបុគ្គលជោគជ័យនោះ នៅមានកត្តាសង្គមមួយទៀត ក្នុងនោះរួមមាន៖
សិក្សាពីបុគ្គលជោគជ័យ៖ ត្រូវសិក្សាពីបុគ្គលជោគជ័យ ដូចជាមហាសេដ្ឋីល្បីៗលើពិភពលោកជាដើម ដើម្បីរៀនសូត្រតាមបុគ្គលនោះ ថាតើគេធ្វើដូចម្ដេចទើបជោគជ័យ។
ការសិក្សាស្រាវជ្រាវ៖ ការសិក្សាមិនមែនត្រឹមតែក្នុងសាលាទេ គឺត្រូវស្រាវជ្រាវដោយខ្លួនឯង មិនថាជាចំណេះដឹង ទ្រឹស្ដីបុគ្គលជោគជ័យ។ល។
ការតាមដានព័ត៌មាន៖ ចំណុចនេះអាចនិយាយបានថា ជាចំណុចចុងក្រោយបំផុត នៅពេលដែលគិតថាខ្លួនឯង មានសមត្ថភាពគ្រប់គ្រាន់ហើយនោះ គឺត្រូវចេះតាមដានព័ត៌មានដូចជាដំណឹងអាហារូបករណ៍ ការជ្រើសរើសបុគ្គលិកក្នុងស្ថាប័នធំៗ និងព័ត៌មានផ្សេងទៀតដែលគិតថាអាចធ្វើឱ្យជីវិតទទួលបានជោគជ័យ គឺត្រូវចាប់យកឱកាសនោះ៕